(កំពង់ឆ្នាំង)៖ ដោយសារតែរដូវនេះ ជារដូវទឹកទន្លេសាបហូរចាក់ចូលទន្លេមេគង្គវិញ ចំណែកទឹកនៅតាមទីបឹងបួរ វាលទំនាបក៏ត្រូវបានហូរចាក់ចូលមកទន្លេវិញជាបណ្ដើរៗផងដែរ។ ដោយឡែកហ្វូងមច្ឆាទាំងឡាយដែលបានឡើង ទៅរកកន្លែងពងកូន នារដូវទឹកឡើង ក៏បាននាំកូនចៅចុះមករកទីទឹកជ្រៅវិញ ដើម្បីជ្រកកោនចិញ្ចឹមកូនចៅបន្តជីវិតរស់រានទៅតាមធម្មជាតិ។
ជាមួយគ្នានេះ ប្រជានេសាទរស់នៅតាមដងទន្លេ ក៏បានចាប់ផ្ដើមនេសាទនារដូវត្រីចុះ ហើយក៏ជារដូវដែលប្រជានេសាទត្រូវប្រមូលផលនេសាទ ដើម្បីយកមកធ្វើប្រហុកផ្អកទុកសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសាររយៈពេលយូរអ ង្វែង។ ក្នុងនោះក៏មានប្រជានេសាទខ្លះ បាននេសាទជាលក្ខណៈគ្រួសារដាច់ប្រើឧបករណ៍នេសាទត្រឹមត្រូវស្របទៅតាមច្បាប់ស្តីពីជលផល និងអ្នកខ្លះទៀតក៏បានធ្វើការនេសាទបែបទ្រង់ទ្រាយធំ ដោយពួកគេបានប្រើឧបករណ៍ នេសាទខុសច្បាប់ដូចជា ការប្រើឧបករណ៍សាច់អួនក្រឡាញឹក, ស្បៃមុង, សាច់សារូ, ដាក់លាតសន្ធឹងធ្វើជារបាំងធ្នួស សម្រាប់ដាក់លបស្ទាក់ចាប់ត្រីដែលរបាំងខ្លះមានបណ្ដោយវែងៗខុសពីច្បាប់ស្ដីពីជលផលផងដែរ។
លោក លី ឡា នេះខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានឲ្យដឹងថា ការនេសាទដោយប្រើឧបករណ៍នេសាទខុសច្បាប់ទាំងអស់ខាងលើនេះ ក៏ត្រូវបានមន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋ បាលតាមបណ្ដាស្រុកដែលពាក់ព័ន្ធមួយចំនួន បានធ្វើការបង្ក្រាបជាញឹកញាប់ផងដែរ។
ប៉ុន្តែជនខិលខូចមួយចំនួននៅតែមិនរាងចាលដោយឡែកនៅក្នុងតំបន់ខ្លះពេលសមត្ថកិច្ចចុះបង្ក្រាបថ្ងៃនេះ ថ្ងៃស្អែកកើតមានវិញដដែលក៏មានដែរ។ ហេតុនេះបានធ្វើឲ្យមន្ត្រីជំនាញក៏ដូចជាអាជ្ញាធរមូលដ្ឋានពិបាកក្នុងការទប់ស្កាត់ ចំពោះសកម្មភាពរបស់ជនខិលខូចទាំងនេះ តែទោះជាយ៉ាងនេះក្តីទាំងមន្ត្រីជំនាញជលផលក៏ដូចជាគណៈបញ្ជាការឯកភាពតាមបណ្ដាស្រុក នៅតែបន្តចុះរុះរើនិងបង្ក្រាបជាបន្តបន្ទាប់។
លោកបានបញ្ជាក់ទៀតថា នៅក្នុងសប្តាហ៍នេះគឺក្រុមការងាររបស់លោកសហកាជាមួយគណៈបញ្ជាការឯកភាពរដ្ឋ បាលតាមបណ្ដាស្រុកដែលពាក់ព័ន្ធ បានធ្វើសកម្មភាពបង្ក្រាបបទល្មើសនេសាទបានជាច្រើនទីតាំងផងដែរ។ ជាក់ ស្ដែងកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងរួមមាន៖
*ទី១៖ ក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយប៉ុស្តិ៍នគរបាល សហគមន៍នេសាទ និងអាជ្ញាធរឃុំកំពង់ ព្រះគគីរ ដឹកនាំដោយលោក តាត សីហាក់ នាយផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង ប្រើប្រាស់កាណូតស្មាច់ចំនួន៥ គ្រឿង កម្លាំងចូលរួមចំនួន១៧នាក់ បានចុះប្រតិបត្តិការរុះរើសម្រាស់នៅចំណុចព្រែកអន្លង់ទន្លា ភូមិដំណាក់រាជ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង សមត្ថកិច្ចចម្រុះបានឯកភាពគ្នារុះរើបំផ្លាញចោលនៅនិងកន្លែង។
*ទី២៖ ដឹកនាំដោយលោក អ៉ឹង ជឺប៉ោ នាយរងខណ្ឌរដ្ឋ បាលជលផលកំពង់ឆ្នាំងរួមមាន៖ ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សង្កាត់រដ្ឋបាលជលផលជលគិរី និងសហគមន៍នេសាទភូមិកោះធំ ភូមិអន្លុងមេត្រីសែនជ័យ ភូមិថ្មី កម្លាំងចូលរួមសរុបចំនួន១២នាក់ និងមធ្យោបាយធ្វើដំ ណើរកាណូត៤គ្រឿង បានចុះបង្ក្រាបបទល្មើសជលផលស្ថិតនៅក្នុងដែននេសាទក្នុងភូមិសាស្ត្រផ្នែកខាងមុខ និងខាងក្រោយភូមិក្បាលកន្លង ឃុំពាមឆ្កោក ស្រុកជលគិរី ខេ ត្តកំពង់ឆ្នាំង ដែលមានជនខូចលួចធ្វើការនេសាទដោយប្រើឧបករណ៍រលូរួមផ្សំរបាំងស្បៃមុង ក្នុងនោះសម្ថកិច្ចយើ ងបានឯកភាពគ្នាធ្វើការរុះរើ និងបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់នៅ និងកន្លែង។
