(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា សន្ដិភាពពេញលេញរបស់កម្ពុជា ទើបមានអាយុជិត២៦ឆ្នាំប៉ុណ្ណោះ ប៉ុន្ដែជាសន្ដិភាពដែលវែងជាងគេក្នុងប្រវត្តិសាស្ដ្ររបស់កម្ពុជា ក្នុងរយៈកាលជិត៥០០ឆ្នាំចុងក្រោយនេះ។
ការលើកឡើងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតីបើកសន្និបាតលើកទី២០ របស់អង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាម តំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ហៅកាត់ថា RISEAP នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤នេះ នៅសណ្ឋាគារសុខាភ្នំពេញ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «សន្តិភាពពេញលេញរបស់កម្ពុជា ទើបតែមានអាយុកាលជិត២៦ឆ្នាំប៉ុណ្ណោះ ប៉ុន្តែនេះគឺជាសន្តិភាពដែលមានរយៈពេលវែងជាងគេ នៅក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា ក្នុងរយៈកាលយ៉ាងហោចណាស់៥០០ឆ្នាំចុងក្រោយនេះ»។
សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រាប់ទៅកាន់វេទិកាដែលមានមិត្តបរទេសចូលរួមដែរនោះថា ថ្ងៃទី២៩ ខែធ្នូខាងមុខនេះ ជាបង្គោលចរប្រវត្តិសាស្ត្រដ៏សំខាន់បំផុត ដែលប្រជាជនខ្មែរគ្រប់ជាតិសាសន៍ និងសាសនា តែងតែចងចាំគឺការសម្រចបានដោយជោគជ័យនយោបាយឈ្នះឈ្នះ ដែលផ្ដួចផ្ដើម និងដឹកនាំអនុវត្តដោយ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីរបស់កម្ពុជា ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។
សម្ដេចបានបន្ដទៀតថា កាលពីចុងខែវិច្ឆិកាកន្លងទៅនេះ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំប្រជុំអន្តរជាតិជាច្រើន ដូចជា កិច្ចប្រជុំគណៈកម្មាធិការគណៈប្រត្តិបត្តិអង្គការ ប្រជាធិបតេយ្យនិយមកណ្ដាល CDI មហាសន្និបាតសន្និសិតអន្តរជាតិ នៃបណ្ដាគណបក្សនយោបាយនៅអាស៊ី ICAPP លើកទី១២ និងសម័យប្រជុំពេញអង្គលើកទី១៤ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព IPTP។ ប្រទេសជាច្រើនមកពីបណ្តាទ្វីបនានាលើពិភពលោក តែងតែបានថ្លែងការកោតសរសើរចំពោះការ ផ្លាស់ប្ដូរមុខមាត់ ស្ទើរតែមិនគួរឲ្យជឿរបស់កម្ពុជា ដែលបានជួបសោកនាដកម្មប្រវត្តិសាស្ត្រ ដែលពិបាកនឹងស្រមើស្រមៃ។
បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, បណ្តាមិត្តរបស់កម្ពុជា ក៏បានផ្តល់តម្លៃខ្ពស់ចំពោះមេរៀន ការកសាងសន្តិភាព បង្រួបបង្រួមជាតិ និងភាពអត់ឱនរបស់កម្ពុជា ហើយនៅក្នុងនោះ មិត្តរបស់កម្ពុជាក៏បានកត់សម្គាល់ពីភាពលេចធ្លោរបស់កម្ពុជា ក្នុងទិដ្ឋភាពសុខដុមនីយកម្មសាសនា ទោះបីជាកម្ពុជាកំណត់យកពុទ្ធសាសនាជា សាសនារបស់រដ្ឋក៏ដោយ។
បច្ចុប្បន្ននេះ ក្រោមម្លប់ដ៏សែនត្រជាក់នៃសន្តិភាព កម្ពុជាស្ទើរតែមិនដែលឮទាល់តែសោះ អំពីជម្លោះសាសនា។ សម្រាប់កម្ពុជា សហគមន៍ខ្មែរឥស្លាម ដែលជាសហគមន៍ជនជាតិភាគតិច តែងតែទទួលបានការលើកកម្ពស់ និងការយកចិត្តទុកដាក់តាំងពីដើមរៀងមក។ នេះជាអ្វីដែលសម្ដេចធិបតីនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់៕