(ឧត្តរមានជ័យ)៖ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានថ្លែងថា ប្អូនជាយោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី «ជាប់ជាស្ថាពរ» ដែលចាប់យកអាជីព ជាកងកម្លាំង ត្រូវប្រកាន់ភ្ជាប់នូវគោលការណ៍ស្មោះត្រង់ចំពោះ ជាតិ សាសនា និងព្រះមហាក្សត្រ ជាពិសេសការពារឱ្យបានដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ដែលប្រសូត្រចេញពីការបោះឆ្នោត។

ការថ្លែងរបស់លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បែបនេះក្នុងឱកាសដែលលោកអញ្ជើញជួបសំណេះសំណាល និងជូនដំណើរយោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ដើម្បីចូលរួមហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ «ភ្នំជុំសែនរីករាយ» នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត លោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងមេបញ្ជាការ មេបញ្ជាការរងកងកម្លាំងទាំង៣ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមាតាបិតា អាណាព្យាបាលរបស់យោធិនជាច្រើនរូបទៀត។

ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធលោក មាន ចាន់យ៉ាដា បានថ្លែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានជួបសំណេះសំណាល និងជូនដំណើរប្អូនៗយោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី ដើម្បីទៅចូលរួមហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ «ភ្នំជុំសែនរីករាយ» ដែលមានរយៈពេល១២ខែ និងបានអបអរសាទរចំពោះប្អូនៗយុវជនស្ម័គ្រចិត្ត ចូលបម្រើកងយោធពលខេមរភូមិន្ទ ក្នុងក្របខ័ណ្ឌកងរាជអាវុធហត្ថខេត្តព្រះវិហារ ដែលទើបជាប់ថ្មីទាំង៣៧នាក់។

លោកអភិបាលខេត្តឧត្តរនានជ័យ បានគោរពថ្លែងអំណរគុណប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានគិតគូយកចិត្តទុកដាក់លើការងារថែរក្សាសន្តិភាព សន្តិសុខ សុវត្ថិភាពសាធារណៈ ការកែទម្រង់ និងធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធ ការពង្រឹង និងលើកកម្ពស់សមត្ថភាព ភាពស្អាតស្អំរបស់កងកម្លាំង ជាពិសេសគឺការជ្រើសរើសយោធិននៃកងរាជអាវុធហត្ថ ដែលឈរលើគោលការណ៍ ប្រសិទ្ធិភាព តម្លាភាព ស្អាតស្អំ គ្មានអំពើពុករលួយ សម្តៅបម្រើផលប្រយោជន៍ជូនជាតិ មាតុភូមិ និងប្រជាជន។

លោកអភិបាលខេត្តឧត្តរមានជ័យ បានថ្លែងផ្តល់អនុសាសន៍មួយចំនួន ដើម្បីប្អូនៗជាយោធិនកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី យកទៅអនុវត្តសម្រចបានជោគជ័យរួមមាន៖

*សូមប្អូនៗយោធិននៃកងរាជអាវុធហត្ថថ្មីទាំងអស់ យកចិត្តទុកដាក់ខិតខំរៀនសូត្រ បំពេញតួនាទី ភារកិច្ច និងបេសកកម្មកងរាជអាវុធហត្ថ ឱ្យទទួលបានជោគជ័យ ត្រូវគោរពច្បាប់លក្ខន្តិកៈនៃកងយោធពលខេមរភូមិន្ទ បទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ បទបញ្ជានៅក្នុងវគ្គហ្វឹកហ្វឺន ថែទាំសុខភាព និងជឿជាក់លើរាជរដ្ឋាភិបាល រក្សាស្មេតីស្នេហាជាតិ និងប្រជាជន។
*បន្តពង្រឹងសមត្ថភាព ដើម្បីធានាថា កងកម្លាំងរបស់យើងមានសមត្ថភាពពេញលេញ មានឆន្ទៈមោះមុត មនសិការ និងវិន័យល្អ ការពារបានរឹងមាំនូវឯករាជ្យជាតិ អធិបតេយ្យ បូរណភាពទឹកដី សន្តិសុខសណ្តាប់ធ្នាប់សង្គមនៅគ្រប់កាលៈទេសៈ។
*ពង្រឹងនិងពិនិត្យឱ្យបានច្បាស់លាស់ ក្នុងការស្នើសុំតែងតាំង ដំឡើងឋានន្តរស័ក្កិ ត្រូវអនុវត្តត្រឹមត្រូវតាមគោលការណ៍ គុណាធិបតេយ្យ ដោយផ្អែកតាមមុខដំណែង និងច្បាប់លក្ខន្តិកៈទូទៅសម្រាប់យោធិន នៃកងយោធពលខេមរភូមិន្ទ ហើយត្រូវតែឆ្លងតាមរយៈការវាយតម្លៃរបស់ក្រុមប្រឹក្សា គណៈកម្មការវាយតម្លៃរបស់អង្គភាព ស្ថាប័នកងឯកភាពតាមឋានានុក្រម។

ដើម្បីជាការលើកទឹកចិត្តដល់យោធិនកងរាជអាវុធហត្ថដែលទើបជ្រើសរើសថ្មី «ជាប់ជាស្ថាពរ» ទៅហ្វឹកហ្វឺននៅភ្នំជុំសែនរីករាយ លោក មាន ចាន់យ៉ាដា បានឧបត្ថម្ភថវិកាដល់យោធិនទាំង៣៧នាក់ ក្នុងម្នាក់ៗចំនួន១០ម៉ឺនរៀល និងអ្នកគ្រប់គ្រងវគ្គចំនួន២នាក់ ក្នុងម្នាក់ៗថវិកាចំនួន ១០ម៉ឺនរៀលដែរ។

ដោយឡែកលោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានឧបត្ថម្ភយោធិនក្នុងម្នាក់ៗថវិកាចំនួន១៧ម៉ឺនរៀល និងអ្នកគ្រប់គ្រង២នាក់ ក្នុងម្នាក់ៗថវិកាចំនួន២០ម៉ឺនរៀលផងដែរ៕