(ភ្នំពេញ)៖ លោកបណ្ឌិត ឈត ប៊ុនថង ដែលជាសាស្ត្រាចារ្យផ្នែកទស្សនវិជ្ជា នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤នេះ បានដាក់សម្ភោធឲ្យប្រើប្រាស់ជាផ្លូវការសៀវភៅ «មគ្គុទេ្ទសន៍ទស្សនវិជ្ជា មគ្គុទេសន៍ជីវិត» នៅរាជបណ្ឌិត្យសភា។

កម្មវិធីដាក់ឲ្យប្រើប្រាស់ និងសម្ភោធសៀវភៅនេះ មានការចូលរួមពីសំណាក់វាគ្មិនកិត្តិយសរួមមាន លោកបណ្ឌិត យង់ ពៅ ,លោកបណ្ឌិត គិន ភា ,លោកបណ្ឌិត ផុន កសិកា និងលោកបណ្ឌិត ឈត ប៊ុនថង ជាអ្នកនិពន្ធ។

សូមជម្រាបថា លោកបណ្ឌិត ឈត ប៊ុនថង សាស្រ្តាចារ្យផ្នែកទស្សនវិជ្ជានៅរាជបណ្ឌិត្យសភាកកម្ពុជា និងជាអ្នកជំនាញផ្នែកទស្សនវិជ្ជា និងកិច្ចការសង្គម បាននិពន្ធសៀវភៅទស្សនវិជ្ជាមួយក្បាលមានចំណងជើងថា«មគ្គុទ្ទេសន៍ទស្សនវិជ្ជា មគ្គុទ្ទេសន៍ជីវិត»។

គោលបំណងសំខាន់ក្នុងការចងក្រងសៀវភៅនេះឡើង គឺការរួមចំណែកក្នុងការបង្កើនការយល់ដឹងអំពីទស្សនវិជ្ជា ព្រមទាំង ការផ្សព្វផ្សាយ និងការអនុវត្តចំណេះដឹងទស្សនវិជ្ជា ដើម្បីជួយឱ្យមនុស្សមានការគិតសមហេតុផល ការគិតហ្មត់ចត់ មានជំនឿសមហេតុផល ដឹងថាអ្វីល្អ អ្វីអាក្រក់ អ្វីត្រូវ អ្វីខុស អ្វីគួរធ្វើ អ្វីមិនគួរធ្វើ យល់ដឹងអំពីសីលធម៌ គុណធម៌ និងគតិបណ្ឌិត។

សៀវភៅ «មគ្គុទេសន៍ទស្សនវិជ្ជា មគ្គុទេសន៍ជីវិត» នឹងអាចជួយអ្នកអានក្នុងការដោះស្រាយបញ្ហាដែលជួបប្រទះនៅក្នុងជីវិត បន្ថែមពីនេះ សៀវភៅនេះជាការចងក្រងនូវទស្សនៈរបស់ទស្សនវិទូល្បីៗលើពិភពលោកសម្រាប់ឲ្យអ្នកអានអាចស្រង់យកជាគំនិតទាក់ទងនឹងការគិតបែបវិជ្ជមាន សីលធម៌ តម្លៃ ទំនួលខុសត្រូវ ជំនឿ និងសាសនា ផងដែរ៕