(ភ្នំពេញ)៖ នៅក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ លោក Shi Zhongjun អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ចិន (ASEAN-China Center) នាល្ងាចថ្ងៃសុក្រ ទី៦ ខែធ្នូ ឆ្នាំ២០២៤នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូចិនមកកាន់កម្ពុជានាពេលនេះ ដោយ លោកសង្ឃឹមថា គណៈប្រតិភូចិនដែលរួមមានទាំងតំណាងនៃស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេសជាច្រើនផ្សេងៗគ្នាមកពីប្រទេសចិនផងនោះ នឹងស្វែងយល់កាន់តែច្បាស់ពីឱកាសនៃកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថាន TVET នៅកម្ពុជា។
លោករដ្ឋមន្ត្រី ក៏បានស្នើដល់មជ្ឈមណ្ឌលអាស៊ាន-ចិន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេសរបស់ចិន ពិនិត្យមើលសក្តានុពលរបស់គ្រឹះស្ថាន TVET របស់កម្ពុជាដើម្បីសហការគ្នាក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេសរួមគ្នាតាមរយៈការផ្លាស់ប្តូរកម្មវិធីសិក្សា ការផ្លាស់ប្តូរសិក្សាស្រាវជ្រាវ ការបណ្តុះបណ្តាលបន្ថែមដល់គ្រូបច្ចេកទេសកម្ពុជា និងការបញ្ជូនគ្រូបច្ចេកទេសពីចិនមកកម្ពុជាជាដើម។ ក្នុងន័យនេះ លោករដ្ឋមន្ត្រី បានសម្លឹងឃើញថា ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ចិននៅតែមានសក្តានុពលខ្លាំងក្នុងការជួយអភិវឌ្ឍធនធានមនុស្សសម្រាប់កម្ពុជា។
ជាការឆ្លើយតប លោក Shi Zhongjun បានសម្តែងការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់លោករដ្ឋមន្ត្រីលើកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេស ក៏ដូចជាកម្មវិធីសិក្សារួមគ្នា និងការបញ្ជូនគ្រូបច្ចេកទេសពីចិនមកកម្ពុជាផងដែរ។ ទន្ទឹមនេះ ក្នុងនាមមជ្ឈមណ្ឌលអាស៊ាន-ចិន លោកសូមអញ្ជើញក្រុមការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ដើម្បីស្វែងយល់ពីឱកាសរួមគ្នាលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ៕