(ភ្នំពេញ)៖ អង្គការ អេដ អេ អាកស្យុង (Aide et Action SEA-Cambodia) ដែលជាអង្គការដ៏សំខាន់ក្នុងការជួយបណ្ដុះបណ្ដាល ជួយទុនហិរញ្ញវត្ថុ និងបច្ចេកទេសជូនដល់សហគមន៍ជាច្រើននៅកម្ពុជានោះ បានជួយសម្រួលមធ្យោបាយ និងនាំយកផលិតផលវារីប្បកម្មរបស់សហគមន៍នេសាទ នៅតំបន់មាត់សមុទ្រ មកតាំងពិព័រណ៍បង្ហាញនិងលក់ជូនប្រជាពលរដ្ឋ នាឱកាសពិព័រណ៍វារីវប្បកម្មលើកទី១ នៅរាជធានីភ្នំពេញ។

សូមជម្រាបថា ពិព័រណ៍វារីវប្បកម្មលើកទី១ បាននិងកំពុងធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ២០២៤ នៅផ្សាររាត្រី Sunshine Family Park នាតំបន់បឹងកក់ រាជធានីភ្នំពេញ ដែលរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីបង្កើនការយល់ដឹងជាសាធារណៈអំពីគុណភាពត្រីចិញ្ចឹមរបស់កម្ពុជា និងលើកកម្ពស់ ការយល់ដឹងអំពីចំណី ពូជ ការផ្គត់ផ្គង់ បច្ចេកវិទ្យាថ្មីៗ ដែលប្រើប្រាស់ក្នុងវារីវប្បកម្ម ជំរុញការទំនាក់ទំនង កិច្ចសហការរវាងភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃវារីវប្បកម្ម ព្រមទាំងបង្កើតយន្តការផ្សព្វផ្សាយ ការអភិវឌ្ឍប្រព័ន្ធទីផ្សារវារីវប្បកម្មកម្ពុជា។

ក្នុងចំណោមស្ដង់ពិព័រណ៍រាប់រយស្ដង់នោះ ក៏មានស្ដង់របស់ប្រជាសហគមន៍នេសាទមកពីតំបន់ឆ្នេរសមុទ្រ នៃខេត្តទាំង៤ (កំពត កែប ព្រះសីហនុ និងកោះកុង) សរុបជិត១០សហគមន៍ ដូចជា មានសហគមន៍នេសាទត្រពាំងសង្កែ សហគមន៍នេសាទកំពង់សាមគ្គី សហគមន៍នេសាទអង្កោល សហគមន៍នេសាទកែប សហគមន៍នេសាទជ្រោយស្វាយ សហគមន៍នេសាទកោះខ្យងជាដើម។

លោក វន សំភាស់ នាយកប្រចាំប្រទេសនៃអង្គការ អេដ អេ អាកស្យុង អន្តរជាតិ បានឱ្យដឹងថា ក្នុងការតាំងបង្ហាញនិងលក់ផលិតផលវារីប្បកម្មរបស់ប្រជាសហគមន៍នេសាទមកពីតំបន់សមុទ្រនេះ មានទាំងផលិតផលវារីប្បកម្មជាគ្រឿងសមុទ្រស្រស់ៗ ដូចជា ត្រីឆ្ពង់ បង្គារ ក្ដាមថ្មជាដើម និងគ្រឿងកែច្នៃ ដូចជា បង្គារក្រៀម កាពិ ត្រងៀតជាដើម។

លោកនាយកអង្គការ អេដ អេ អាកស្យុង បានបន្តថា មុននឹងទទួលបានផលិតផលវារីវប្បកម្មទាំងនេះ គឺសហគមន៍នេសាទទាំងឡាយទទួលបានការគាំទ្រពីក្រសួងកសិកម្ម អង្គការ អាកស្យុង អង្គការ Helper អន្តរជាតិ ដែលបានគាំទ្រទៅលើការបណ្ដុះបណ្ដាលកសាងសមត្ថភាពសហគមន៍ឱ្យពួកគាត់យល់ណីសក្ដានុពលសេដ្ឋកិច្ច បរិស្ថាន អប់រំ ទឹកស្អាតជាដើម ហើយក៏មានទុនសម្រាប់ផ្ដួចផ្ដើមមុខរបរវារីវប្បកម្ម ក្ដាម បង្ការ ត្រី មាត់ ទា បន្លែងបង្ការជាច្រើនទៀត។ ពួកគាត់ខិតខំណាស់ក្នុងការប្រកបរបរក្នុងវិស័យវារីវប្បកម្មនេះ។

