(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤នេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានរៀបចំកម្មវិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម។
ក្នុងពិធីបើកសន្និបាតនេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានលើកឡើងអំពីវឌ្ឍនភាពក្នុងរយ:ពេល១ឆ្នាំ ដោយស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាគោលការណ៍ដឹកនាំរបស់ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និងរដ្ឋបាលខេត្តកំពង់ចាម។
ក្រោមការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី កងកម្លាំងនគរបាលទូទាំងខេត្តកំពង់ចាម បានលះបង់គ្រប់យ៉ាង ធ្វើការតស៊ូជម្នះគ្រប់ឧបសគ្គ បំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបាននូវស្នាដៃធំៗជាច្រើន បានធ្វើឲ្យបរិយាកាសសង្គមទាំងមូលមានភាពល្អប្រសើរ រក្សាបាននូវស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងជាពិសេសការធានាបានទាំងស្រុងនូវសុវត្ថិភាព ក្នុងកិច្ចការពារប្រមុខរាជរដ្ឋាភិបាល ឥស្សរជនជាន់ខ្ពស់ ជាតិ-អន្តរជាតិ និងពិធីបុណ្យជាតិជាច្រើនផងដែរ។
លោកឧត្តមសេនីយ៍ស្នងការ បានបន្ថែមទៀតថា ដើម្បីបន្ដនិរន្ដរ៍ភាពការងារប្រកបដោយប្រសិទ្ធភាព គ្រប់គណៈជំនាញពីថ្នាក់ខេត្ត រហូតដល់ថ្នាក់មូលដ្ឋាន ត្រូវបង្កើនការធ្វើផែនការអនុវត្កការងារតាមអង្គភាពនីមួយៗ ឲ្យបានច្បាស់លាស់ ហើយត្រូវដាក់ការត្រួតពិនិត្យលើលទ្ធផលរបស់ខ្លួន តើសម្រេចបានដូចផែនការដែលបានគ្រោងទុកដែលឬអត់។ ទាំងនេះសបញ្ជាក់អំពីការជំរុញ ក៏ដូចជាពង្រឹងសមត្ថភាពជំនាញប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត៕