(ភ្នំពេញ)៖ លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានបកស្រាយពីយុទ្ធសាស្ត្រនៃចលនាតស៊ូនៅក្រៅប្រទេស របស់ សម រង្ស៉ី និងផលវិបាករបស់វា។ ការបកស្រាយរបស់លោកបណ្ឌិត គិន ភា បានធ្វើឡើងក្នុងឱកាសរាជបណ្ឌិត្យសភាកម្ពុជា រៀបចំកិច្ចពិភាក្សាតុមូលស្តីពី «ការបង្កើតចលនាតស៊ូនយោបាយក្រៅស្រុក» នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤។
ថ្មីៗនេះ លោក សម រង្ស៉ី បានប្រកាសបង្កើតរដ្ឋាភិបាលក្រៅប្រទេស ដោយការបង្កើតយុទ្ធនាការ «ដោះអាវបក្ស ពាក់អាវជាតិ» និងការប្រើសញ្ញាណ «ផ្ការីក» ក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
បើតាមលោកបណ្ឌិត គិន ភា, យុទ្ធសាស្ត្រនៃចលនាតស៊ូនៅក្រៅប្រទេស រួមមាន៖
១៖ ប្រើប្រាស់មនោសញ្ចេតនាជាតិនិយមពាក់ព័ន្ធនឹងទឹកដី ព្រំដែន ធនធានធម្មជាតិ និងអធិបតេយ្យជាតិ ដូចជា ករណីព្រែកជីកហ្វូណនតេជោ, CLV-DTA, កោះត្រល់, កោះកុត, ព្រំដែនគោក, ព្រំដែនទឹក, ធនធានធម្មជាតិ, ដីសម្បទាន, ជនអន្តោប្រវេសន៍វៀតណាម។
២៖ ប្រើប្រាស់វេទិកាឌីជីថលនិងប្រព័ន្ធព័ត៌មានសង្គម៖ ការរីកចម្រើននៃវេទិកាឌីជីថលនិងប្រព័ន្ធព័ត៌មានសង្គម បានផ្តល់ឱកាសដល់អ្នកដឹកនាំនយោបាយនៅក្រៅប្រទេស ក្នុងការផ្ញើសារ និងដឹកនាំសកម្មភាពនយោបាយរបស់ខ្លួនទៅ កាន់សមាជិក និងអ្នកគាំទ្ររបស់ពួកគេនៅក្នុងប្រទេស។
៣៖ ការប្រឌិតនិងផ្សព្វផ្សាយព័ត៌មានមិនពិត ដោយប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយបរទេស ឬប្រព័ន្ធផ្សព្វផ្សាយ ដែលគាំទ្រដោយបរទេស។
៤៖ ការបង្កើត និងពន្យុះពលរដ្ឋខ្មែរ ជាពិសេសយុវជន ឱ្យមានស្មារតីជ្រុលនិយម ដើម្បីបង្កជាបាតុកម្មទាំងក្នុងនិងក្រៅប្រទេស។
៥៖ ការពន្ទុះឱ្យប្រជាជនមានស្មារតីជ្រុលនិយម បង្កើតការខ្វែងគំនិតជាសាធារណៈ និងជំរុញគំនិតនៃការផ្លាស់ប្តូររបប តាមរយៈសម្ពាធពីខាងក្រៅ និងអស្ថិរភាពផ្ទៃក្នុង។
៦៖ ការព្យាយាមញុះញង់បំបែកបំបាក់ផ្ទៃក្នុង គណបក្សកាន់អំណាច និងបង្កើតគម្លាតទំនុកចិត្តរវាងប្រជាជននិងអាជ្ញាធរ។
