(ភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ទី៦ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យលោក Yoshihisa Kainuma ប្រធានប្រតិបត្តិក្រុមហ៊ុនមីនីបៀ (MinebeaMitsumi inc.) ជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធការវិនិយោគ។

សូមបញ្ជាក់ថា ក្រុមហ៊ុនមីនីបៀ ជាក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន ដែលបានវិនិយោគនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១០ ដោយផលិតជាម៉ូទ័រសម្រាប់នាំចេញទៅលក់នៅក្រៅប្រទេស។ បច្ចុប្បន្នក្រុមហ៊ុនមានផលិតអំពូល LED និងសម្ភារៈក្មេងលេងកម្សាន្តផងដែរ។

ក្រុមហ៊ុននេះ ចូលមកវិនិយោគក្រោមកិច្ចធានា និងការពារផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។ រយៈពេលជាង១០ឆ្នាំនៅកម្ពុជា ក្រុមហ៊ុនបានរីកចម្រើនលូតលាស់យ៉ាងខ្លាំងលើអាជីវកម្មរបស់ខ្លួន ជាមួយទុនសរុបជាង៦០០លានដុល្លារហើយ។ បច្ចុប្បន្នក្រុមហ៊ុន បានពង្រីករោងចក្រមួយបន្ថែមទៀត នៅក្នុងខេត្តពោធិ៍សាត់៕