(ភ្នំពេញ)៖ អគ្គនាយកក្រុមហ៊ុនមីនីបៀ បានបង្ហាញក្តីសោមនស្សរីករាយយ៉ាងខ្លាំង ចំពោះដំណើរការវិនិយោគនៅកម្ពុជាប្រកបដោយដោយភាពរីកចម្រើន ខណៈរោងចក្រថ្មីរបស់ខ្លួន នៅខេត្តពោធិ៍សាត់ នឹងដំណើរការនៅឆ្នាំ២០២៥។ រោងចក្រក្នុងខេត្តពោធិ៍សាត់ ជាការពង្រីកច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុនមីនីបៀ បន្ទាប់ពីវិនិយោគប្រកបដោយដោយភាពជោគជ័យនៅកម្ពុជារយៈពេលជាង១០ឆ្នាំ។ រោងចក្រនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីខែសីហា ឆ្នាំ២០២៤។
ព័ត៌មានស្តីពីការដាក់ឱ្យដំណើរការរោងចក្រថ្មីរបស់ក្រុមហ៊ុនមីនីបៀ ត្រូវបានបញ្ជាក់ថា ដោយលោក យ៉ូស៊ីហ៊ីសា កៃនុម៉ា (Yoshihisa Kainuma) អគ្គនាយកក្រុមហ៊ុនមីនីបៀ (MinebeaMitsumi Inc.) ក្នុងពេលចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នារសៀលថ្ងៃសុក្រ ទី៦ ខែធ្នូ ឆ្នាំ២០២៤នេះ។
ក្នុងជំនួបនេះ លោកអគ្គនាយកក្រុមហ៊ុនបានជម្រាបជូនសម្ដេចបវរធិបតីអំពីវឌ្ឍនភាពដ៏ល្អ នៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ដែលបានចាប់ផ្ដើមវិនិយោគដំបូងនៅក្នុងឆ្នាំ២០១១ និងបានពង្រីកការវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់រហូតមក។ បច្ចុប្បន្ននេះ ក្រុមហ៊ុនបាននិងកំពុងបង្កើតរោងចក្រថ្មីមួយបន្ថែមទៀត នៅក្នុងខេត្តពោធិ៍សាត់ ដែលគ្រោងនឹងដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ។ ក្រុមហ៊ុន Minebea ជាក្រុមហ៊ុនផលិតគ្រឿងបង្គុំសៀគ្វីអេឡិចត្រូនិក គ្រឿងបន្លាស់យានយន្ត និងគ្រឿងម៉ាស៊ីនក្នុងវិស័យឧស្សាហកម្ម ដែលមានរោងចក្រនៅក្នុងបណ្តាប្រទេសជាច្រើន។
លោកអគ្គនាយកក្រុមហ៊ុនក៏បានសម្ដែងការអរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលតែងតែបានផ្ដល់នូវការគាំទ្រយ៉ាងពេញទំហឹងចំពោះប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននាពេលកន្លងមក ហើយរោងចក្រថ្មីដែលក្រុមហ៊ុនកំពុងដំណើរការសាងសង់នៅខេត្តពោធិ៍សាត់ នឹងក្លាយទៅជារោងចក្រទីមួយនៅកម្ពុជា ដែលប្រើប្រាស់ថាមពលកកើតឡើងវិញ ១០០ភាគរយ។ ការណ៍នេះបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ នៅក្នុងវិស័យឧស្សាហកម្ម។ បន្ថែមពីនេះ កម្ពុជាក៏មានកម្លាំងពលកម្មដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់ក្រុមហ៊ុនផងដែរ។
សម្ដេចមហាបវរធិបតី បានសម្ដែងក្ដីសោមនស្សយ៉ាងខ្លាំងចំពោះវឌ្ឍនភាព និងភាពជោគជ័យរបស់ក្រុមហ៊ុន Minebea នៅកម្ពុជា ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា។ ការណ៍នេះ បង្ហាញឱ្យឃើញអំពីការជឿជាក់បន្ថែមទៀតរបស់ក្រុមហ៊ុនក្នុងការវិនិយោគនៅកម្ពុជា ជាមួយការបន្តគាំទ្ររបស់រាជរដ្ឋាភិបាលដល់ភាពជោគជ័យរបស់ក្រុមហ៊ុន។
សម្ដេចបវរធិបតី មានជំនឿងយ៉ាងមុតមាំថា តាមរយៈភាពជោគជ័យរបស់ក្រុមហ៊ុន Minebea នឹងជួយទាក់ទាញបណ្តាវិនិយោគិនជប៉ុនកាន់តែច្រើនបន្ថែមទៀត ក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា។
សម្ដេចបវរធិបតីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់បន្ថែមផងដែរថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តយកចិត្តទុកដាក់ជាអាទិភាពនៅក្នុងការធានាឱ្យបាននូវបរិយាកាសវិនិយោគ និងភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងពិភពលោក តាមរយៈការដាក់ចេញនូវគោលនយោបាយ និងយន្តការលើកទឹកចិត្តនានាសម្រាប់បណ្ដាក្រុមហ៊ុនវិនិយោគនៅកម្ពុជា ជាពិសេសគឺក្រុមហ៊ុនវិនិយោគថ្មីៗ ព្រមទាំងបន្តខិតខំអភិវឌ្ឍការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលរួមមាន៖ ការលើកកម្ពស់គុណភាព និងការតភ្ជាប់ផ្លូវដែក, ការកសាងផ្លូវថ្នល់ ស្ពាន, និងការកសាងព្រែកជីកហ្វូណនតេជោ ដើម្បីសម្រួលទៅដល់ការតភ្ជាប់វិស័យដឹកជញ្ជូនក្នុងប្រទេស ក៏ដូចជាក្នុងតំបន់ និងពិភពលោក។
សូមបញ្ជាក់ថា ក្រុមហ៊ុនមីនីបៀ ជាក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន ដែលបានវិនិយោគនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១០ និងដំណើរការរោងចក្រនៅឆ្នាំ២០១១។ ដើមឡើយក្រុមហ៊ុននេះ បានដំណើរនៅក្នុងប្រទេសថៃ ហើយសម្តេចតេជោ ហ៊ុន សែន ពេលនៅជានាយករដ្ឋមន្ត្រីកម្ពុជា បានប្រឹងប្រែងបញ្ចុះបញ្ចូលឱ្យក្រុមហ៊ុននេះ ចូលមកវិនិយោគនៅកម្ពុជា។ សម្តេចតេជោ បានចាត់ទុកខ្លួនសម្តេចប្រៀបដូចជាឆ្មបនាំឱ្យមានវត្តមានក្រុមហ៊ុននេះនៅក្នុងប្រទេសកម្ពុជា។
រយៈពេលជាង១០ឆ្នាំនៃការវិនិយោគនៅកម្ពុជា ក្រុមហ៊ុនបានរីកចម្រើនលូតលាស់យ៉ាងខ្លាំងលើអាជីវកម្មរបស់ខ្លួន ជាមួយទុនសរុបជាង៦០០លានដុល្លារហើយ។ កាលពីខែសីហា ឆ្នាំ២០២៤ ក្រុមហ៊ុន បានបើកការដ្ឋានសាងសង់រោងចក្របន្ថែមនៅខេត្តពោធិ៍សាត់ លើផ្ទៃដីទំហំប្រមាណ៥០ហិកតា៕