(ភ្នំពេញ)៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សតនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ ស្អែកនេះ ទ្រង់នឹងបើកព្រះរាជពិធីសម្ពោធប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណា ព្រះមហាក្សត្រ សីហមុនី និងពិធីអបអរសាទរខួបឆ្នាំទី២០ នៃការបង្កើតពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងពិធីខួបឆ្នាំទី៣៣ នៃគណៈធម្មយុត្តិកនិកាយកម្ពុជា នៅក្នុងវត្តស្វាយពពែ ភូមិទី៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាងនាមព្រះប្រធានប៉ុស្ដិ៍សុខភាព សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី បានមានព្រះរាជបន្ទូលថា៖ ប៉ុស្ដិ៍សុខភាពនេះគឺសម្រាប់ប្រើប្រាស់ទូទៅដល់សាមណនិស្សិត-និស្សិត នៃពុទ្ធិសាកលវិទ្យាល័យព្រះសីហមុនីរាជា និងព្រះសង្ឃ ប្រជាពលរដ្ឋទូទៅដោយព្យាបាលមិនគិតថ្លៃ។

សម្ដេចព្រះមហាសង្ឃរាជមានបន្ទូលបន្តថា៖ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណា ព្រះមហាក្សត្រសីហមុនី ទទួលបានការប្រោសប្រទានព្រះរាជនាមដ៏ថ្លៃថ្លាបំផុតពីព្រះករុណា ព្រះមហាក្សត្ស នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមព្រះរាជកិច្ច ដឹកនាំស្ថាបនិកដោយផ្ទាល់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងជាព្រះប្រធានប៉ុស្តិ៍សុខភាព ដោយទឹកព្រះទ័យមេត្តា សតិបញ្ញា និងគុណធម៌ដ៏ថ្លៃថ្លាជាទីបំផុត ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ផែនការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បេសកកម្មដ៏ស្វាហាប់ ក្នុងការលើកកម្ពស់វិស័យអប់រំ និងសុខភាពសាធារណៈ ដើម្បីលើកតម្កើងនូវឧត្តមភាពជាតិ សាសនា ព្រះមហាក្សត្រ ក្នុងម្លប់តេជោសន្តិភាព វឌ្ឍនភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមរំលឹកជូនថា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យព្រះរាជទានប៉ុស្តិ៍មណ្ឌលសុខភាព ស្ថិតនៅបរិវេណវត្វស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជា «ប៉ុស្តិ៍មណ្ឌលសុខភាព ព្រះរាជគ្រូ បួរ គ្រី ព្រះករុណា ព្រះមហាក្សត្រ សីហមុនី» នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ ​កន្លងទៅនេះ៕