(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី៦ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១០:០០ នៅសាលសន្និសីទរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាពរបស់ លោក មាន សទិ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ស្តីពីវិធានការសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ការចុះឈ្មោះបោះឆ្នោត ការបញ្ជាក់តាមឋានានុក្រម និងការបញ្ជូនបញ្ជីឈ្មោះមក គ.ជ.ប និងការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹង តវ៉ា ឬ/និងពាក្យបណ្តឹងជំទាស់លើបញ្ជីបោះឆ្នោតដំបូង សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥។

លោក មាន សទិ បានជម្រាបជូន អំពីវិធានការសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោមនៃខេត្តព្រះសីហនុ ឆ្នាំ២០២៥ ខាងមុខនេះថា ការចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតសម្រាប់ក្រុមប្រឹក្សាសង្កាត់ នៅក្នុងមុខតំណែងនៃក្រុងកំពង់សោម ត្រូវធ្វើនៅតាមសាលាសង្កាត់ទាំង ៥ (ក្រុមប្រឹក្សាសង្កាត់រាម សង្កាត់បិតត្រាំង សង្កាត់អូរឧកញ៉ាហេង សង្កាត់បឹងតាព្រហ្ម និងសង្កាត់អូរជ្រៅ ) របស់ក្រុង ហើយក្រុមប្រឹក្សាសង្កាត់អាចទៅបង្ហាញខ្លួនចំពោះប្រធានក្រុមប្រឹក្សាសង្កាត់ ឬមិនបាច់បង្ហាញខ្លួនក៏បាន។ ប្រធានក្រុមប្រឹក្សាសង្កាត់ត្រូវរៀបចំបញ្ជីឈ្មោះសមាជិកក្រុមប្រឹក្សាសង្កាត់ ដើម្បីបញ្ជូនតាមឋានានុក្រមមក គ.ជ.ប។ លោក មានប្រសាសន៍បន្តថា ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវមានតួនាទី និងភារកិច្ច ដូចខាងក្រោម៖
˗ ត្រូវចាត់វិធានការសមស្រប ដើម្បីធានាថា ដំណើរការនៃការចុះឈ្មោះបោះឆ្នោត បានប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព គ្មានការភ័យខ្លាច គ្មានការបង្ខិតបង្ខំ គ្មានការគំរាមកំហែង
˗ ធានាឱ្យអ្នកសង្កេតការណ៍ ដែលមានការបញ្ជាក់ទទួលស្គាល់ដោយ គ.ជ.ប និងភ្នាក់ងារ-គណបក្សនយោបាយ ដែលមានការបញ្ជាក់ទទួលស្គាល់ ដោយគណៈកម្មការរៀបចំ-ការបោះឆ្នោតខេត្តព្រះសីហនុ ឬលេខាធិការដ្ឋាននៃគណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ មានលទ្ធភាពសង្កេតការណ៍ក្នុងដំណើរការនៃការចុះឈ្មោះបោះឆ្នោតក្នុងការិយាល័យចុះឈ្មោះបោះឆ្នោត។

លោក មាន សទិ បានមានប្រសាសន៍ថា គ.ជ.ប ត្រូវបិទផ្សាយបញ្ជីទីតាំងការិយាល័យបោះឆ្នោត នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយបញ្ជីនេះ មានបញ្ជាក់អំពីការិយាល័យចុះឈ្មោះបោះឆ្នោតផងដែរ គឺសាលាសង្កាត់ ទាំង ៥ នៃក្រុងកំពង់សោម។ ឯកឧត្តម បន្តថា ការចុះឈ្មោះអ្នកបោះឆ្នោត និងការបញ្ជាក់តាមឋានានុក្រម និងការបញ្ជូនមក គ.ជ.ប ត្រូវចាប់ផ្ដើមពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ និងបញ្ចប់នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ហើយបញ្ជីឈ្មោះអ្នកបោះឆ្នោត ត្រូវរៀបចំសម្រាប់ក្រុងកំពង់សោម តាមលំដាប់អក្ខរក្រម។

ក្នុងករណីដែលក្រុមប្រឹក្សាសង្កាត់ណាមួយមិនបានរៀបចំ និងបញ្ជូនបញ្ជីឈ្មោះសមាជិកក្រុមប្រឹក្សាសង្កាត់មក គ.ជ.ប នោះ គ.ជ.ប ត្រូវធ្វើប្រតិភូកម្មមុខងារដល់អភិបាលស្រុកព្រៃនប់ ដើម្បីរៀបចំបញ្ជីឈ្មោះសមាជិកក្រុមប្រឹក្សានោះ រួចចុះហត្ថលេខាបោះត្រារដ្ឋបាលស្រុកដែលមានការបញ្ជាក់ឯកភាពពីអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ រួចបញ្ជូនមក គ.ជ.ប ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន។

ក្នុងករណីមានការផ្លាស់ប្ដូរសមាជិកក្រុមប្រឹក្សាក្នុងតំណែង ក្រុមប្រឹក្សាសង្កាត់ត្រូវលើកសំណើដោយមានបញ្ជាក់ឯកភាពតាមឋានានុក្រមមក គ.ជ.ប ដើម្បីសុំកែតម្រូវបញ្ជីបោះឆ្នោតយ៉ាងតិច ២ថ្ងៃ (ត្រឹមថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤) មុនថ្ងៃបិទផ្សាយបញ្ជីបោះឆ្នោតដំបូងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នៅលេខាធិការដ្ឋាននៃគណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ។

