(ភ្នំពេញ)៖ កម្ពុជា-សាធារណរដ្ឋសឹង្ហបុរី បានធ្វើការសម្តែងសុឆន្ទៈ និងការបេ្តជ្ញាចិត្តរួមគ្នា ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីសម្រេចឱ្យបាន សមិទ្ធផលកាន់តែប្រសើរឡើង និងជាប្រយោជន៍ដល់ការកសាងប្រទេសទាំងពីរ ទាំងនាពេលបុច្ចុប្បន្ន និងនាពេលអនាគត ។
ការប្ដេជ្ញាដ៏រឹងមាំនេះធ្វើឡើងក្នុង ជំនួបពិភាក្សាសម្ដែងការគួរសមរវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងលោក Michael TAN Keng Siong ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសឹង្ហបុរី ប្រចាំកម្ពុជា នៅទីស្តីការក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦។
ក្នុងកិច្ចជំនួបនោះផងដែរ លោកឯកអគ្គរដ្ឋទូត និង លោករដ្ឋមន្រ្តី បានសម្តែងគារវកិច្ច ប្រកបដោយភាពស្និទ្ធស្នាល និងការស្វាគមន៍យ៉ាងកក់ក្តៅ និងបានរំឭកឡើងវិញ ពីកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កាកន្លងមក ក្នុងចំណងមិត្តភាពដ៏រឹងមាំ និងយូរអង្វែងរវាងកម្ពុជា និងសឹង្ហបុរី។
ទន្ទឹមនឹងនោះដែរ លោក ប៉ាន សូរស័ក្តិ បានចែករំលែកពីបច្ចុប្បន្នភាព នៃការងារជាអាទិភាព របស់ក្រសួងពាណិជ្ជកម្មដល់លោក ឯកអគ្គរដ្ឋទូតយ៉ាងច្រើនរួមមាន ១.ការអភិវឌ្ឍធនធានមនុស្ស សម្រាប់វិស័យពាណិជ្ជកម្ម ២.ការបង្កើតក្របខណ្ឌច្បាប់ ដើម្បីទ្រទ្រង់ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម ដូចជា ច្បាប់ពាណិជ្ជកម្មអេឡិចត្រូនិច (E-Commerce) ច្បាប់ប្រកួតប្រជែង ច្បាប់ការពារអ្នកប្រើប្រាស់ និងសុវត្ថិភាពចំណីអាហារ ៣.ចក្ខុវិស័យក្នុងការជំរុញវិស័យកាត់ដេរ និងវិស័យកម្មន្តសាលកម្ពុជា ឱ្យឈានឡើង មួយកម្រិតទៀតគឺ វិស័យដែលប្រើប្រាស់កម្លាំងពលកម្ម ពាក់កណ្តាលជំនាញ (semiskilllabor) ៤.និងការចូលរួមចំណែកក្នុងការជំរុញ ការអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងមធ្យម និងការពង្រឹកកិត្យានុភាពកម្ពុជា នៅលើឆាកអន្តរជាតិ ជាដើម ។ល។
លោក Michael TAN Keng Siong ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសឹង្ហបុរីប្រចាំកម្ពុជា បានអបអរសាទរចំពោះសមិទ្ធផល ការងារកន្លងមក របស់ក្រសួងពាណិជ្ជកម្ម និង សម្តែងក្តីរីករាយ ក្នុងការចូលរួមជួយក្រសួង ដើម្បីសម្រេចការងារ ជាអាទិភាពទាំងនេះ ទៅតាមភាពជាក់ស្តែង៕