Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យ និងវាយតម្លៃផ្លូវ១៨ខ្សែ នៅខេត្តតាកែវ

06-12-2024 15:38

(តាកែវ)៖ រយៈពេលពេញមួយថ្ងៃសុក្រទី៦ ខែធ្នូ ឆ្នាំ២០២៤ លោកបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការតំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ ជនបទខេត្តតាកែវ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមនឹងមន្រ្តីជំនាញ បានចុះត្រួតពិនិត្យ និងវាយតម្លៃដំណាក់កាលទី២ លើការងារថែទាំ និងស្ថាបនាផ្លូវ ចំនួន១៨ខ្សែ ដោយក្រាលកៅស៊ូ DBST ចំនួន៤ខ្សែ ប្រវែង ៥៨,៥៩០ម៉ែត្រ និងក្រាលគ្រួសស និងក្រហម និងក្រាលល្បាយថ្មភ្នំ ចំនួន១៤ខ្សែ មានប្រវែងសរុប ៩០,០០០ម៉ែត្រ ស្ថិតនៅស្រុកសំរោង ស្រុកត្រាំកក់ ស្រុកទ្រាំង ស្រុកកោះអណ្ដែត ស្រុកបាទី និងស្រុកគិរីវង់ ខេត្តតាកែវ។

នៅក្នុងឱកាសនោះលោក នួន ដាញ៉ិល បានលើកឡើងថា ផ្លូវគឺជាសសៃឈាមតភ្ជាប់សេដ្ឋកិច្ចពីតំបន់មួយទៅកាន់តំបន់មួយ ដូចជា ការដឹកជញ្ជូនកសិផល ទៅកាន់ទីផ្សារ សិស្សានុសិស្សទៅសាលារៀន ការធ្វើដំណើររបស់បងប្អូន ប្រជាពលរដ្ឋបានគ្រប់រដូវកាល និងការដឹកអ្នកជម្ងឺទៅកាន់មណ្ឌលសុខភាពបានទាន់ពេលវេលា។

លោកបណ្ឌិត នួន ដាញ៉ិល បានណែនាំអ្នកទទួលការស្ថាបនាឲ្យជួយថែទាំផ្លូវទាំងអស់ឲ្យបានដិតដល់ និងត្រូវចេះសហការណែនាំបំផុសប្រជាជន អាជ្ញាធរមូលដ្ឋាន ឱ្យចូលរួមជួយថែទាំផ្លូវខាងលើ ដោយចាត់ទុកថាផ្លូវនេះជារបស់ ពួកគាត់ ព្រមទាំងមានការយាមកាមឲ្យបានហ្មត់ចត់ និងចៀសវាងកុំឱ្យមានរថយន្តដឹកលើសទម្ងន់កម្រិតកំណត់ ធ្វើចរាចរណ៍លើផ្លូវជនបទ ដើម្បីរក្សាគុណភាពផ្លូវ និងប្រើប្រាស់បានយូរអង្វែង។

បើតាមរបាយការណ៍របស់លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ, នៅទូទាំខេត្តតាកែវ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានស្ថាបនា និងថែទាំផ្លូវក្នុងឆ្នាំ២០២៤ បានចំនួន១៨ខ្សែ ដែលមានប្រវែងសរុប ១៤៨,៥៩០ម៉ែត្រ ដោយមានកន្លែងខ្លះបានស្ថាបនាផ្លូវក្រាលកៅស៊ូប្រភេទ DBST និងក្រាលគ្រួសស គ្រួសក្រហម ក្រាលល្បាយថ្មភ្នំ និងក្រាលខ្សាច់ភ្នំ នៅក្នុងស្រុកសំរោង ស្រុកត្រាំកក់ ស្រុកទ្រាំង ស្រុកកោះអណ្ដែត ស្រុកបាទី និងស្រុកគិរីវង់៕