(ស្វាយរៀង)៖ លោកបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យស្វាយរៀង បានអញ្ជើញចូលរួម ក្នុងកម្មវិធីពិព័រណ៍ការងារ ដែលរៀបចំដោយមជ្ឈមណ្ឌលការងារ នៃសាកលវិទ្យាល័យស្វាយរៀង បានសហការជាមួយ USAID Digital Workforce Development (DWD) ដោយផ្តោតលើការផ្តល់​ឱកាសការងារពិតប្រាកដដល់និស្សិត អតីតនិស្សិត​ ការបណ្តុះបណ្តាលជំនាញការងារ ការដាក់ពាក្យភ្លាម សម្ភាសន៍ភ្លាម។

ក្នុងឱកាសនោះ លោកបណ្ឌិត សោម រតនាបានបញ្ជាក់ថា កម្មវិធីពិព័រណ៍ការងារនេះ ពិតជាកម្មវិធីសំខាន់ សម្រាប់គូសវាសផ្លូវមួយល្អ សម្រាប់និស្សិតគ្រប់រូប សម្រាប់ឱកាសក្នុងជ្រើសរើសការងារ និងទទួលបានចំណេះដឹងផ្សេងៗទាក់ទងនឹងទទួលបានឱកាសការងារ។

បន្ថែមលើសពីនេះ លោកបណ្ឌិត សោម រតនា បានលើកទឹកចិត្តដល់សិស្ស និស្សិតគួរតែជ្រើសរើសជំនាញពាក់ព័ន្ធនឹងមុខវិជ្ជា STEM ឬមុខវិជ្ជាវិទ្យាសាស្រ្ត និង បច្ចេកវិទ្យា ដើម្បីត្រៀមខ្លួនក្នុងវិស័យការងារនាពេលអនាគត។ ក្រៅពីនោះ ប្អូនៗគួរតែព្យាយាមចូលរួមរៀនពីវគ្គសិក្ខាសាលា និង រៀនជំនាញរបស់ខ្លួនដែលកំពុងរៀន ឱ្យបានហ្មត់ចត់ ច្បាស់លាស់ និង មានប្រសិទ្ធិភាព ដើម្បីជាឱកាសក្នុងការស្វែងរកការងារ។

លើសពីនេះ លោកបានផ្តល់ជាដំបូន្មាន ទៅកាន់ប្អូនៗនិស្សិត ត្រូវចេះមើលពីទីផ្សារការងារ និង វិស័យការងារ ក្នុងពេល៥ឆ្នាំ ១០ ឆ្នាំទៅមុខបន្តទៀត សម្រាប់ការអភិវឌ្ឍខ្លួន នាពេលអនាគតផងដែរ។ ​

ជាមួយគ្នានេះ លោកបណ្ឌិត សោម រតនា បានកោតសរសើរយ៉ាងក្រៃលែងដែលបានរៀបចំកម្មវិធីនេះឡើងបានដោយជោគជ័យ ហើយក្នុងនាមជាក្រសួង អប់រំ យុវជន និងកីឡា បានលើកទឹកចិត្ត ឱ្យមានការរៀបចំកម្មវិធីនេះ ឲ្យបានច្រើន នៅតាមសាកលវិទ្យាល័យផងដែរ។  

សូមបញ្ជាក់ថា កម្មវិធីពិព័រណ៍ការងារនេះ មានការចូលរួមរោងចក្រ និងធនាគារ ចំនួន ១១ ចូលរួមដូចជា ធនាគារសហពាណិជ្ជ ក.អ ធនាគារកាណាឌីយ៉ា ធនាគារវឌ្ឍនៈ ធនាគារហ្វីលីប គ្រឹះស្ថានហិរញ្ញវត្ថុអេអឹមខេ រោងចក្រខាតថាយអឺ រោងចក្រអ៊ីលីត រោងចក្រសោហួយហ្វីលធ័រខេមបូឌា រោងចក្រស៊ីវ៉ាយថប់ រោងចក្រប៊ីយូធីផេក និងរោងចក្រហ្គេតតានិង និស្សិតប្រមាណ១១០០ នាក់និងមានសកម្មភាពសំខាន់ៗដូចជា ការស្ដង់របស់ក្រុមហ៊ុន វេទិកាពិភាក្សាតុមូល វគ្គសិក្ខាសាលាខ្លីៗដែលបែងចែកតាមបន្ទប់ ការដាក់ពាក្យភ្លាម សម្ភាសន៍ភ្លាម ការប្រឹក្សាយោបល់លើអាជីពការងារ ការប្រឹក្សាជំនាញសិក្សានៅសាកលវិទ្យាល័យ និងការបង្កើតសមាគមន៍និស្សិត និងអតីតនិស្សិត។

មិនត្រឹមតែមានការដាក់ស្ដង់ពីក្រុមហ៊ុនឯកជនតែប៉ុណ្ណោះទេ ប៉ុន្ដែក៏មានការដាក់ស្តង់ពិព័រណ៍របស់និស្សិតនៅតាមមហាវិទ្យាល័យផងដែរ៕