(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានលើកឡើងថា សេរីភាព នៃការគោរពប្រណិប័តន៍សាសនាឥស្លាម ត្រូវបានរាជរដ្ឋាភិបាលបើកទូលាយ ជាក់ស្តែង សិស្ស-និស្សិតខ្មែរឥស្លាម អាចស្លៀកសំលៀកបំពាក់ប្រពៃណីឥស្លាម នៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសន្និបាតលើកទី២០ របស់អង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាម តំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ហៅកាត់ថា RISEAP នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤នេះ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «សេរីភាព នៃការគោរពប្រណិប័តន៍សាសនាឥស្លាម ក៏ត្រូវបានរាជរដ្ឋភិបាលបើកទូលាយ, ជាក់ស្តែង សិស្ស-និស្សិតខ្មែរឥស្លាម អាចស្លៀកសំលៀកបំពាក់ប្រពៃណីឥស្លាម នៅតាមគ្រឹះស្ថាន សិក្សាគ្រប់កម្រិត ហើយបងប្អូនជាស្រ្តីអាចទទូរក្បាល ហើយបុរសក៏អាចពាក់មួកកាតឹបថតរូប សម្រាប់ប្រើប្រាស់ លើឯកសាររដ្ឋបាល ដូចជាលិខិតឆ្លងដែន និង អត្តសញ្ញាណបណ្ណ -ល-»។
បន្ថែមពីនោះទៀត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រៅពីនោះ ក៏មានកន្លែងថ្វាយបង្គំ នៅតាមព្រលានយន្តហោះ, មន្ទីរពេទ្យរដ្ឋ, រោងចក្រ, សណ្ឋាគារ និង ផ្សារធំៗមួយចំនួន ជាពិសេសនៅវិមានសន្តិភាព, ទីស្ដីការគណៈរដ្ឋមន្ត្រី ក៏បានរៀបចំបន្ទប់ថ្វាយបង្គំផងដែរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ជាមួយនឹងសន្តិភាព ការជឿនលឿននៃសង្គម-សេដ្ឋកិច្ច និងទំនាក់ទំនងអន្តរជាតិដ៏រស់រវើករបស់កម្ពុជា បងប្អូនឥស្លាមជាច្រើន ក៏មានឱកាសទៅសិក្សារៀនសូត្រនូវចំណេះដឹង ផ្នែកសាសនាឥស្លាម ក៏ដូចជាជំនាញបច្ចេកទេស វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា នៅបណ្តាប្រទេសដៃគូជាច្រើន នៅលើពិភពលោក។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា បងប្អូនឥស្លាមកាន់តែច្រើន ក៏មានលទ្ធភាព និងឱកាសទៅបំពេញកាតព្វកិច្ចបុណ្យហាជ្ជ, ហើយបងប្អូនឥស្លាមខ្លះទៀត ក៏មានឱកាសចាប់ដៃគូជាមួយ វិនិយោគិនបរទេស ដើម្បីបង្កើតអាជីវកម្មនៅកម្ពុជា។
ទន្ទឹមគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា នៅឆ្នាំក្រោយនេះ អង្គការសម្ព័ន្ធពិភពឥស្លាម (រ៉ាពីតាស់) គ្រោងនឹងរៀបចំសន្និសីទអន្តរជាតិឥស្លាម នៅរាជធានីភ្នំពេញ ដើម្បីឲ្យបណ្តាប្រទេសដទៃ អាចរៀនសូត្រពីបទពិសោធ ជាគំរូរបស់កម្ពុជា លើទិដ្ឋភាពសុខដុមនីយកម្មជាតិ សាសន៍ និង សាសនា, ហើយសម្ដេចក៏នឹងចូលរួម ក្នុងពិធីដ៏មានសារៈសំខាន់នេះផងដែរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ទាំងនេះ គឺជាការទទួលស្គាល់របស់សង្គមជាតិកម្ពុជា ចំពោះស្នាដៃ និងសមត្ថភាពចូលរួមចំណែក កសាងសង្គមជាតិ
ពីបណ្ដាបងប្អូនឥស្លាមគ្រប់រូប។ យើងទទួលស្គាល់ថា បងប្អូនឥស្លាម គឺជាសមាសធាតុ និងសមាជិកប្រកបដោយការទទួលខុសត្រូវ នៅក្នុងសង្គមជាតិខ្មែរ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បងប្អូនខ្មែរឥស្លាម យល់ច្បាស់ថា ប្រសិនបើគ្មានសន្តិភាព ស្ថិរភាព និង ទំនាក់ទំនងអន្តរ- សាសនា ប្រកបដោយភាពសុខដុម យើងមិនអាចនិយាយបានឡើយ អំពីសិទ្ធិមនុស្ស, ប្រជាធិបតេយ្យ និងសេរីភាព សាសនា។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា បងប្អូនឥស្លាម ក៏បានយល់យ៉ាងច្បាស់ និងមានការប្ដេជ្ញាចិត្តខ្ពស់ចំពោះការប្រយុទ្ធប្រឆាំងនឹងលទ្ធិជ្រុលនិយម, ទាំងក្នុងសកម្មភាពនយោបាយ និងសាសនា ដែលតែងជំរុញឱ្យមានការបែងចែក និង បំបែកបំបាក់សង្គម, កំហឹង និង ការរើសអើង និងការប្រើប្រាស់ហិង្សា។
ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បងប្អូនខ្មែរឥស្លាម គឺជាកូនសោគន្លឹះសម្រាប់កម្ពុជា ក្នុងការបើកទ្វារ នៃកាលានុវត្តភាព សេដ្ឋកិច្ចឥស្លាម កម្រិតពិភពលោកមិនថា ហិរញ្ញវត្ថុ ឥស្លាម (Islamic finance) ឬ សេដ្ឋកិច្ចហាឡាល (Halal economy)៕