(ត្បូងឃ្មុំ)៖ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤នេះ លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) និងលោក ម៉ៅ ឌុង អភិបាលរងខេត្ត តំណាងលោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក គ.ស.ច.គ របស់ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ លោក ម៉ៅ ឌុង បានលើកឡើងពីរបាយការណ៍សង្ខេបនូវសភាពការណ៍គ្រោះថ្នាក់ចរាចរណ៍ លទ្ធផលកិច្ចប្រតិបត្តិការ បញ្ហាប្រឈម ការវាយតម្លៃ និងសន្និដ្ឋាន ព្រមទាំងបានលើកទិសដៅ ក្នុងការអនុវត្តការងារបន្ត ដើម្បីរៀបចំត្រួតពិនិត្យការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់ខេត្តត្បូងឃ្មុំ ឲ្យមានភាពល្អប្រសើរឡើង។

លោក ម៉ៅ ឌុង គូសបញ្ជាក់ពីសភាពការណ៍គ្រោះថ្នាក់ចរាចរណ៍ រយៈពេល៩ខែកន្លងទៅ ចាប់ពីខែមករា ដល់ខែកញ្ញា ក្នុងឆ្នាំ២០២៤នេះ ក្នុងខេត្តត្បូងឃ្មុំ កើតឡើងសរុបមានចំនួន៥៦លើក បណ្តាលឲ្យស្លាប់មានចំនួន៥០នាក់ (ស្រី៩នាក់) ខូចខាតមធ្យោបាយ ចំនួន៩៥គ្រឿង។ បើប្រៀបធៀប ទៅនឹងរយៈពេល៩ខែ ក្នុងឆ្នាំ២០២៣ ឃើញថាមានការកើនឡើង២៨លើក។ ករណីគ្រោះថ្នាក់ចរាចរណ៍កើនឡើងនេះ បង្កដោយការបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព មិនប្រកាន់ស្តាំ វ៉ាជែង បត់ក្នុងស្ថានភាពគ្រោះថ្នាក់ ការបើកបរក្នុងពេលស្រវឹង ងងុយ កត្តាយានយន្ត បើកបរមិនពាក់មួក ឬខ្សែក្រវ៉ាត់ការពារសុវត្ថិភាព ដឹកលើសចំណុះ បើកបរគ្មានប័ណ្ណបើកបរត្រឹមត្រូវ និងការមិនគោរពច្បាប់ចរាចរណ៍ផងដែរ។

ជាមួយគ្នានេះ លោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ បានលើកឡើងនូវកិច្ចខិតខំប្រឹងប្រែង នៃអ្នកពាក់ព័ន្ធទាំងអស់ក្នុងការចុះផ្សព្វផ្សាយ អប់រំ ក្រើនរំលឹក ពញាក់ស្មារតីទាំងនៅទីសាធារណៈ ទីប្រជុំជន តាមសារព័ត៌មាន តាមបណ្តាញផ្សព្វផ្សាយសង្គមពិសេសតាមសាលារៀន ពាក់ព័ន្ធច្បាប់ចរាចរណ៍ផ្លូវគោក ដោយបានចែកខិតបណ្ណ និងមួកសុវត្ថិភាពផងដែរ ប៉ុន្តែការអនុវត្តន៍គោរពច្បាប់ចរាចរណ៍ ការយោគយល់ និងបើកបរប្រុងប្រយ័ត្នរបស់ពលរដ្ឋ នៅមានកម្រិត ជាហេតុបង្កឲ្យមានគ្រោះថ្នាក់ នេះជាចំណុចសំខាន់ដែលត្រូវយកចិត្តទុកដាក់បន្ថែមទៀត។

លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួង បានគូសបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានខិតខំប្រឹងប្រែងរិះរកគ្រប់មធ្យោបាយ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលឲ្យស្លាប់ របួស និងការបាត់បង់ទ្រព្យសម្បត្តិ តាមរយៈការតាក់តែងលិខិតបទដ្ឋានគតិយុត្តិ ការជួសជុលថែទាំផ្លូវ បំពាក់ផ្លាកសញ្ញា ភ្លើងសញ្ញា ចែកមួកសុវត្ថិភាព និងរឹតបន្តឹងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងការកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស ជាដើម។

លោកស្រីកត់សម្គាល់ថា កត្តាចម្បងដែលនាំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍មានចំនួន៣ គឺកត្តាមនុស្ស កត្តាផ្លូវ និងកត្តាយានយន្ត។ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចណ៍ និងបន្តជំរុញអនុវត្ត ឲ្យបានសម្រេចតាមផែនការសកម្មភាព ឆ្នាំ២០២៤ របស់ គ.ស.ច.គ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមអនុសាសន៍ណែនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងនោះអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវបង្កើនការអប់រំផ្សព្វផ្សាយ ការត្រួតពិនិត្យគុណភាពបច្ចេកទេសយានយន្ត និងរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះជនបង្កគ្រោះថ្នាក់ចរាចរណ៍គ្រប់ករណី ដោយមិនអនុញ្ញាតឲ្យរួចផុតពីច្បាប់ឡើយ៕