(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានលើកឡើងថា ផ្លូវបេតុងខ្វែងខ្វាត់ក្នុងមូលដ្ឋាន ជាតឹកតាង នៃសុខសន្តិភាព និងការអភិវឌ្ឍ។ លោក សាយ គឹមឡម បានថ្លែងពេល អញ្ជើញចុះត្រួតពិនិត្យមើលដំណើរការធ្វើផ្លូវបេតុងថ្មីស្ថិតនៅក្នុងភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ រសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤។
លោកបានអំពាវនាវបន្ថែមទៀតដល់ពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវបេតុងថ្មីនេះ ត្រូវនាំគ្នាជួយថែរក្សាសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន ដើម្បីសោភ័ណភាពផ្លូវ ឬកុំឱ្យមានការកកស្ទះ ឬសំរាមនានាដែលបង្កភាព អនាធិបតេយ្យនិងកង្វក់បរិស្ថានជាដើម។
លោកបានណែនាំលោកមេឃុំកំពង់ចិនត្បូង និងសហការី ត្រូវខិតខំផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ជាពិសេសត្រូវនាំគ្នាតាមដានត្រួតពិនិត្យជាប្រចាំរាល់សកម្មភាពសាងសង់របស់អ្នកម៉ៅការ ដើម្បីធានាបានតាមបទដ្ឋានបច្ចេកទេសគុណភាព។
អភិបាលស្រុកបានជំរុញដល់អ្នកទទួលការ សូមធ្វើផ្លូវបេតុងថ្មីនេះប្រកបដោយបទដ្ឋានបច្ចេកទេស កិច្ចសន្យាដើម្បីធានាបាននូវគុណភាពខ្ពស់ជាពិសេសទទួលបាននូវផ្លូវថ្មីប្រកបដោយសោភ័ណភាពនិងប្រើប្រាស់បានយូរអង្វែង។
គួរបញ្ជាក់ថា ផ្លូវបេតុងថ្មីដែលកំពុងដំណើរការសាងសង់នេះមានប្រវែង ១៨៣ម៉ែត្រ ទទឹង ០៥ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ដែលជាថវិកាមូលនិធិឃុំកំពង់ចិនត្បូងឆ្នាំ២០២៤៕