(ពោធិ៍សាត់)៖ ក្រុមការងារគ្រប់គ្រងជីកសិកម្មដឹកនាំដោយលោក កន កុម្ភៈ អនុប្រធាននាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម បានចុះពិនិត្យទីតាំងរបស់សិប្បកម្មផលិតជីសរីរាង្គផែនដីញញឹម ដែលមានអាស័យដ្ឋានស្ថិតនៅភូមិខ្នាចរមាស ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។
សិប្បកម្មនេះ បានចាប់ផ្តើមដំណើការផលិតជីកសិកម្មរបស់ខ្លួន បានរយៈពេលមួយឆ្នាំមកហើយ នូវជីកសិកម្មប្រភេទគ្រាប់ចំនួន ០១មុខ មានឈ្មោះ «ពាណិជ្ជកម្មជីសរីរាង្គផែនដីញញឹម»។
ប្រភព និងវត្ថុធាតុដើមដែលសិប្បកម្មផលិត មាន៖ ដីបាតបឹង បាតស្រះ លាមកសត្វពាហនៈ ធ្យូងអង្កាម កំបោរសិកម្ម ម្សៅឆ្អឹង មេជីទឹក កាកសំណល់បន្លែរផ្លែរឈើ ដែលបានបញ្ជារទិញពីកសិករតាមតំបន់ និងរោងម៉ាស៊ីនកិនស្រូវ។
ចំពោះសមត្ថភាពផលិត ក្នុងមួយថ្ងៃអាចផលិតបានពី៣ ទៅ ៥តោន ករណីមានការកម្មង់ច្រើន អាចបានដល់ ៧តោន។ បច្ចុប្បន្ននេះ សិប្បកម្មកំពុងដំណើការអាជីវកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួន។
យោងតាមការលើកឡើងរបស់សិប្បកម្ម, ជីសរីរាង្គខាងលើនេះអាចប្រើប្រាស់លើដំណាំស្រូវ ពោត ដំឡូងមី ទុរេន ក្រូច និងដូង។
ក្រុមការងារគ្រប់គ្រងជីកសិកម្ម បានណែនាំដល់ម្ចាស់សិប្បកម្មខាងលើ ឱ្យអនុវត្តនីតិវិធីនៃការធ្វើពាណិជ្ជកម្មជីកសិកម្ម ស្របតាមច្បាប់ស្ដីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ៕