លោកនាយក សំភាស់ បានបន្តទៀតថា កិច្ចការនេះចាប់ផ្ដើមធ្វើតាំងពីក្រោយពេលវិបត្តិជំងឺកូវីដ១៩ និងបានពង្រីកជាបន្តបន្ទាប់។ បច្ចុប្បន្នមានកសិករគំរូមួយចំនួនដែលបានលះបង់កម្លាំងកាយ ពេលវេលា ធនធានថវិកាមួយចំនួន ដើម្បីខិតខំប្រកបរបរក្នុងវិស័យវារីវប្បកម្មនេះ ប៉ុន្តែនៅឡើយអ្នកប្រើប្រាស់ អ្នកទិញ ក៏ដូចជាប្រជាពលរដ្ឋទូទៅនៅមិនទាន់យល់ពីសារប្រយោជន៍ផលិតផលវារីវប្បកម្ម និងមិនទាន់ចូលរួមគាំទ្រផលិតផលទាំងនេះឱ្យបានផុសផុលនៅឡើយទេ ដូច្នេះព្រឹត្តិការណ៍តាំងពិព័រណ៍វារីវប្បកម្មលើកទី១នេះ ពិតជាមានសារសំខាន់ខ្លាំងសម្រាប់អ្នកផលិត អ្នកលក់និងអ្នកទិញ និងអ្នកគាំទ្រដល់ប្រជាសហគមន៍នានា។

ជាមួយគ្នានោះ លោកពូ ស៉ឹម ហ៉ីម ប្រធានសហគមន៍នេសាទត្រពាំងសង្កែ ក៏បានដឹកនាំប្រជាសហគមន៍មកពីខេត្តកំពតចូលរួមជាមួយអង្គការ អេដ អេ អាកស្យុង ក្នុងការតាំងបង្ហាញផលិតផលវារីវប្បកម្មក្នុងព្រឹត្តិការណ៍ពិព័រណ៍វារីវប្បកម្មនេះដែរ ក្នុងនោះដូចជា ត្រីឆ្ពង់ស្រស់ៗ ក្ដាមថ្ម និងផលិតផលកែច្នៃមួយចំនួនទៀត។

លោកប្រធានសហគមន៍បានលើកឡើងពីការយកចិត្តទុកដាក់ផ្នែកអនាម័យ បរិស្ថាន និងធម្មជាតិក្នុងការចិញ្ចឹមត្រីឆ្ពង់នេះ ពោលគឺធានាសុខភាពជូនអ្នកបរិភោគ។ ប៉ុន្តែដោយសារការងារនេះទើបតែចាប់ផ្ដើម ទើបមិនសូវមានអតិថិជន និងអ្នកគាំទ្រច្រើននៅឡើយ ដូច្នេះហើយទើបលោកអំពាវនាវដល់ប្រជាពលរដ្ឋសូមងាកមកប្រើប្រាស់ និងទទួលទានត្រីឆ្ពង់ដែលប្រជាសហគមន៍ចិញ្ចឹមប្រកបដោយអនាម័យនេះ៕

សូមទស្សនាវីដេអូសម្ភាសន៍ជាមួយលោក វន សំភាស់ នាយកប្រចាំប្រទេសនៃអង្គការ អេដ អេ អាកស្យុង អន្តរជាតិ និងលោក ស៉ឹម ហ៉ីម ប្រធានសហគមន៍នេសាទត្រពាំងសង្កែ ព្រមទាំងការបង្ហាញត្រួសៗពីការចិញ្ចឹម ការយកចិត្តទុកដាក់ផ្នែកអនាម័យ និងសារប្រយោជន៍នៃការទទួលទានត្រីឆ្ពង់៖