(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ជាតថភាពប្រវត្តិសាស្ត្រ, សម្តេចអាចនិយាយបានថា ការជំរុញសុខដុមនីយកម្មសាសនា គឺជា ឌី.អេន.អេ (DNA) របស់គណបក្សប្រជាជនកម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅព្រឹកថ្ងៃសៅរ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសន្និបាតលើកទី២០ របស់អង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាម តំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ហៅកាត់ថា RISEAP នៅសណ្ឋាគារសុខាភ្នំពេញ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា «ទាល់តែដល់ថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩, ទើបសេរីភាពជំនឿសាសនានៅកម្ពុជា ត្រូវបានស្ដារ និង សង្គ្រោះឡើងវិញ ។ ជាតថភាពប្រវត្តិសាស្ត្រ, ខ្ញុំអាចនិយាយបានថា ការជំរុញសុខដុមនីយកម្មសាសនា គឺជា ឌី.អេន.អេ (DNA) របស់គណបក្សប្រជាជនកម្ពុជា ហើយគ្រប់អាណត្តិនៃរដ្ឋាភិបាល របស់គណបក្សប្រជាជនកម្ពុជា យើងតែងតែប្រកាន់ខ្ជាប់នូវ គោលការណ៍នេះ ជានិច្ច»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏ថ្លែងថា រាជរដ្ឋាភិបាលអាណត្តិមុន, ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន បានរៀបចំឱ្យមានស្ថាប័ន កំពូលឥស្លាមគឺ គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា និង បានផ្តល់តួនាទីដល់ថ្នាក់ដឹកនាំសហគមន៍ខ្មែរឥស្លាមជាច្រើនរូប នៅក្នុងស្ថាប័នកំពូលរបស់ជាតិ និង នៅថ្នាក់ក្រោមជាតិ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «បច្ចុប្បន្ននេះ, យើងមានបងប្អូនឥស្លាមចំនួន៥រូប ជាសមាជិកព្រឹទ្ធសភា ដែលក្នុងនោះ មានស្រ្តីមួយរូបនិង ៦រូប ជាអ្នកតំណាងរាស្ត្រ ដែលក្នុងនោះក៏មានស្ត្រីមួយរូបផងដែរ»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា សេរីភាព នៃការគោរពប្រណិប័តន៍សាសនាឥស្លាម ក៏ត្រូវបានរាជរដ្ឋភិបាលបើកទូលាយ, ជាក់ស្តែង សិស្ស-និស្សិតខ្មែរឥស្លាម អាចស្លៀកសំលៀកបំពាក់ប្រពៃណីឥស្លាម នៅតាមគ្រឹះស្ថាន សិក្សាគ្រប់កម្រិត ហើយបងប្អូនជាស្រ្តីអាចទទូរក្បាល ហើយ បុរសក៏អាចពាក់មួកកាតឹបថតរូប សម្រាប់ប្រើប្រាស់លើ ឯកសាររដ្ឋបាល ដូចជាលិខិតឆ្លងដែន និង អត្តសញ្ញាណបណ្ណ។ល។ ក្រៅពីនោះ ក៏មានកន្លែងថ្វាយបង្គំ នៅតាមព្រលានយន្តហោះ, មន្ទីរពេទ្យរដ្ឋ, រោងចក្រ, សណ្ឋាគារ និង ផ្សារធំៗមួយចំនួន ជាពិសេសនៅវិមានសន្តិភាព, ទីស្ដីការគណៈរដ្ឋមន្ត្រី ក៏បានរៀបចំបន្ទប់ថ្វាយបង្គំផងដែរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា បងប្អូនឥស្លាមកាន់តែច្រើនក៏មានលទ្ធភាព និងឱកាសទៅបំពេញកាតព្វកិច្ចបុណ្យហាជ្ជ, ហើយបងប្អូនឥស្លាមខ្លះទៀត ក៏មានឱកាសចាប់ដៃគូជាមួយ វិនិយោគិនបរទេស ដើម្បីបង្កើតអាជីវកម្មនៅកម្ពុជា៕