(បាងកក)៖ យោងតាមព័ត៌មានផ្លូវការដែលសារព័ត៌មានថៃ The Nations សារព័ត៌មាន BBC និងសារព័ត៌មាន CNN ចេញផ្សាយនៅមុននេះបន្តិច នាព្រលប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ដែលទទួលបានពីការិយាល័យនៃព្រះបរមរាជវាំងថៃ បានឲ្យដឹងថា ព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត បានសោយទិវង្គតហើយ នៅម៉ោង៣៖៥២នាទីរសៀលថ្ងៃនេះ ហើយព័ត៌មាននៃការសោយទិវង្គតជាផ្លូវការនេះ បានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីពាក្យចចាមអារ៉ាមថា មហាក្សត្រដែលបានសោយរាជ្យយូរជាងគេលើលោកនេះ បានទទួលមរណភាព និងបានបង្កភាពរង្គោះរង្គើយ៉ាងខ្លាំងក្នុងសង្គមថៃ។
សូមជំរាបថា បើតាមរបាយការណ៍ពីការិយាល័យរាជវាំង បានឲ្យដឹងនៅយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ថា ព្រះអង្គ Bhumibol Adulyadej ដែលមានព្រះជន្ម ៨៨ព្រះវស្សា កំពុងស្ថិតស្ថានភាពគ្មានលំនឹងនៅឡើយ ដោយសម្ពាធឈាមរបស់ព្រះអង្គ បន្តធា្លក់ចុះនៅថ្ងៃអង្គារនេះ, ជីបចររបស់ព្រះអង្គ ដើរកាន់តែលឿនជាងមុន ហើយឈាមរបស់ព្រះអង្គ មានជាតិអាស៊ីតកាន់តែច្រើនឡើង។ ព្រះកាយរបស់ព្រះអង្គមានផ្ទុកវីរ៉ុស ហើយមុខងារថ្លើមរបស់ព្រះអង្គ មិនមានភាពប្រក្រតីនោះទេ៕