(ភ្នំពេញ)៖ លោក ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ផ្អែកតាមគោលនយោបាយរបស់រាជដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានចក្ខុវិស័យ កសិកម្ម គឺបន្តធានាសន្តិសុខស្បៀងកម្ពុជា ភាពប្រកួតប្រជែង ប្រកបដោយនិរន្តរភាព ហើយវិស័យកសិកម្មនៅតែរួមចំណែកយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចជាតិ។
ការបញ្ជាក់បែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោករដ្ឋលេខាធិការ អញ្ជើញជាអធិបតីនៅក្នុងកម្មវិធី «ពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១ និងកសិកម្ម» នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤នេះ នៅផ្សាររាត្រីសាន់សាញ បឹងកក់។
ក្នុងឱកាសនេះដែរ លោក ឃុន សាវឿន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យកសិកម្ម គឺជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យដ៏ទៃទៀត ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ។ រាជរដ្ឋាភិបាលមានចក្ខុវិស័យ វែងឆ្ងាយក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេស ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោករដ្ឋលេខាធិការ បានបន្ដថា ដើម្បីជំរុញ និងលើកកម្ពស់អភិវឌ្ឍន៍វិស័យកសិកម្មតាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយអាទិភាពទី៥ និងទី៦ គឺ៖
ការលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល តាមរយៈកម្មវិធីហិរញ្ញប្បទាន, ការដាក់ពង្រាយមន្ត្រីឃុំ-សង្កាត់, ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។
លោក ឃុន សាវឿន បានបន្ដទៀតថា ផ្អែកតាមគោលនយោបាយរបស់រាជដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានចក្ខុវិស័យ កសិកម្ម គឺបន្តធានាសន្តិសុខស្បៀងកម្ពុជា ភាពប្រកួតប្រជែង ប្រកបដោយនិរន្តរភាព ហើយវិស័យកសិកម្មនៅតែរួមចំណែកយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចជាតិ។ ក្នុងន័យនេះគោលនយោបាយកសិកម្មគឺ៖ ទី១៖ កសិករមានហូប ទី២៖ មានប្រើ ទី៣៖ មានបាន និងទី៤៖មានរហូត។ មានហូប គឺសំដៅទៅលើសន្តិសុខស្បៀង មានប្រើសំដៅដល់ការកាត់បន្ថយការនាំចូល ព្រោះក្នុងស្រុកមានវត្ថុធាតុដើមជាច្រើនដែលអាចយកមកផលិតបានដោយពុំបាច់ នាំចូលដូចជា ការផលិតជីសរីរាង្គ និងការផលិតសំបករថយន្តពីជ័រកៅស៊ូ-ល- និយាយជារួម និងនិយាយដោយឡែក ត្រីដែលយើងបានចិញ្ចឹម អាចកែច្នៃទៅជាត្រីងៀត ត្រីផ្អក ត្រីប្រាហើម ត្រីហ្វេឡេ-ល-មានបាន ជាគោលនយោបាយសំខាន់ថ្មីមួយ គឺសហគមន៍កសិកម្មទំនើប មានមហិច្ឆតាធ្វើឲ្យកសិករកម្ពុជាមានចំណូលមធ្យមកម្រិត ខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាកសិករមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ និងមានរហូត គឺផ្តោតទៅលើការងារ អភិរក្ស ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចង់បានការអភិវឌ្ឍដែលមាននិរន្តរភាព។
លោកបានបន្តថា ធនធានជលផលជាពិសេស ត្រី ពិតជាមានសារសំខាន់សម្រាប់ជាម្ហូបអាហារទ្រទ្រង់សុខភាពប្រចាំថ្ងៃ របស់ប្រជាជន។ ត្រី ជាម្ហូបអាហារសម្បូរប្រូតេអ៊ីនល្អ និងអូមេហ្កា៣ និង៦ជួយប្រព័ន្ធរំលាយអាហារជួយកាត់បន្ថយ កូឡេសស្តូរ៉ូល (Cholesterol) ហូបច្រើនចម្រើនដល់សុខភាព បើហូបត្រីមានគុណភាព មិនខ្វល់នឹងឈឺឡើយ ហើយក៏ជាមុខរបរសម្រាប់ប្រជានេសាទប្រកបមុខរបរចិញ្ចឹមជីវិត និងអាស្រ័យផលសម្រាប់បង្កើនប្រាក់ចំណូល ក្នុងគ្រួសារផងដែរ។ ប្រទេសកម្ពុជា មានភាពល្បីល្បាញចំពោះពូជ និងគុណភាពត្រី និងជាប្រទេសដែលមានការ បរិភោគត្រីច្រើនជាងគេនៅក្នុងតំបន់។ កម្ពុជា មានភូមិសាស្ត្រអំណោយផលការធ្វើវារីវប្បកម្ម ដោយសារអាកាសធាតុ អំណោយផលនិងសម្បូរធនធានទឹក។
ជាថ្មីម្តងទៀត លោក ឃុន សាវឿន បានជឿជាក់ថា ការខិតខំប្រឹងប្រែងរបស់យើងតាមរយៈការរៀបចំពិព័រណ៍វារីវប្បកម្មនេះ នឹងធ្វើឱ្យអនុវិស័យវារីវប្បកម្ម មានការវិវដ្ត និងកាន់តែរីកចម្រើនបន្ថែមទៀតហើយជួយចូលរួមចំណែកជំរុញកំណើន សេដ្ឋកិច្ចជាតិនិងជីវភាពប្រជាជន តាមរយៈការនាំចេញផលផលិតផលវារីវប្បកម្ម ទៅកាន់ប្រទេសក្នុងតំបន់ និងអន្តរជាតិជាពិសេសទីផ្សារអឺរ៉ុប។
សូមជម្រាបដែរថា «ពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១» មានគោលបំណងដើម្បីផ្សព្វផ្សាយគុណភាព និងការអភិវឌ្ឍវារីវារីវប្បកម្មមានរួមមាន៖
បង្កើនការយល់ដឹងឱ្យបានទូលំទូលាយអំពីអនុវិស័យវារីវប្បកម្មនៅកម្ពុជា,ពិព័រណ៍វារីវប្បកម្មនឹងក្លាយជាវេទិការបង្ហាញអំពីការដាក់តាំងបង្ហាញនិងលក់ផលិតផលស្រស់ៗ និង កែច្នៃដែលបានមកពីអនុវិស័យវារីវប្បកម្មជូនសាធារណៈជនបានឃើញ និងជាវ, បង្កើតឱកាសសម្រាប់អ្នកដែលមានបំណងចង់ស្វែងយល់ ឬរៀនសូត្រអំពីការចិញ្ចឹមវារីសត្វ ឬវារីរុក្ខជាតិនិងការកែច្នៃ, បង្កើនទីផ្សារលក់ផលិតផលបានមកពីវារីវប្បកម្មកម្ពុជា, បង្ហាញអំពីអ្នកជោគជ័យប្រកបអាជីវកម្មលើអនុវិស័យវារីវប្បកម្ម, កែប្រែទស្សនៈអ្នកបរិភោគផលិតផលមកពីវារីវប្បកម្ម ដែលតែងគិតថាមិនមានសុវត្ថិភាព និងគ្មាន អនាម័យ និងបំផុសចលនាសាធារណៈជនអោយចូលរួមផុសផុលក្នុងការគាំទ្រផលិតផលវារីវប្បកម្មក្នុងស្រុក៕