(ភ្នំពេញ)៖ នៅក្នុងជំនួបការងាររវាងលោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា ជាមួយលោក Shi Zhongjun អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ចិន នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន ភាគីទាំងពីរបានជជែកផ្តោតជាសំខាន់លើបន្តកិច្ចសហប្រតិបត្តិការដើម្បីពង្រីកបន្ថែមនូវទំនាក់ទំនងក្នុងវិស័យព័ត៌មានរវាងកម្ពុជា-ចិន ឱ្យកាន់រឹងមាំបន្ថែមទៀត។

លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា បានគូសបញ្ជាក់ពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-ចិន ជាពិសេសរវាងប្រទេសកម្ពុជា-ចិន ដោយផ្តោតលើក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដែលបានរួមគ្នាបង្កើននូវសមិទ្ធផលជាច្រើននៅក្នុងវិស័យព័ត៌មាន អប់រំ វប្បធម៌ និងពាណិជ្ជកម្ម។ ឯកឧត្តម រដ្ឋមន្ត្រី បានលើកឡើងពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន តាមរយៈការពង្រីកទំនាក់ទំនងរវាងក្រសួងព័ត៌មាន និងមជ្ឈមណ្ឌលអាស៊ាន-ចិន ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូស បញ្ជាក់ថា ក្រសួងព័ត៌មាន គ្រោងបង្កើតយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដែលជាជំហ៊ានមួយយ៉ាងសំខាន់នៅក្នុងការបង្កើនការ យល់ដឹងអំពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយដល់សាធារណជនទូទាំងប្រទេស ហើយគំនិតផ្តួចផ្តើមនេះកំពុងទទួលបានការគាំទ្រពីបណ្តាប្រទេសជាច្រើននៅក្នុងតំបន់អាស៊ាន និងតំបន់ដទៃទៀត។

សម្រាប់អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ចិន បានលើកពីកិច្ចសហប្រត្តិការគ្នាល្អរវាង មជ្ឈមណ្ឌលអាស៊ាន-ចិន និងក្រសួងព័ត៌មានកម្ពុជា នាពេលកន្លងមក ហើយបន្តទៅពេលខាងមុខទៀត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យប្រព័ន្ធផ្សព្វផ្សាយ និងលើកកម្ពស់ការតភ្ជាប់ក្នុងតំបន់តាមរយៈការចែករំលែកព័ត៌មាន។ កិច្ចពិភាក្សានាឱកាសនេះដែរ ក៏ជាការបង្កើតគម្រោងរួមគ្នា ដើម្បីផ្សព្វផ្សាយជាសាធារណៈនូវសមិទ្ធផល និងអត្ថប្រយោជន៍ពីកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។

គូររំលឹកដែរថា កាលពីកំឡុងខែសីហា ឆ្នាំ២០២៤ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានអញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តម Shi Zhongjun អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ចិន នៅទីក្រុង Changzhi ខេត្ត Shanxi នៃសាធារណរដ្ឋប្រជាមានិតចិន ដោយក្នងឱកាសនោះ ភាគីទាំងពីរបានប្តេជាចិត្តបន្តកិច្ចសហប្រតិបត្តិការដើម្បីពង្រីកបន្ថែមនូវទំនាក់ទំនងក្នុងវិស័យព័ត៌មានរវាងកម្ពុជា-ចិន ឱ្យកាន់រឹងមាំបន្ថែមទៀត៕