(បាត់ដំបង៖) ត្រឹមរយៈពេល៤ថ្ងៃ កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បានចុះបង្រ្កាបបទល្មើសជួញដូរគ្រឿងញៀន តាមបណ្ដាស្រុកនានា ជាបន្តបន្ទាប់បានចំនួន៤ករណី ដោយធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ និងដកហូតថ្នាំម៉ាទឹកកកចំនួន ៦៥,៧២ក្រាម ព្រមទាំងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។
លោក វ៉ាង ពិសិដ្ឋ នាយការិយាល័យប្រឆាំងគ្រឿងញៀនអាវុធហត្ថខេត្តបាត់ដំបង បានប្រាប់អង្គភាព Fresh News នៅថ្ងៃទី១៣ ខែតុលានេះថា ការចុះបង្រ្កាបបទល្មើសគ្រឿងញៀនខាងលើ ធ្វើឡើងជាបន្តបន្ទាប់ក្នុងពេលវេលា និងទីកន្លែងផ្សេងគ្នា រួមមាន៖
លើកទី១. នៅវេលាម៉ោង ១៦៖០០នាទី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ក្នុងភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល កម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងអាវុធហត្ថស្រុកថ្មគោល បានធ្វើការឃាត់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ វយ បូរី អាយុ២៣ឆ្នាំ មានទីលំនៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ដកហូតបានថ្នាំម៉ាទឹកកកចំនួន ៥កញ្ចប់ (ទម្ងន់១៥.៧៤ក្រាម), ទូរស័ព្ទដៃ១គ្រឿង, និងម៉ូតូ១គ្រឿង (គ្មានស្លាកលេខ)។
លើកទី២. នៅវេលាម៉ោង ១៧៖២០នាទី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ក្នុងភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល កម្លាំងអាវុធហត្ថស្រុកថ្មគោល បានធ្វើកាឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ ឈ្មោះ វិន ដារ៉ា អាយុ២២ឆ្នាំ មានទីលំនៅ ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដកហូតថ្នាំម៉ាទឹកកកចំនួន ១កញ្ចប់ (ទម្ងន់៤ក្រាម), ម៉ូតូ១គ្រឿង (គ្មានស្លាកលេខ) និងទូរស័ព្ទដៃ១គ្រឿងទៀត។
លើកទី៣. នៅវេលាម៉ោង ១៤៖០០នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ក្នុងភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង កម្លាំងការិយាល័យជំនាញ បានឃាត់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ ស៊ិន ស៊ីណាល់ អាយុ២៩ឆ្នាំ មានទីលំនៅភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ដកហូតថ្នាំម៉ាទឹកកកចំនួន ២កញ្ចប់ (ទម្ងន់៤៣.៧២ក្រាម), ទូរស័ព្ទដៃ១គ្រឿង, ម៉ូតូ១គ្រឿង ពាក់ស្លាកលេខ បាត់ដំបង 1Q-6555។
លើកទី៤. នៅវេលាម៉ោង ១០៖៣០នាទី ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ក្នុងភូមិអញ្ចាញ សង្កាត់ស្លាកែត ក្រុងបាត់ដំបង កម្លាំងការិយាល័យជំនាញ បានឃាត់ខ្លួនជនសង្ស័យ ១នាក់ មានឈ្មោះ នង បូណា អាយុ២៧ឆ្នាំ រស់នៅភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល ដកហូតថ្នាំម៉ាទឹកកក ១កញ្ចប់ (ទម្ងន់២.២៥ក្រាម), ទូរស័ព្ទដៃ១គ្រឿង, និងម៉ូតូ១គ្រឿងផងដែរ។
លោក វ៉ាង ពិសិដ្ឋ បានបន្តថា បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ ព្រមទាំងថ្នាំម៉ាទឹកកក ៩កញ្ចប់ (ទម្ងន់៦៥.៧២ក្រាម) ទូរស័ព្ទដៃ៤គ្រឿង និងម៉ូតូ៣គ្រឿងខាងលើ ត្រូវបានកម្លាំងការិយាល័យជំនាញធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការួចរាល់ហើយ៕