(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា បច្ចុប្បន្ននេះ ក្រោមម្លប់ដ៏សែនត្រជាក់នៃសន្តិភាព យើងស្ទើរតែមិនដែលឮទាល់តែសោះអំពីជម្លោះសាសនានៅកម្ពុជា សម្រាប់កម្ពុជាសហគមន៍ខ្មែរឥស្លាម ដែលជាសហគមន៍ជនជាតិភាគតិច តែងតែទទួលបានការលើកកម្ពស់ និងការយកចិត្តទុកដាក់តាំងពីដើមរៀងមក។
ការថ្លែងបែបនេះ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសន្និបាតលើកទី២០ របស់អង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាម តំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ហៅកាត់ថា RISEAP។ ពិធីនេះរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំអង្គការ RISEAP និងថ្នាក់ដឹកនាំសាសនាឥស្លាមនៅកម្ពុជា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រទេសជាច្រើនមកពីបណ្តាទ្វីបនានាលើពិភពលោក តែងតែបានថ្លែងការកោតសរសើរចំពោះការ ផ្លាស់ប្ដូរមុខមាត់ ស្ទើរតែមិនគួរឱ្យជឿរបស់កម្ពុជា ដែលបានជួបសោកនាដកម្មប្រវត្តិសាស្ត្រ ដែលពិបាកនឹងស្រមើស្រមៃ។ បណ្តាមិត្តរបស់កម្ពុជា ក៏បានផ្តល់តម្លៃខ្ពស់ចំពោះមេរៀន ការកសាងសន្តិភាព, បង្រួបបង្រួមជាតិ និងភាពអត់ឱនរបស់កម្ពុជា ហើយនៅក្នុងនោះ មិត្តរបស់យើងក៏បានកត់សម្គាល់ពីភាពលេចធ្លោរបស់កម្ពុជា ក្នុងទិដ្ឋភាពសុខដុមនី យកម្មសាសនា ទោះបីជាកម្ពុជាកំណត់យកពុទ្ធសាសនាជា សាសនារបស់រដ្ឋក៏ដោយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «បច្ចុប្បន្ននេះ ក្រោមម្លប់ដ៏សែនត្រជាក់នៃសន្តិភាព យើងស្ទើរតែមិនដែលឮទាល់តែសោះអំពីជម្លោះសាសនានៅកម្ពុជា។ សម្រាប់កម្ពុជា សហគមន៍ខ្មែរឥស្លាម ដែលជាសហគមន៍ជនជាតិភាគតិច តែងតែទទួលបានការលើកកម្ពស់ និងការយកចិត្តទុកដាក់តាំងពីដើមរៀងមក»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ព្រះមហាក្សត្រខ្មែរគ្រប់ជំនាន់បានផ្តល់ការសណ្ដោសប្រណីដល់សហគមន៍មួយនេះ ដូចប្រជាជនខ្មែរទូទៅដែរ ។ ជាក់ស្តែង ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ បានមានព្រះរាជតម្រិះ សព្វព្រះរាជហឫទ័យ ប្រទាននាមដល់បងប្អូនជនជាតិភាគ-តិចចាម ថាជា «ខ្មែរឥស្លាម» នៅក្រោយទទួលបានឯករាជ្យពីបារាំង នាឆ្នាំ ១៩៥៣ ក្នុងគោលបំណងចង់ឱ្យក្រុមជាតិភាគ-តិចចាម បានក្លាយជាពលរដ្ឋខ្មែរ កាន់សាសនាឥស្លាមដោយស្របច្បាប់ និងក្លាយជាខ្មែរតែមួយ ព្រមទាំងបានបន្សល់ទុកនូវអត្តសញ្ញាណដើមរបស់ពួគគេផងដែរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា បងប្អូនខ្មែរឥស្លាមបានរងទុក្ខលំបាកដោយសារសង្គ្រាម, ការរើសអើងជាតិសាសន៍ ក្នុងរបបសាធារណរដ្ឋខ្មែរ និងការលុបបំបាត់ទាំងស្រុងនូវសេរីភាពសាសនា និងអំពើប្រល័យពូជសាសន៍ ក្រោមការដឹកនាំរបស់របបកម្ពុជាប្រជាធិបតេយ្យ។
ជាមួយគ្នានេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានរម្លឹកថា ទាល់តែដល់ថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ទើបសេរីភាពជំនឿសាសនានៅកម្ពុជា ត្រូវបានស្ដារ និងសង្គ្រោះឡើងវិញ។ ជាតថភាពប្រវត្តិសាស្ត្រ សម្តេចអាចនិយាយបានថាការជំរុញសុខដុមនីយកម្មសាសនា គឺជា ឌី.អេន.អេ (DNA) របស់គណបក្សប្រជាជនកម្ពុជា ហើយគ្រប់អាណត្តិ នៃរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា យើងតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍នេះជានិច្ច។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សេរីភាព នៃការគោរពប្រណិប័តន៍សាសនាឥស្លាម ក៏ត្រូវបានរាជរដ្ឋភិបាលបើកទូលាយ ជាក់ស្តែង សិស្ស-និស្សិតខ្មែរឥស្លាម អាចស្លៀកសំលៀកបំពាក់ប្រពៃណីឥស្លាម នៅតាមគ្រឹះស្ថាន សិក្សាគ្រប់កម្រិត ហើយបងប្អូនជាស្រ្តីអាចទទូរក្បាល ហើយ បុរសក៏អាចពាក់មួកកាតឹបថតរូប សម្រាប់ប្រើប្រាស់លើ ឯកសាររដ្ឋបាល ដូចជាលិខិតឆ្លងដែន និងអត្តសញ្ញាណបណ្ណ។ល។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ក្រៅពីនោះយើងក៏មានកន្លែងថ្វាយបង្គំ នៅតាមព្រលានយន្តហោះ, មន្ទីរពេទ្យរដ្ឋ, រោងចក្រ, សណ្ឋាគារ និង ផ្សារធំៗមួយចំនួន ជាពិសេសនៅវិមានសន្តិភាព ទីស្ដីការគណៈរដ្ឋមន្ត្រី ក៏បានរៀបចំបន្ទប់ថ្វាយបង្គំផងដែរ។ បងប្អូនឥស្លាមកាន់តែច្រើនក៏មានលទ្ធភាព និងឱកាសទៅបំពេញកាតព្វកិច្ចបុណ្យហាជ្ជ ហើយបងប្អូនឥស្លាមខ្លះទៀត ក៏មានឱកាសចាប់ដៃគូជាមួយ វិនិយោគិនបរទេស ដើម្បីបង្កើតអាជីវកម្មនៅកម្ពុជា៕