៧៖ ជំរុញទឹកចិត្តប្រជាជន ជាពិសេសយុវជនឱ្យធ្លាក់ក្នុងអន្ទាក់បដិវត្តន៍ដោយតាមលំនាំបដិវត្តន៍ពណ៌នៅបរទេស។ ជាក់ស្តែង បន្ទាប់ពីមានព្រឹត្តិការណ៍បដិវត្តន៍ពណ៌របស់យុវជន ដែលផ្តួលរំលំនាយករដ្ឋមន្ត្រីបង់ក្លាដែស នាដើមខែកក្កដា ឆ្នាំ២០២៤ ក្រុមប្រឆាំងកម្ពុជា បានធ្វើសកម្មភាពយ៉ាងរន្ថើនដោយប្រើប្រាស់ CLV-DTA ជាបុព្វហេតុ។
៨៖ បំផុសទឹកចិត្តប្រជាជនឱ្យស្អប់រដ្ឋាភិបាល ដោយផ្តោតទៅលើទិដ្ឋភាពផ្ទៃក្នុង ដូចជា ភាពក្រីក្រ គម្លាតសង្គម អយុត្តិធម៌សង្គម អំពើហិង្សា ការិយាធិបតេយ្យ អំពើពុករលួយ អភិបាលកិច្ចទន់ ខ្សោយ និងអំពើផ្តាច់ការ ដែលចង់បង្ហាញថា រដ្ឋាភិបាលអសមត្ថភាព។
៩៖ បង្កើតយុទ្ធនាការ «ដោះអាវបក្ស ពាក់អាវជាតិ» ជាការប្រើអាវជាតិ ជានិមិត្តសញ្ញាបង្រួបបង្រួមជាតិ ដើម្បីជំរុញទឹកចិត្តស្នេហាជាតិជារួម ដែលចង្អុលបង្ហាញថា រដ្ឋាភិបាលនិងគណបក្សប្រជាជន គឺតែមួយ។ ការប្រើសញ្ញាណ «ផ្ការីក» ជាខ្លឹមសារបដិវត្តន៍ពណ៌ប្រមូលផ្តុំអត្តសញ្ញាណក្រុមប្រឆាំង។
លោកបណ្ឌិត គិន ភា បានបញ្ជាក់យ៉ាងដូច្នេះថា «សញ្ញាមួយ ដែលជាសញ្ញាបដិវត្តន៍ពណ៌ គឺ «ផ្ការីក»។ អីចឹង កាលណាគេនិយាយពីអត្តសញ្ញាណបដិវត្តន៍ពណ៌ គឺគេត្រូវបង្កើតនិមិត្តសញ្ញាមួយ»។
បើតាមលោកបណ្ឌិត គិន ភា ផលវិបាកនៃចលនាតស៊ូក្រៅប្រទេស រួមមាន៖
១៖ ផលវិបាកផ្នែកនយោបាយ
* ជាការប្រមាថចំពោះសំឡេងឆ្នោត និងឆន្ទ:របស់ប្រជាជន។
* ជាការបង្កើតនយោបាយលាបពណ៌ និងបង្កើតការខឹងសម្បារនិងការខ្វែងគំនិតគ្នា ក្នុងចំណោមប្រជាពលរដ្ឋខ្មែរតាមរយៈ ព័ត៌មានមិនពិត ដែលនាំឱ្យប៉ះពាល់ដល់ឯកភាពជាតិ និងសាមគ្គីជាតិ។
* បង្កើតគម្លាតទំនុកចិត្តរវាងប្រជាជន និងរដ្ឋាភិបាលដែលនាំឱ្យប៉ះពាល់ដល់ស្ថិរភាពនយោបាយ។
* ប៉ះពាល់ដល់អធិបតេយ្យភាពជាតិ៖ អនុញ្ញាតឱ្យមានការជ្រៀតជ្រែកពីបរទេស ដោយរដ្ឋាភិបាលបរទេសផ្តល់មូលនិធិ បរិក្ខារ ឬមតិកានយោបាយ សម្រាប់ការឃោសនា ដែលអាចបន្តដង្ហើមចរន្តនយោបាយប្រឆាំងរបស់ខ្លួន។
