(ភ្នំពេញ)៖ នៅវេលាម៉ោង៥៖០៥នាទីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦នេះ លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានអញ្ជើញដល់វិមានសន្តិភាពហើយ ដើម្បីជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បន្ទាប់ពីប្រធានាធិបតីបានចូលគោរពព្រះវិញ្ញាក្ខន្ធ នៅស្តូបវិមានឯករាជ្យ រាជធានីភ្នំពេញ។
លោក ស៊ី ជិនពីង បានមកដល់ប្រទេសកម្ពុជា នៅម៉ោង១២៖១៥ថ្ងៃត្រង់ ដើម្បីធ្វើទស្សនកិច្ចជាផ្លូវការលើកដំបូងនៅកម្ពុជា រយៈពេល២ថ្ងៃ ក្នុងនាមលោកប្រធានាធិបតីចិន ដែលទស្សនកិច្ចនេះ ចាប់ផ្តើមពីថ្ងៃទី១៣ ដល់១៤ ខែតុលា ឆ្នាំ២០១៦។ អំឡុងទស្សនកិច្ចនេះ រាជរដ្ឋាភិបាលកម្ពុជា-ចិន គ្រោងនឹងចុះកិច្ចព្រមព្រៀង និងពិធីសារសំខាន់ៗជាច្រើនផងដែរ។
ក្នុងការស្វាគមន៍ដល់ប្រធានាធិបតីចិនបំពេញទស្សនកិច្ចនៅកម្ពុជានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនៅលើ Facebook ផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា៖ «លោកប្រធានាធិបតីចិន Xi Jinping បានអញ្ជើញមកដល់ប្រទេស កម្ពុជាប្រកបដោយសុវត្ថិភាពហើយ។ ដំណើរទស្សនកិច្ចរបស់ លោកប្រធានាធិបតី Xi Jinping គឺមានសារៈសំខាន់ខ្លាំងណាស់ នៅក្នុងការពង្រឹង និងពង្រីកមិត្តភាព និងសហប្រតិបត្តិការជាប្រពៃណីរវាងប្រទេសយើងជាបងប្អូនទាំងពីរកម្ពុជា-ចិន»៕