សូមបញ្ជាក់ជូនថា អ្នកសង្កេតការណ៍ និងភ្នាក់ងារគណបក្សនយោបាយ ដែលមានការបញ្ជាក់ទទួលស្គាល់ដោយ គ.ជ.ប និងគណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ មានលទ្ធភាព សង្កេតការណ៍ក្នុងដំណើរការនៃការចុះឈ្មោះបោះឆ្នោត ក្នុងការិយាល័យចុះឈ្មោះបោះឆ្នោត។

លោក មាន សទិ មានប្រសាសន៍បន្តទៀតថា បន្ទាប់ពីការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ជនណាក៏ដោយ ឬតំណាងមានសិទ្ធិប្ដឹងតវ៉ា ឬ/និងប្ដឹងជំទាស់ជាលាយលក្ខណ៍អក្សរតាមពាក្យបណ្ដឹងទម្រង់ ១២០២ ទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូងទៅ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ (រយៈពេល ៥ថ្ងៃ) ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ហើយគណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ ត្រូវសម្រេចលើពាក្យបណ្ដឹងក្នុងរយៈពេល ៣ថ្ងៃ យ៉ាងយូរ បន្ទាប់ពីថ្ងៃទទួលបានពាក្យបណ្ដឹង ហើយថ្ងៃចុងក្រោយ គឺនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ សម្រាប់ពាក្យបណ្ដឹងដែលទទួលបាននៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤។

លោក បានជម្រាបជូនអំពីកម្មវត្ថុនៃពាក្យបណ្ដឹងតវ៉ា ឬ/និងជំទាស់ត្រូវបញ្ជាក់ច្បាស់លាស់ថា ពាក្យបណ្តឹងតវ៉ា ត្រូវបានធ្វើឡើងអំពីការបាត់ឈ្មោះ ឬមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែកត់ត្រាមិនច្បាស់លាស់ និងពាក្យបណ្ដឹងជំទាស់ អាចធ្វើឡើងចំពោះបុគ្គលណាម្នាក់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង ក្នុងករណីដែលជននោះគ្មានសិទ្ធិបោះឆ្នោត ដោយសារមិនមែនជាសមាជិកក្រុមប្រឹក្សាសង្កាត់ នៅក្នុងមុខតំណែងនៅក្នុងក្របខណ្ឌនៃក្រុងកំពង់សោម។

ក្នុងករណីអ្នកប្ដឹងតវ៉ា ឬអ្នកប្ដឹងជំទាស់ ឬអ្នកត្រូវគេប្ដឹងជំទាស់ ឬតំណាងមិនសុខចិត្តនឹងលិខិតជូនដំណឹង ឬសេចក្ដីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ មានសិទ្ធិប្ដឹងទៅ គ.ជ.ប ក្នុងរយៈពេល ៥ថ្ងៃ យ៉ាងយូរ បន្ទាប់ពីថ្ងៃទទួលបានលិខិតជូនដំណឹង ឬសម្រង់សេចក្ដីសម្រេច ទ.១២០៣ របស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ ហើយ គ.ជ.ប ត្រូវសម្រេចលើពាក្យបណ្ដឹងក្នុងរយៈពេល ៥ថ្ងៃ យ៉ាងយូរ បន្ទាប់ពីថ្ងៃទទួលបានពាក្យបណ្ដឹង ទ.១២០២។ ការដោះស្រាយលើពាក្យបណ្ដឹងត្រូវបញ្ចប់យ៉ាងយូរបំផុតត្រឹមថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥។
លោក មាន សទិ បានបញ្ជាក់បន្ថែមថា ពាក្យបណ្ដឹងត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរតាមពាក្យបណ្តឹង ទ.១២០២ ចំនួន ៣ ច្បាប់ (ករណីប្តឹងតវ៉ា) ឬចំនួន ៤ ច្បាប់ (ករណីប្តឹងជំទាស់)។ ពាក្យបណ្តឹង ទ.១២០២ នេះ ត្រូវបានប្រគល់ជូនអ្នកប្តឹងដើម្បីប្តឹង ឬប្តឹងបន្ត ប្រសិនបើមានការស្នើសុំ។
ការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវការ ត្រូវធ្វើយ៉ាងយូរនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ (ជាថ្ងៃចុងក្រោយ)។

ជាចុងក្រោយ លោក មាន សទិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក លោកជំទាវ លោក លោកស្រី នាងកញ្ញា តំណាងស្ថានទូត ក្រសួង ស្ថាប័នរដ្ឋ គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដែលបានចំណាយពេលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។

ភាគីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចប្រជុំនោះ មានសមាសភាពមកពីតំណាងអគ្គលេខាធិការដ្ឋាន រដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងគណបក្សនយោបាយ ចំនួន ៩ គណបក្ស តំណាងសមាគម និងអង្គការមិនមែន-រដ្ឋាភិបាល ចំនួន ១០ ព្រមទាំងអ្នកសារព័ត៌មាន សរុបចំនួនជាង ៤០នាក់៕