* អូសកម្ពុជាឱ្យធ្លាក់ក្នុងល្បែងភូមិសាស្ត្រនយោបាយ៖ ប្រវត្តិសាស្ត្ររបស់យើង រំលឹកយើងពីសារៈសំខាន់នៃការរក្សាឯកភាពជាតិ និងអត្តសញ្ញាណជាតិ នៅពេលប្រឈមមុខនឹងសម្ពាធពីខាងក្រៅ ដំណាលគ្នានឹងការខិតខំបំពេញតាមសេចក្តីប្រាថ្នាឥតឈប់ឈររបស់ប្រជាជនយើង ចំពោះសន្តិភាព ដែលយើងរកបានដោយលំបាក និងមិនធ្លាប់មានក្នុងរយៈពេល ៥០០ឆ្នាំចុងក្រោយ នៃប្រវត្តិសាស្ត្រកម្ពុជា, ស្ថិរភាពនយោបាយ និងវិបុលភាព។
២៖ ផលវិបាកខាងផ្លូវច្បាប់និងសន្តិសុខជាតិ
* ចលនាបែបនេះ ជាចលនាខុសច្បាប់ ឬឧទ្ទាមកម្ម បើកាលណាគេអំពាវនាវឱ្យទម្លាក់រដ្ឋាភិបាលស្របច្បាប់តាមរយៈអំពើហិង្សាកុប្បកម្ម ឬបដិវត្តន៍ពណ៌។ ដូច្នេះ ប្រជាជន ដែលជឿតាមការញុះញង់របស់ក្រុមបែបនេះនឹងទទួលផលវិបាកខាងផ្នែកផ្លូវច្បាប់ ឬអាចទទួលរងគ្រោះដល់រូបរាងកាយ ឬអាយុជីវិតក្នុងករណីអំពើហិង្សា ឬជម្លោះ ហិង្សាកើតឡើង។
* ការប្រមូលផ្តុំកម្លាំងយុវជន និងពលរដ្ឋ ជាឱកាសសម្រាប់ក្រុមឆ្លៀតឱកាស ក្នុងការប្រព្រឹត្តអំពើទុចរិត ផ្សេងៗ ជាអាទិ៍ ការលួច ការឆក់ ការប្លន់ ឬបង្កអស្ថិរភាពសង្គមផ្សេងៗទៀត។
៣៖ ផលវិបាកផ្នែកសេដ្ឋកិច្ច
* បង្កជាឧបសគ្គចំពោះការធ្វើពិពិធកម្មការទូតសេដ្ឋកិច្ច។
* បន្តនិន្នាបង្អាក់បំណងវិនិយោគិនពីលោកខាងលិច។
* បំផ្លាញភាពអនុគ្រោះពាណិជ្ជកម្ម និងដៃគូពាណិជ្ជកម្ម។
* រារាំងជំនួយអភិវឌ្ឍប្រទេស។
* ពន្យឺតគុណភាពនៃការផ្សព្វផ្សាយវិស័យទេសចរណ៍។
* បណ្តាលឱ្យសេដ្ឋកិច្ចប្រទេសទៅមុខយឺត បន្ទាប់មកបរទេស និងគណបក្សប្រឆាំងយកលេសនេះ ដើម្បីវាយ ប្រហារវិញដោយចោទថារដ្ឋាភិបាលអសមត្ថភាពក្នុងការដឹកនាំប្រទេស។
៤៖ ផលវិបាកផ្នែកសង្គម
* បណ្តុះគំនិតបែងចែវណ្ណៈ និងឋានៈសង្គម និងបង្កើតភាពសម្លប់របស់ពលរដ្ឋចំពោះរដ្ឋាភិបាល ព្យាយាមធ្វើប្រជាពលរដ្ឋ អស់សង្ឃឹមចំពោះសង្គម និងធ្វើឱ្យបាត់បង់មោទមោទនភាពជាតិ និងស្មារតីស្នេហាជាតិ។
* ធ្វើឱ្យសង្គមកាន់តែប្រេះឆា និងបែកបាក់ដោយសារការញុះញង់ក្រោមឧបាយបដិវត្តន៍ពណ៌៕