(ភ្នំពេញ)៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់អ្នកនយោបាយជ្រុលនិយម ដែលដឹកនាំដោយ លោក សម រង្ស៉ី កុំឱ្យភ្ជាប់ស្ថានភាពដែលកើតឡើងនៅប្រទេសមួយចំនួន ជាមួយនឹងប្រទេសកម្ពុជា ដោយសារស្ថានភាព ប្រវត្តិសាស្ត្រ លក្ខខណ្ឌសង្គម មិនដូចគ្នាទេ។
លោកបណ្ឌិត បានលើកឡើងបែបនេះ ក្នុងកិច្ចពិភាក្សាតុមូលស្ដីពី «ការបង្កើតចលនាតស៊ូនយោបាយក្រៅប្រទេស» ដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤នេះ។
លោកបណ្ឌិត បានលើកឡើងថា៖ «អ្នកនយោបាយខ្មែរយើង គាត់តែងតែភ្ជាប់ហេតុការណ៍ខាងក្រៅប្រទេស ទៅក្នុងប្រទេសរបស់យើង ប៉ុន្តែខ្ញុំគ្រាន់តែបញ្ជាក់ថា កម្ពុជាគឺកម្ពុជា កូរ៉េគឺកូរ៉េ វេណេស៊ុយអេឡាគឺវេណេស៊ុយអេឡា បង់ក្លាដេសគឺបង់ក្លាដេស ស្ថានភាព ប្រវត្តិសាស្ត្រ លក្ខខណ្ឌសង្គម នយោបាយសេដ្ឋកិច្ច វប្បធម៌ ធនធានមនុស្ស គឺមិនដូចគ្នាទេ ដូច្នេះយើងមិនអាចយកផ្លែក្រូច ទៅធៀបនឹងផ្លែប៉មបានទេ»។
ជាមួយគ្នានេះ លោកបណ្ឌិត គិន ភា ក៏បានអំពាវនាវឱ្យកម្ពុជាខិតខំធ្វើយ៉ាងណាកុំឱ្យមានកម្លាតសង្គម និងអយុត្តិធម៌សង្គម ដើម្បីកុំឱ្យក្រុមប្រឆាំង អាចប្រើប្រាស់ជាអាវុធ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលតទៅទៀត៕