(ភ្នំពេញ)៖ លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានលើកឡើងថា វិស័យវារីវប្បកម្មមានការរីកចម្រើន នឹងបានជួយដល់កំណើនប្រាក់ចំណូលរបស់វារីវប្បករ ពាណិជ្ជករ អាជីវករ និងកាលានុវត្តភាពការងារ តាមរយៈការនាំចេញផល ផលិតផលវារីវប្បកម្ម ទៅកាន់ទីផ្សារអន្តរជាតិ។ ការលើកឡើងបែបនេះរបស់ លោក ពុំ សុថា បានធ្វើឡើងនៅក្នុងកម្មវិធី «ពិព័រណ៍វារីវប្បកម្មកម្ពុជា លើកទី១ និងកសិកម្ម» នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤នេះ នៅផ្សាររាត្រីសាន់សាញ បឹងកក់។

នាឱកាសនោះដែរ លោក ពុំ សុថា បានថ្លែងថា ការរៀបចំពិព័រណ៍វារីវប្បកម្មកម្ពុជា លើកទី១ ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយផលវារីវប្បកម្មនិងផលិតផលជលផលកែច្នៃរបស់កម្ពុជា ទៅដល់សាធារណជនប្រើប្រាស់ ក្នុងស្រុកនិងក្រៅស្រុក។ ជាពិសេសការផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកផ្គត់ផ្គង់ធាតុចូលវារីវប្បកម្ម វារីវប្បករ អ្នកផលិតពូជ សហគ្រាសកែច្នៃ និងអ្នកប្រើប្រាស់ ព្រមទាំងបង្កើនការយល់ដឹងដល់សាធារណជនអំពីគុណភាពផលវារីវប្បកម្មរបស់កម្ពុជា តាមរយៈការតាំងបង្ហាញផល ផលិតផលវារីវប្បកម្មស្រស់និងកែច្នៃ ធាតុចូលវារីវប្បកម្ម ការភ្លក្សម្ហូបដែលចម្អិនពីត្រីចិញ្ចឹម និងការចែករំលែកព័ត៌មានអំពីវិធីសាស្ត្រផលិត។

លោក ពុំ សុថា បានបន្ដថា តាមរយៈការកើនឡើងនៃតម្រូវការប្រើប្រាស់ត្រីទាំងក្នុង និងក្រៅស្រុក វិស័យវារីវប្បកម្មត្រូវបានព្យាការណ៍នឹងកើនឡើង៥ភាគរយ ក្នុងមួយឆ្នាំ ក្នុងរយៈពេល៥ឆ្នាំខាងមុខ ដែលរំពឹងថា នឹងបង្កើតការងារថ្មីចំនួន១០០ ០០០ កន្លែង។ ការប៉ាន់ប្រមាណតម្លៃសេដ្ឋកិច្ចសរុប នៃវិស័យវារីវប្បកម្មនៅកម្ពុជា មានប្រមាណ ២០០លានដុល្លារអាមេរិកក្នុង១ឆ្នាំ។ បច្ចុប្បន្នការអភិវឌ្ឍវារីវប្បកម្មនៅកម្ពុជា កំពុងជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនដូចជា ទីផ្សារពុំមានស្ថិរភាពសម្រាប់កសិករយកត្រីទៅលក់ដោយផ្ទាល់ អស្ថិរភាពនៃការផ្គត់ផ្គង់ត្រីនៅលើទីផ្សារឱ្យបានពេញមួយឆ្នាំ តម្លៃផលវារីវប្បកម្មរបស់ប្រទេសជិតខាងមានតំលៃថោក បច្ចេកទេសនៃការចិញ្ចឹមត្រីនិងផលិតកូនត្រីពូជរបស់វារីវប្បករនៅមានកម្រិត ទំហំនៃការវិនិយោគ ក្នុងវិស័យវារីវប្បកម្ម ទ្រង់ទ្រាយតូច កន្លែងប្រមូលផ្តុំនិងចែកចាយត្រីពុំទាន់គ្រប់គ្រាន់តាមតម្រូវការ ការចងក្រងបណ្តុំវារីវប្បករពុំទាន់បានទូលំទូលាយ ការកែច្នៃ និងការធ្វើពិពិធកម្មផលវារីវប្បកម្ម ដើម្បីទទួលបានតម្លៃបន្ថែមនៅមានកម្រិត។

បន្ថែមពីនេះ លោក ពុំ សុថា បានបន្ដទៀតថា ទោះបីយ៉ាងនេះក្តី ផលវារីវប្បកម្មយើងនៅតែមានឱកាសក្នុងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈ ការពង្រីកកម្លាំងខ្សែច្រវាក់ផលិតកម្ម ប្រភេទពូជក្នុងស្រុក ដោយពង្រឹងគុណភាពផលិតកម្មឱ្យស្របតាមស្ដង់ដារសុវត្ថិភាពអាហារ។ ដោយយល់ឃើញពីភាពចំបាច់ ក្នុងការអភិវឌ្ឍវិស័យវារីវប្បកម្ម ដើម្បីឆ្លើយតបតាមតម្រូវការស្តង់ដាទីផ្សារអន្តរជាតិ រដ្ឋបាលជលផលបាន និងកំពុងធ្វើការរៀបចំផែនការយុទ្ធសាស្រ្តថ្មីឆ្នាំ២០២៥-២០៣៤។

លោកជឿជាក់ថា ការប្រឹងប្រែងទាំងអស់គ្នា នឹងធ្វើឱ្យវិស័យវារីវប្បកម្មមានការវិវត្តស្របតាមបរិបទជាតិនិងអន្តរជាតិ។ ដូចនេះ នៅពេលដែលវិស័យវារីវប្បកម្មមានការរីកចម្រើន នឹងបានជួយដល់កំណើនប្រាក់ចំណូលរបស់វារីវប្បករ ពាណិជ្ជករ អាជីវករ និងកាលានុវត្តភាពការងារ តាមរយៈការនាំចេញផល ផលិតផលវារីវប្បកម្មទៅកាន់ទីផ្សារអន្តរជាតិ៕