(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា អាជ្ញាធរគ្រប់ថ្នាក់ មេភូមិ មេឃុំ ជាចលករលើការងារផ្សព្វផ្សាយ អប់រំពីបញ្ហាគ្រឿងញៀន និងការប្រើប្រាស់ App NoDrug។
លោកថ្លែងបែបនេះ ក្នុងពិធីបិទ និងប្រគល់វិញាបនបត្រដល់សិក្ខាកាមជ័យលាភី នៃសិក្ខាសាលាផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ចំណេះដឹងស្តីពីការអប់រំ បង្ការ ទប់ស្កាត់គ្រឿងញៀនដល់ភាគីពាក់ព័ន្ធក្នុងសហគមន៍ នៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃ» ក្រោមជំនួយ LOA នាល្ងាចថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ដែលមានអ្នកចូលរួមជាអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ មេភូមិ មេឃុំទូទាំងស្រុកម៉ាឡៃ។
របាយការណ៍ស្វាគមន៍របស់លោកឧត្តមសេនីយ៍ត្រី យិន យឿត អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ និងទំនាក់ទំនងសាធារណៈ និងជាអនុប្រធានក្រុមសម្របសម្រួលរៀបចំបានបង្ហាញឲ្យឃើញថា សិក្ខាសាលានេះ គឺទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អាជ្ញាធរគ្រប់ថ្នាក់ មេឃុំ មេភូមិទូទាំងស្រុកម៉ាឡៃ តាមរយៈការធ្វើតេស្តមុនវគ្គ និងលទ្ធផលក្រោយបញ្ចប់វគ្គក្នុងនោះ គឺអ្នកបានយល់ដឹងពីសិក្ខាសាលានេះមានចំនួនរហូតដល់៨៣% ហើយការយល់ដឹងពី App NoDrug គឺមានកើនឡើងដល់៨០%។
ថ្លែងក្នុងនាម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងនូវកោតសរសើរដល់ការប្រឹងប្រែងរួមគ្នាពីគ្រប់ភាគីទាំងអ្នករៀបចំ វាគ្មិន សិក្ខាកាម ដើម្បីចែករំលែក និងទទួលចំណេះដឹងសម្រាប់យកទៅប្រើប្រាស់ផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋផ្ទាល់នូវមូលដ្ឋាន ដើម្បីឲ្យគាត់មានលទ្ធភាពចូលរួមចំណែកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅមូលដ្ឋាន។
លោកឧត្តមសេនីយ៍ឯក លឹម តុងហួត បានបន្តថា អាជ្ញាធរគ្រប់ថ្នាក់ មេភូមិ មេឃុំ ជាកម្លាំងចលករលើការងារផ្សព្វផ្សាយ អប់រំពីបញ្ហាគ្រឿងញៀន និងការប្រើប្រាស់ App NoDrug ការរួមគ្នាបំបំផុសបានការប្រើប្រាស់ពីប្រជាពលរដ្ឋគ្រប់រូប គឺយើងបានបង្កើតឲ្យមានជាចលនាជាតិមួយ ដើម្បីឈានទៅដល់ការលុបបំបាត់បានបញ្ហាគ្រឿងញៀន ដោយរាល់ករណីគ្រឿងញៀនត្រូវបានបង្ការ និងបង្រ្កាប និងដោះស្រាយ «ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន»៕