(ភ្នំពេញ)៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បានថ្លែងថា ទស្សនវិជ្ជាបានដើរតួនាទីសំខាន់ណាស់ សម្រាប់វិស័យនយោបាយ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការធ្វើអភិបាលកិច្ច ការសម្រេចចិត្ត និងសម្រាប់យុត្តិធម៌សង្គម។

ការថ្លែងយ៉ាងដូច្នេះពីសំណាក់ លោកបណ្ឌិត គិន ភា បានធ្វើឡើងក្នុងឱកាសសម្ពោធសៀវភៅ «មគ្គុទេ្ទសន៍ទស្សនវិជ្ជា មគ្គុទេសន៍ជីវិត» នារសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ នៅរាជបណ្ឌិត្យសភាកម្ពុជា។

លោកបណ្ឌិត គិន ភា បានបញ្ជាក់ថា «អីចឹងខ្ញុំគិតថាទស្សនវិជ្ជាដើរតួនាទីសំខាន់ណាស់សម្រាប់វិស័យនយោបាយ ដែលយើងអាចនិយាយថា ជាមូលដ្ឋានគ្រឹះដ៏សំខាន់ មូលដ្ឋានគ្រឹះបញ្ញាញាណ សម្រាប់អភិបាលកិច្ច សម្រាប់ការធ្វើសេចក្តីសម្រេចចិត្ត និងសម្រាប់យុត្តិធម៌សង្គម ប្រសិនបើអ្នកដឹកនាំមានអ្នកនយោបាយ អ្នកធ្វើគោលនយោបាយមានទស្សនវិជ្ជា មានសីលវិជ្ជា មានចំណេះដឹងមូលដ្ឋានគ្រឹះដែលជាសាខានៃទស្សនវិជ្ជាច្រើន ទាំងអស់ហ្នឹងគេយកបញ្ចូលក្នុងនយោបាយ ខ្ញុំគិតថា សង្គមយើងប្រហែលទទួលបាននូវយុត្តិធម៌ប្រសើរជាង និតីរដ្ឋប្រសើរជាង គោលការណ៍គ្រឹះប្រជាធិបតេយ្យប្រសើរជាង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រសើរជាង ហើយពហុភាពនៅក្នុងសង្គមក៏ប្រហែលជាប្រសើរជាងដែរ»

បើទោះបីជាទស្សនវិជ្ជាបានដើរតួនាទីសំខាន់យ៉ាងណាក្តី លោកថា ជាអកុសលសកលវិទ្យាល័យមួយចំនួនស្ទើរតែលុបចោលនូវមុខវិទ្យាទស្សនវិជ្ជានេះទៅទៀត ដែលជាមុខវិជ្ជាសំខាន់ ជាមុខវិជ្ជាដែលកសាងនូវប្រព័ន្ធគំនិតរបស់មនុស្ស ពីព្រោះមនុស្សនៅពេលដែលមានទស្សនវិជ្ជាគឺមានសីលធម៌ និងមានការគិតពិចារណាប្រកបដោយហេតុផល មិនមែនគ្រាន់តែគិតដោយមនោគតិ ឬដោយភាពលំអៀងនោះទេ។

បណ្ឌិត គិន ភា បានឲ្យដឹងទៀតថា នៅពេលដែលមានទស្សនវិជ្ជា គឺយើងគិតអំពីសិទ្ធិ និងយុត្តិធម៌របស់មនុស្ស យុត្តិធម៌នៅក្នុងសង្គម ព្រោះនៅពេលដែលសង្គមមួយអយុត្តិធម៌ វានឹងក្លាយទៅជាដំបៅមួយ ហើយក៏ក្លាយទៅជាអាវុធសម្រាប់បក្សប្រឆាំងប្រើប្រាស់ សម្រាប់ការដុតកំហឹងវណ្ណៈឋានៈសង្គមដែរ ដែលធ្វើឲ្យសង្គមមានបញ្ហា ខណៈដែល អ្នកនយោបាយដែលគ្មានសីលធម៌គឺជាបិសាច។

សូមជម្រាបថា លោកបណ្ឌិត ឈត ប៊ុនថង សាស្រ្តាចារ្យផ្នែកទស្សនវិជ្ជានៅរាជបណ្ឌិត្យសភាកកម្ពុជា និងជាអ្នកជំនាញផ្នែកទស្សនវិជ្ជា និងកិច្ចការសង្គម បាននិពន្ធសៀវភៅទស្សនវិជ្ជាមួយក្បាលមានចំណងជើងថា«មគ្គុទ្ទេសន៍ទស្សនវិជ្ជា មគ្គុទ្ទេសន៍ជីវិត»។

គោលបំណងសំខាន់ក្នុងការចងក្រងសៀវភៅនេះឡើង គឺការរួមចំណែកក្នុងការបង្កើនការយល់ដឹងអំពីទស្សនវិជ្ជា ព្រមទាំងការផ្សព្វផ្សាយ និងការអនុវត្តចំណេះដឹងទស្សនវិជ្ជា ដើម្បីជួយឱ្យមនុស្សមានការគិតសមហេតុផល ការគិតហ្មត់ចត់ មានជំនឿសមហេតុផល ដឹងថាអ្វីល្អ អ្វីអាក្រក់ អ្វីត្រូវ អ្វីខុស អ្វីគួរធ្វើ អ្វីមិនគួរធ្វើ យល់ដឹងអំពីសីលធម៌ គុណធម៌ និងគតិបណ្ឌិត។

សៀវភៅ «មគ្គុទេសន៍ទស្សនវិជ្ជា មគ្គុទេសន៍ជីវិត» នឹងអាចជួយអ្នកអានក្នុងការដោះស្រាយបញ្ហាដែលជួបប្រទះនៅក្នុងជីវិត បន្ថែមពីនេះសៀវភៅនេះជាការចងក្រងនូវទស្សនៈរបស់ទស្សនវិទូល្បីៗលើពិភពលោកសម្រាប់ឲ្យអ្នកអានអាចស្រង់យកជាគំនិតទាក់ទងនឹងការគិតបែបវិជ្ជមាន សីលធម៌ តម្លៃ ទំនួលខុសត្រូវ ជំនឿ និងសាសនា ផងដែរ៕