(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាបសូមជូនដំណឹង ស្តីពីការទទួល និងដាក់ពាក្យសុំចូលរួមប្រកួតបង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរីក្នុងឱកាសនៃការរៀបចំព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងឯក និងខ្លែងសេរី ខេត្តសៀមរាប ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃសុក្រ-អាទិត្យ ១២-១៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧-២៩ ខែ ធ្នូ ឆ្នាំ២០២៤ខាងមុខ នៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិសៀមរាប(ចាស់)។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង លោក មួន សុភាព ទូរសព្ទលេខ ០១២ ៩៣៨ ៤២៨ ឬលោក ព្រំ ខេមរា ទូរសព្ទលេខ ០១២ ៦០៨ ៦០៨។
ក្នុងនោះផងដែរ រដ្ឋបាលខេត្តសៀមរាប ក៏បានជម្រាបជូនដំណឹងថា ដើម្បីចូលរួម ថែរក្សាសម្បត្តិវប្បធម៌ អរិយធម៌ និងស្របតាមយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំពិធីបុណ្យខ្លែងឯកខ្មែរ ខេត្តសៀមរាប ឆ្នាំ២០២៤ ចាប់ពីថ្ងៃសុក្រ-អាទិត្យ ១២-១៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងព្រឹត្តិការណ៍ នេះ រដ្ឋបាលខេត្តនឹងមានរៀបចំកម្មវិធីមួយចំនួនដូចខាងក្រោម៖
១- កម្មវិធីប្រកួតបង្ហោះខ្លែងឯកខ្មែរ ដែលមកពីបណ្តារាជធានី-ខេត្ត ទូទាំងព្រះរាជាណាចក្រកម្ពុជា និងមន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក ក្នុងខេត្តសៀមរាប។
២- កម្មវិធីពិព័រណ៍ផលិតផលក្នុងស្រុក ពិព័រណ៍បន្លែផ្លែឈើ និងពិព័រណ៍ម្ហូបអាហារ ភូមិមួយ ផលិតផលមួយ ការសម្តែងល្ខោនបាសាក់ ល្ខោននិយាយ និងការប្រគុំតន្ត្រីបុរាណ និងសម័យ នាពេលរាត្រី។
៣- កម្មវិធីបង្ហាត់បង្ហាញអំពីរបៀប នៃការធ្វើខ្លែងឯកខ្មែរ និងខ្លែងសេរី ដោយព្រឹទ្ធាចារ្យខ្លែងឯក ក្នុងខេត្តសៀមរាប៕