(ភ្នំពេញ)៖ ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន បានចេញសេចក្តីថ្លែងការណ៍បដិសេធថាថ្មីៗនេះ មានជនខិលខូចបានប្រើប្រាស់រូបថត និងឈ្មោះរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទៅបង្កើតជាគណនីតេឡេក្រាម និងបណ្តាញទំនាក់ទំនងសង្គម ផ្សេងៗក្នុងចេតនាទុច្ចរិត ដើម្បីប្រព្រឹត្តទង្វើ ឬសកម្មភាពផ្ទុយពីច្បាប់ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់ក្រសួង ស្ថាប័នរដ្ឋ និងឯកឧត្តមផ្ទាល់។
ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន សូមច្រានចោលទាំងស្រុងនូវព័ត៌មានក្លែងបន្លំ និងការបង្ហោះព័ត៌មានក្លែងក្លាយដូចក្នុងគណនីតេឡេក្រាមដែលមានឈ្មោះដូចខាងក្រោម៖
1. ADMINISTRATOR PHEAKTRA NETH (https://t.me/houthPeng_1)
2. ADMINISTRATOR NETH PHEAKTRA (https://t.me/SENGHENG REALTOR66)
3. M. KHIEV PHEARAVUTH (https://t.me/Khievphearavuthfx)
ការិយាល័យអ្នកនាំពាក្យ សូមអំពាវនាវដល់ជនដែលបានប្រើប្រាស់ និងបានបង្ហោះព័ត៌មាន ក្លែងក្លាយ នៅក្នុងគណនីតេឡេក្រាមខាងលើនេះ ឱ្យបញ្ឈប់នូវទង្វើរបស់ខ្លួនជាបន្ទាន់ និងត្រូវលុបចេញនូវរាល់ខ្លឹមសារព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងរូបថត និងឈ្មោះរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានចេញជាបន្ទាន់។
ការិយាល័យអ្នកនាំពាក្យ បានសង្កត់ធ្ងន់ថា ទង្វើអសកម្មទាំងនេះ គឺជាទង្វើដែលផ្ទុយនឹងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ករណីមានការក្លែងបន្លំ ឬបន្តប្រើប្រាស់អត្តសញ្ញាណរបស់ ឯកឧត្តមរដ្ឋមន្ត្រី ទៅប្រព្រឹត្តទង្វើ ឬសកម្មភាពដែលច្បាប់ហាមឃាត់ សូមអាជ្ញាធរមានសមត្ថកិច្ចមេត្តាចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន។ អាស្រ័យហេតុនេះ សូម ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គភាពពាក់ព័ន្ធ និងសាធារណជនមេត្តាជ្រាប៕