(ស្វាយរៀង)៖ ប្រជាកសិករដែលជាអ្នកចិញ្ចឹមសត្វទាយកពងនៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បង្ហាញក្ដីសប្បាយរីករាយ ដោយសារពងទាមានទីផ្សារបានតម្លៃសមរម្យ មានអ្នកប្រមូលទិញដល់ទ្រុងចិញ្ចឹមតែម្តង។

កសិករចិញ្ចឹមទារស់នៅភូមិស្វាយធំ ឃុំស្វាយធំ ស្រុកស្វាយជ្រំ បានឲ្យដឹងថា គាត់ចិញ្ចឹមសត្វទាយកពងចំនួន១,៤០០ក្បាល ដោយចិញ្ចឹមបន្លាស់ទី រយៈពេល៩ខែមកហើយ គឺនៅពេលណាមានគេ ច្រូតស្រូវ ត្រូវដឹកទាតាមរថយន្តយកទៅឲ្យទា រើសគួស្រូវជាចំណីស៊ី និងត្រូវរកស្រែដែលមានទឹក ឲ្យទារកចំណីដូចជាត្រីក្តាម ឬខ្យងខ្ចៅ ជាចំណី ហើយនៅពេលល្ងាចក៏មានបន្ថែមចំណីគ្រាប់ផងដែរ។

កសិករដដែលបានបន្តថាក្នុងទា១,៤០០ក្បាលនេះ គឺបានចាប់ផ្តើមពង ពីអំឡុងអាយុ៦ខែ ទៅ៩ខែ ពងជាមធ្យមបាន៦០០ ទៅ៩០០ពងក្នុង១យប់ ហើយ១០គ្រាប់បានតម្លៃ៣៥០០រៀល ដូច្នេះអាចរកចំណូលបានល្អប្រសើរ បើសត្វទាមិនមានជំងឺ។

ការចិញ្ចឹមទា បានជោគជ័យ គឺត្រូវចិញ្ចឹមប្រដេញគ្នា ជាពិសេសពេលសត្វទាពេញវ័យពងចំពេលខែច្រូតស្រូវរដូវវស្សា សត្វទាសំបូរចំណីត្រូវគៀងឲ្យទាចុះរកស៊ីចំណីធម្មជាតិ ទើបសត្វទាពងច្រើនមិនប្រើចំណីទិញច្រើន គ្រាន់តែឲ្យចំណីស្រូវ កន្ទក់ ឬចំណីគ្រាប់បន្តិចបន្តួចប្រើប្រាស់ថវិកាតិចតួច។ បើរដូវប្រាំង មានការពិបាករកចំណីបន្តិច គឺត្រូវដឹកទាតាមរថយន្តដើររកស្រែប្រាំង ទើបតែច្រូត និងរកស្រែដែលមានទឹក និងប្រឡាយទឹក សម្រាប់ទារកចំណី និងទឹកហែលលេង ទើបសុខភាពទាល្អ និងពងបាន៧០% ទៅ៨០%។ ផ្ទុយទៅវិញ បើឲ្យចំណីមិនដិតដល់បង្កឲ្យមានជំងឺ។

កសិករបន្ដថា បច្ចុប្បន្នបើមានពងទាប៉ុន្មានក៏លក់អស់ដែរ ដោយពងទាមានទីផ្សារ តម្រូវការខ្ពស់ ទោះបីមួយព្រឹកមានពង១ម៉ឺនគ្រាប់ ក៏មានម៉ូយប្រមូលទិញអស់ដែរ។ កសិករបានឲ្យដឹងបន្ថែមថា បច្ចុប្បន្នពងទាក្នុងស្រុកផ្គត់ផ្គង់ទីផ្សារមិនគ្រប់ទេ គឺឈ្មួញកណ្តាលបានទៅប្រមូលទិញពងទាពីប្រទេសជិតខាង បន្ថែមទៀត ទើបផ្គត់ផ្គង់ទីផ្សារគ្រប់ ដោយកសិករខ្មែរចិញ្ចឹមជាលក្ខណៈគ្រួសារតិចតួច ហើយអ្នកចិញ្ចឹមដល់១ពាន់ ទៅ១,៥០០ក្បាល នៅខេត្តស្វាយរៀង មានចិញ្ចឹម២ទៅ៣គ្រួសារតែប៉ុណ្ណោះ៕