(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតពី លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានអាជ្ញាធរជាតិអាវុធគីមី
លោកនាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបិទ និងចែកវិញ្ញាបនបត្រជូនដល់សិក្ខាកាម ដែលបានចូលរួមសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មដែលបានរៀបចំទុក និងការចរាចរដោយខុសច្បាប់ពាក់ព័ន្ធសារធាតុរ៉ែគ្រោះថ្នាក់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍» ដែលប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៤-៥ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារ Sunway។
សិក្ខាសាលាថ្នាក់តំបន់នេះ ត្រូវបានអនុវត្តដោយកិច្ចសហការរវាងអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមីកម្ពុជា ជាមួយវិទ្យាស្ថានស្រាវជ្រាវយុត្តិធម៌ និងបទឧក្រិដ្ឋអន្តរតំបន់ នៃអង្គការសហប្រជាជាតិ (UNICRI) ដែលមានសមាសភាពចូលរួមសរុបជាង៤០រូប មកពី១២ប្រទេសនៃតំបន់អាស៊ី អឺរ៉ុប និងអាហ្រ្វិកមានដូចជា៖ កម្ពុជា, ឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ប្រុយណេ, ប៉ាគីស្ថាន, ប្រទេសអ៊ីតាលី, បែលហ្ស៊ិក និងអាហ្រ្វិកខាងត្បូង។ ព្រះរាជាណាចក្រកម្ពុជា មាន៧ក្រសួង-ស្ថាប័នចូលរួមមានដូចជា៖ អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ក្រសួងបរិស្ថាន, ក្រសួងរ៉ែ និងថាមពល, អគ្គស្នងការនគរបាលជាតិ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក Marco Musumeci មន្រ្តីទទួលបន្ទុកកម្មវិធី នៃវិទ្យាស្ថានស្រាវជ្រាវយុត្តិធម៌ និងបទឧក្រិដ្ឋអន្តរតំបន់ នៃអង្គការសហប្រជាជាតិ (UNICRI) និងសហការីដែលបានជួយគាំទ្រក្នុងការរៀបចំសិក្ខាសាលាថ្នាក់តំបន់នេះឡើង ដើម្បីបណ្តុះបណ្តាលសមត្ថភាពបន្ថែមដល់មន្រ្តីជំនាញរបស់កម្ពុជាក៏ដូចមន្រ្តីដែលមកពីប្រទេសទាំងអស់ក្នុងតំបន់ផងដែរ។ លោកក៏បានថ្លែងអំណរគុណចំពោះ អ្នកចូលរួមទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ថ្មីៗពីវិស័យរ៉ែគ្រោះថ្នាក់ និងបញ្ហាប្រឈមទៅនឹងផលប៉ះពាល់នៃការចរាចរ ដោយខុសច្បាប់នូវសារធាតុរ៉ែគ្រោះថ្នាក់ទាំងអស់នេះ។
លោកបានបន្តថា អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម នឹងបន្តសហការ និងគាំទ្រចំពោះវិទ្យាស្ថានជ្រាវជ្រាវយុត្តិធម៌ និងបទឧក្រិដ្ឋអន្តរតំបន់ នៃអង្គការសហប្រជាជាតិ (UNICRI) ក្នុងការរៀបចំសិក្ខាសាលាក្នុងគោលដៅបង្កើនសមត្ថភាពនាពេលខាងមុខបន្តទៀត។
លោក Marco Musumeci តាងនាមវិទ្យាស្ថានជ្រាវជ្រាវយុត្តិធម៌ និងបទឧក្រិដ្ឋអន្តរតំបន់នៃអង្គការសហប្រជាជាតិ (UNICRI) និងសិក្ខាកាមទាំងអស់ បានថ្លែងអំណរគុណយ៉ាងក្រៃលែងចំពោះ អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី ដែលបានសហការ និងសម្របសម្រួលក្នុងការរៀបចំសិក្ខាសាលាថ្នាក់តំបន់នេះ ឡើងដោយរលូន និងជោគជ័យប្រកបដោយផ្លែផ្កាគួរជាទីមោទនបំផុត។ លោក Marco Musumeci ក៏បានសន្យាបន្តកិច្ចសហប្រតិបត្តិការជាមួយអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី ក្នុងការរៀបចំកម្មវិធីសិក្ខាសាលា និងហ្វឹកហ្វឺនបណ្តុះបណ្តាលកសាងសមត្ថភាពទាំងថ្នាក់ជាតិ និងថ្នាក់តំបន់នៅព្រះរាជាណាចក្រកម្ពុជា បន្តទៀតនាពេលអនាគត៕