(ក្រចេះ)៖ មន្ត្រីជំនាញរដ្ឋបាលជលផល សហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះ ចុះបង្ក្រាបបទល្មើសនេសាទ ដោយរឹបអូសឧបករណ៍នេសាទខុសច្បាប់មួយចំនួន និងបានចាក់លែងត្រីចម្រុះទម្ងន់ប្រមាណ២០០គីឡូក្រាម ចូលទៅក្នុងដែនទឹកធម្មជាតិវិញ។ ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងពេញមួយ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤នេះ នៅចំណុចបឹងវែង ស្ថិតក្នុងឃុំឬស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
ប្រតិបត្តិការនេះ ធ្វើឡើងដោយមន្ត្រីខណ្ឌរដ្ឋបាលជលផលក្រចេះ និងផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកព្រែកប្រសព្វ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគ បាលខេត្ត ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ និងសហគមន៍នេសាទឫស្សីកែវ ដោយបានប្រើប្រាស់ទូកម៉ាស៊ីន ចំនួន៥គ្រឿង។
លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ បានអះអាងថា នៅក្នុងប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចចម្រុះបានចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចបឹងវែង និងបឹងកាហាត ឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ សម្រេចដកហូត និងរុះរើបំផ្លាញចោលនូវឧបករណ៍នេសាទល្មើសច្បាប់រួមមាន របាំងព្រួលស្បៃមុងចំនួន៣២ខ្សែ ប្រវែង២២៤០ម៉ែត្រ, លូស្បៃមុងចំនួន៣៥មាត់លូ, បង្គោលចម្រឹងឫស្សីចំនួន៤៨០ដើម និងបានចាក់លែងត្រីចម្រុះទម្ងន់ប្រមាណ២០០គីឡូក្រាមចូលទៅក្នុងដែនទឹកធម្មជាតិវិញ ហើយបានសម្រេចដុតបំផ្លាញចោលឧបករណ៍ល្មើសច្បាប់ទាំងនោះ នៅចំណុចទីតាំងមកផ្ទាល់តែម្តង៕