ជាលទ្ធផលទទួលបានដូចខាងក្រោម៖ ១- របាំងស្បៃមុងចំនួន១ករណី មានចំនួន៦កន្លែងប្រវែង៣៥០ម៉ែត្រ លូស្បៃមុងចំនួន៦គ្រឿង បង្គោលចំនួន១៥០ដើម ចាក់លែងកូនត្រីចំរុះចំនួន៣០គីឡូក្រាម។ ២-រុះរើសម្រាស់ចំនួន១ក រណីមានចំនួន៣២កន្លែង ស្មើនិង៨០០០ម៉ែត្រការ៉េ បង្គោលចំនួន១៥០ដើម មែកសម្រាស់ចំនួន៦០០មែក ខ្សែចងនិងលួសប្រវែង១០០០ម៉ែត្រ។
ដោយឡែកនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានចុះអនុវត្តដូចខាងក្រោម៖ ១-ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ផ្នែករដ្ឋ បាលជលផលកំពង់ប្រាសាទ សង្កាត់រដ្ឋបាលជលផលជ លគីរីសហការណ៍ជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជលគិរីកម្លាំងចូលរួមសរុបចំនួន២៤នាក់ និងមធ្យោបាយបាឡាស្មាច់៧គ្រឿង បានចុះបង្ក្រាបបទល្មើសជលផ លរបាំងលូស្បៃមុង ស្ថិតនៅក្នុងដែន នេសាទចំណុចព្រែកប្រចាន់ ភូមិព្រៃគ្រីជើង និងចំណុច ដាអំបិល ស្ថិតក្នុងភូមិកោះធំ ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
ក្នុងនោះដែរកម្លាំងចម្រុះ បានរុះរើបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់ទាំងអស់នៅនឹងកន្លែង។ ជាលទ្ធផលទទួលបានដូចខាងក្រោម៖ រុះរើរបាំងស្បៃមុងចំនួន១ករណីមានចំនួន១០កន្លែង ប្រវែង៥០០ម៉ែត្រ លូស្បៃមុងចំនួន១០គ្រឿង បង្គោលចំនួន៣០០ដើម និងចាក់លែងកូនត្រីចំរុះចំនួន ៦០គីឡូក្រាមចូលទៅក្នុងដែននេសាទវិញផងដែរ។
ពាក់ព័ន្ធនឹងករណីបទល្មើសនេសាទនេះ ប្រជាពលរដ្ឋនៅក្នុងភូមិកំពង់បាស្រូវ ស្រុកជលគីរី ភាគច្រើនបានស្នើ សុំដល់មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សូមមេត្តាជួយចុះពិនិត្យមើលសកម្មភាពបទល្មើសនេសាទ ដោយប្រើឧបករណ៍របាំងស្បៃមុង ដែលបច្ចុប្បន្នគេបានដាក់ផ្ជិតព្រែកចំនួន៣ នៅចំណុចភូមិសាស្ត្រចុងបឹងធំ ដែលជាទីតាំងគ្រប់គ្រងដោយសហគមនេសាទភូមិកំពុងបាស្រូវ។ ក្នុងនោះមានព្រែកចាអោក, ២-ព្រែកប៉ារឿ និង៣-ព្រែកអូរប្រឡាយព្រែកច្រវ៉ាទល់មុខខ្ទមលោកយាយត្រើយខាងកើតបឹង។
ពួកគាត់បានបញ្ជាក់ថា ព្រែកទាំង៣នេះ គ្រប់គ្រងដោយសហគមន៍នេសាទភូមិកំពុងបាស្រូវ និងក៏ជាផ្លូវដ៏សំខាន់សម្រាប់ត្រីធ្វើចរាចរណ៍ចូលមកក្នុងបឹងធំផងដែរ។ តែបច្ចុប្បន្នពលរដ្ឋក្នុងសហគមន៍មិនអាចរកនេ សាទបាននោះទេរកបានតែបុគ្គល២ទៅ៣នាក់តែប៉ុណ្ណោះ សូម្បីតែលបកំពឹសដែលពលរដ្ឋយកទៅដាក់នៅផ្នែកខាងលើរបាំងរបស់ពួកគេ ក៏ត្រូវបានម្ចាស់របាំងគេលើកចោល ដាក់ទៅលើគោកអស់ដែរ។
តែបើរបាំងស្បៃមុងរបស់ពួកគេវិញ គឺគេដាក់លាតសន្ធឹងពីម្ខាងទៅម្ខាងដែលមានប្រវែងៗមិនអាចស្មានត្រូវនោះឡើយ គឺដាក់កាត់ព្រែកទាំង៣ ដែលជាចរាចរណ៍ត្រីស្ថិតនៅចំណុចបឹងធំ ក្នុងភូមិកំពង់បាស្រូវ ឃុំជលសារ ស្រុកជលគិរី ដូចបានជម្រាបជូនខាងលើនេះ។ ពួកគាត់ស្នើសុំឲ្យមន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង មេត្តាចុះមកពិនិត្យមើលទីតាំងដូចដែលបានរាយការណ៍ជូនខាងលើនេះ ជាក់ស្ដែងតាមការស្នើសុំរបស់ពួកគាត់ផងចុះ៕