(ភ្នំពេញ)៖ ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ នាពហុកីឡាដ្ឋានមរតកតេជោ ដែលមានមហាជនចូលរួមប្រមាណជិត៥ម៉ឺននាក់ ហើយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាពប្រគល់បាល់ ថតរូបអនុស្សាវរីយ៍ និងសំណេះសំណាលក្នុងព្រឹត្តិការណ៍នេះផងដែរ។

ដើម្បីឲ្យព្រឹត្តិការណ៍បាល់ទាត់មិត្តភាពនេះ ដំណើរការទៅដោយរលូន និងជោគជ័យ នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំមួយជាមួយស្ថាប័ន ដែលដឹកនាំដោយលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី, លោកសន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា, នាយឧត្តមសេនី ស ថេត អគ្គស្នងការនគរបាលជាតិ, លោក សំហេង បុរស តំណាងឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

នាយឧត្តមសេនីយ៍ សៅ សុខា បានលើកឡើងថា ការរៀបចំព្រឹត្តិការណ៍បាល់ទាត់នេះ គឺដើម្បីអបអរសាទរខួប២៦ឆ្នាំ ទិវាសន្តិភាពនៅកម្ពុជា ដែលរកមកបានដោយសម្តេចតេជោ ហ៊ុន សែន ដូច្នេះព្រឹត្តិការណ៍បាល់ទាត់នេះ ត្រូវតែធ្វើឡើងដោយភាពគគ្រឹកគ្រេងជាមួយការប្រគុំតន្ត្រី សម័យ បុរាណ។

ចំពោះការងារសន្តិសុខ នាយឧត្តមសេនីយ៍ សៅ សុខា កត់សម្គាល់ត្រូវតែពង្រឹងឲ្យបានម៉ឹងម៉ាត់បំផុត ព្រោះក្រុមជ្រុលនិយមចង់បំផ្លាញសន្តិភាពនៅកម្ពុជា ពួកគេនៅតែប៉ុនប៉ង់ជានិច្ច ដែលមិនត្រូវធ្វេសប្រហែសបានឡើយ។

ក្នុងនោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ព្រឹត្តិការណ៍បាល់ទាត់នេះ ចំពោះការផ្សព្វផ្សាយ ការតុបតែងត្រូវបានប្រគល់ជូនទូរទស្សន៍បាយ័នជាអ្នករៀបចំ។ ព្រឹត្តិការណ៍នេះ មានអ្នកចូលរួមទស្សនាប្រមាណជិត៥ម៉ឺននាក់ ដូច្នេះការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជារឿងសំខាន់បំផុត ដោយគ្រប់ស្ថាប័ន ត្រូវសហការគ្នាធ្វើឲ្យបានល្អបំផុតជាមួយការទទួលខុសត្រូវរៀងៗខ្លួន។

ជាមួយគ្នានេះ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា បាល់ទាត់នេះ ផ្សាភ្ជាប់ជាមួយសន្តិភាព។ សន្តិភាពបានមកដោយលំបាក ដូច្នេះហើយបានគេយកប្រទេសកម្ពុជាជាគំរូ រហូតគេផ្តល់មេដាយសន្តិភាពជូនកម្ពុជា «សម្ដេចតេជោ ហ៊ុន សែន» ថែមទៀត។

លោកសន្តិបណ្ឌិត នេត សាវឿន បានបន្តថា ព្រឹត្តិការណ៍បាល់ទាត់នេះ និងមានមហាជនចូលរួមជិត៥ម៉ឺននាក់ ពួកគាត់មកទស្សនា ជាមួយការចែកទឹកបរិសុទ្ធជូនហ្រ្វី។ ការតុបតែង ការសម្តែងសិល្បៈ មុនព្រឹត្តិការណ៍បាល់ទាត់ ត្រូវតែធ្វើឡើងដោយគគ្រឹកគ្រែងបំផុត ខណៈប្រព័ន្ធផ្សព្វផ្សាយ ត្រូវផ្សាយខ្លឹមសារនៃព្រឹត្តិការណ៍នេះឲ្យទូលំទូលាយ។

ចំពោះការងារសន្តិសុខ សណ្តាប់ធ្នាប់ ឧបនាយករដ្ឋមន្ដ្រី នេត សវឿន បានណែនាំឲ្យត្រូវរួមគ្នាធ្វើការងារ និងទទួលខុសត្រូវទាំងអស់គ្នា ហើយសុំឲ្យមានការចូលរួមពីក្រុមយុវជនស្ម័គ្រចិត្តផងដែរ។ ក្រៅពីការងារសន្តិសុខសណ្តាប់ធ្នាប់ ការងាររៀនចំចំណត និងការងារអនាម័យ ក៏ត្រូវយកចិត្តទុកដាក់ផងដែរ ជាមួយនិងការជំរុញឲ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បន្ថែមល្បឿនកម្លាំងសេវាទូរស័ព្ទ ដោយសារមនុស្សចូលរួមច្រើន។

សូមជម្រាបថា ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ សាលារាជធានីភ្នំពេញ សហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្រុមបាល់ទាត់តារាកម្ពុជា និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ នឹងរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាព នៅពហុកីឡាដ្ឋានមរតកតេជោ ដោយមានការប្រកួតចំនួន២គូ ដោយគូទី១ ក្រុមបាល់ទាត់គុនខ្មែរប្រកួតជាមួយក្រុមបាល់ទាត់ តារាកម្ពុជា និងគូទី២ ក្រុមបាល់ទាត់ ស.ស.យ.ក.ប្រកួតជាមួយក្រុមបាល់ទាត់តារាកម្ពុជា ដោយគ្រោង អ្នកចូលរួមប្រមាណ៤ម៉ឺន ទៅ៥ម៉ឺននាក់ ហើយសម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីសម្រាប់ការប្រកួតគូទី២ រវាងក្រុមបាល់ទាត់ ស.ស.យ.ក. និងក្រុមបាល់ទាត់តារាកម្ពុជា៕