(ភ្នំពេញ)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារ ARDB អមដោយអគ្គនាយករង និងសហការី នារសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យក្រុមហ៊ុន THANKS CARBON ជាក្រុមហ៊ុនវិនិយោគលំដាប់អន្តរជាតិនៃប្រទេសកូរ៉េ ចូលជួបពិភាក្សាពីឱកាសបង្កើតកិច្ចសហការជាដៃគូ និងការវិនិយោគបន្ថែម តាមរយៈការស្នើសុំកិច្ចគាំទ្រហិរញ្ញប្បទានពីធនាគារ ARDB ទៅលើផលិតកម្មស្រូវ ដែលបំភាយឧស្ម័នមេតានទាប (Low-methane Emission Rice Production) ដោយប្រើប្រាស់នូវបច្ចេកទេសទំនើប រួមនឹងបច្ចេកវិទ្យា AI និងលទ្ធភាពនៃការលក់ឥណទានកាបូន (Carbon Credit) ពីវិស័យនេះ។

គួរបញ្ជាក់ផងដែរ ក្រុមហ៊ុន THANKS CARBON ក៏បាននិងកំពុងអនុវត្តនូវគម្រោងសាកល្បង ទៅលើផលិតកម្មស្រូវនេះ ជាមួយកសិករខ្នាតតូចនៅក្នុងខេត្តបាត់ដំបង ដោយសហការជាមួយនឹងអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