(ភ្នំពេញ)៖ ក្រសួងកិច្ចការនារី និងក្រសួងព័ត៌មាន សហការជាមួយអង្គការ UNESCO បានរៀបចំវេទិកាសារព័ត៌មានប្រចាំឆ្នាំស្តីពីសមភាពយេនឌ័រ ក្រោមប្រធានបទ ក្រោមប្រធានបទ «តួនាទីរបស់សារព័ត៌មាន ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងទប់ស្កាត់អំពើហិង្សាលើស្ត្រី» នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ម្សិលមិញ។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីរបស់លោកស្រីកតិ្តបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន ពាក់ព័ន្ធ មន្ត្រីស្ថានទូត ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និស្សិត អ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ប្រមាណ៣០០រូប ចូលរួមដោយផ្ទាល់ និង១០០រូប ចូលរួមតាមប្រព័ន្ធអនឡាញ។
រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានគូសបញ្ជាក់ អំពីការគាំទ្ររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សមភាពយេនឌ័រនិងការបង្កើនភាពអង់អាចរបស់ស្ត្រី តាមរយៈការកំណត់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ «ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព» និងការដាក់ចេញនូវផែនការយុទ្ធសាស្ត្រនារីរតនៈទី៦ ២០២៤-២០២៨ របស់ក្រសួងកិច្ចការនារី ក្នុងជំរុញការបញ្ជ្រាបយេនឌ័រ តាមរយៈអភិក្រមបរិវត្តកម្មយេនឌ័រ និងយុទ្ធសាស្ត្រអាទិភាព ក្នុងការលើកកម្ពស់ស្ថានភាព ឋានៈ និងតួនាទីស្ត្រី និងក្មេងស្រី នៅក្នុងវិស័យសេដ្ឋកិច្ច សុខុមាលភាព កិច្ចការពារផ្លូវច្បាប់ ការប្រែប្រួលអាកាសធាតុ អភិបាលកិច្ច និងការលើកកម្ពស់សីលធម៌សង្គម។
លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី បានសង្កត់ធ្ងន់ អំពីគុណតម្លៃ និងតួនាទីដ៏សំខាន់របស់អ្នកសារព័ត៌មាន អ្នកផលិតមាតិកាផ្សព្វផ្សាយ និងអ្នកដែលមាន
ប្រជាប្រិយភាពក្នុងប្រព័ន្ធផ្សព្វផ្សាយ ក្នុងការចូលរួមលើកកម្ពស់ការយល់ឃើញ ទស្សនៈយល់ដឹង និងសម្រួចគំនិតប្រជាពលរដ្ឋព្រមទាំងជំរុញការអនុវត្តសកម្មភាពវិជ្ជមាន ការអនុវត្តសិទ្ធិស្ត្រី និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី នៅក្នុងគ្រប់វិស័យ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្រសួងព័ត៌មាននឹងជំរុញលើកទឹកចិត្តឱ្យមានការចូលរួមកាន់តែច្រើនពីស្ត្រីនៅក្នុងវិស័យសារព័ត៌មាន ហើយបង្កលក្ខណៈសមរម្យ និងអំណោយផលដល់ស្ត្រីនៅក្នុងការងារសារព័ត៌មាន។
លោកដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មាន មានឥទ្ធិពលក្នុងការផ្លាស់ប្តូរផ្នត់គំនិតអវិជ្ជមានលើស្ត្រី និងក្មេងស្រី ជាមួយគ្នានេះសិទ្ធិ សំលេង និងតម្រូវការរបស់ស្ត្រី និងក្មេងស្រី ក៏បានផ្សព្វផ្សាយបានយ៉ាងទូលំទូលាយ គ្រប់ជ្រុងជ្រោយ បង្កភាពងាយស្រួលក្នុងការសម្រេចចិត្តក្នុងជីវភាពរស់នៅប្រចាំថ្ងៃពួកគេថែមទៀត៕
ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរួមពីវេទិកាសារព័ត៌មានប្រចាំឆ្នាំស្តីពីសមភាពយេនឌ័រ៖