(កែប)៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានស្នើឱ្យជួរថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប ត្រូវជំរុញគណៈកម្មការត្រួតពិនិត្យយានយន្ដ ទប់ស្កាត់ឲ្យបាន ការដឹកជញ្ជូនលើសទម្ងន់កំណត់ សហត្រួតពិនិត្យយានយន្ដកែច្នៃខុសលក្ខណៈបច្ចេកទេស និងចូលរួមសហការកាត់បន្ថយគ្រោះថា្នក់ចរាចរណ៍ជាអតិបរិមារ និងត្រួតពិនិត្យបច្ចេកទេសសាងសង់ ថែទាំ ជួសជុល ស្ពានផ្លូវ ឲ្យបានរឹងមាំ បន្ដគាំទ្រ និងខិតខំសម្រេចឲ្យបានផែនការមេ លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ពាក់ព័ន្ធជុំវិញលើវិស័យសាធារណការ និងដឹកជញ្ជូន។

លោក សោម ពិសិដ្ឋ ថ្លែងបែបនេះ ពេលលោកចូលរួមជាអធិបតីក្នុងពិធីបូកសរុបលទ្ធផលការងារសម្រេចបាន ក្នុងឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៥ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកែប។

ទន្ទឹមនេះ លោកអភិបាលខេត្ត បានលើកបញ្ជាក់ទៀតថា សមិទ្ធផលដែលមន្ទីរសាធារណការ និងដឹកជញ្ជូន សម្រេចបានក្នុងឆ្នាំ២០២៤ កន្លងមកនេះ បញ្ជាក់ឲ្យឃើញអំពីការខិតខំសម្រេចបាននូវចំណុចអាទិភាព នៃគោលនយោបាយរបស់រាជរដ្ឋាភិបាល លើកិច្ចការសាងសង់ ថែទាំ ជួសជុល ផ្លូវ ស្ពាននានា ក្នុងការផ្ដល់សេវាខិតទៅកាន់តែជិតប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ក្រៅពីសមិទ្ធផលខាងលើ មន្ទីរអនុវត្តន៍បានយ៉ាងល្អ ក្នុងការចុះបញ្ជីការ និងការផ្ដល់បណ្ណយានយន្ដ ការគ្រប់ការងារដឹកជញ្ជូន ការត្រួតពិនិត្យលក្ខណៈបច្ចេកទេស ការត្រួតពិនិត្យការដឹកជញ្ជូនទំនិញ លើសកម្រិតកំណត់ ការត្រួតពិនិត្យយានយន្ដកែឆ្នៃ ខុសលក្ខណៈបច្ចេកទេស ការរឹតបន្ដឹង ការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក និងការអនុវត្តច្បាប់ស្ដីពីផ្លូវថ្នល់ផងដែរ។

យោងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២៤របស់លោក ម៉ម ទូច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប បានបញ្ជាក់ថា លទ្ធផលការងារ ដែលសម្រេចបានក្នុងឆ្នាំ២០២៤ ចែកចេញជា២វិស័យសំខាន់ៗ៖

*ទី១៖ វិស័យសាធារណការ រួមមាន៖ ៣គម្រោង គឺគម្រោងថែទាំខួប មាន២គម្រោង, គម្រោងថែទាំប្រចាំ និងគម្រោងបន្ទាន់មានចំនួន២គម្រោង, គម្រោងរបស់ដៃគូរអភិវឌ្ឍន៍នានា ចំនួន ២គម្រោង
*ទី២៖ វិស័យដឹកជញ្ជូន និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយបានចុះបញ្ជីរថយន្ដ១៨គ្រឿង, បានចុះយុទ្ធនាការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក, យុទ្ធនាការអនុវត្តរឹតបន្ដឹង ការពាក់មួកសុវត្តិភាព និងយុទ្ធនាការបិទស្ទិកគ័រ ចំនួន១៦លើក, ការត្រួតពិនិត្យយានយន្ដកែឆ្នៃខុសលក្ខខណ្ឌបច្ចេកទេស ចំនួន ៥៣៣គ្រឿង, ចំនួនគ្រោះថ្នាក់ចារាចរណ៍ក្នុងឆ្នាំ២០២៤ កើនឡើង៣៤លើក និងការងារសំខាន់ៗមួយចំនួនទៀតផងដែរ៕