(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានជូនដំណើរយោធិន នៃកងរាជអាវុធហត្ថខេត្តទើបជ្រើសរើសថ្មី (ជាប់ជាស្ដារពរ) ចំនួន៥៩រូប ចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ «ភ្នំជុំសែន រីករាយ» នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤។

លោកលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្តមានមោទនភាពក្រៃលែងដែលកូនក្មួយជាកងកម្លាំងបន្តវេន ដែលបានប្រឡងជាប់ជាស្ថាពរទៅតាមសមត្ថភាព ហើយត្រូវបានបញ្ជូនទៅហ្វឹកហ្វឺននៅសាលា ដូច្នេះកូនក្មួយត្រូវយកអស់ កម្លាំងកាយចិត្តហ្វឹកហាត់លត់ដំឲ្យបានដាច់ខាតទាំងទ្រីស្តី និងអនុវត្តផ្ទាល់ដើម្បីបានក្លាយខ្លួនទៅជាអ្នកបន្តវេនដ៏មុតស្រួចបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋ។

លោកបញ្ជាក់ថា ដើម្បីបានក្លាយខ្លួនជានាយទាហានបន្តវេន ត្រូវឆ្លងកាត់ការប្រឡងជ្រើសរើសដ៏ត្រឹមត្រូវតាមសមត្ថភាព ហើយបន្តចូលហ្វឹកហ្វឺនរហូតបញ្ចប់វគ្គ បើគ្មានការតស៊ូទេ ពិតជាមិនអាចបន្តវេនបានឡើយ។ កងកម្លាំងត្រូវមានឆន្ទៈស្មោះត្រង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសត្រូវការពារសន្តិសុខ សុវត្ថិភាពក្នុងមូលដ្ឋានឲ្យបានប្រកបដោយភាពស្មោះត្រង់ ដើម្បីចូលរួមអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្តិភាពរបស់រាជរដ្ឋាភិបាល។

លោកបញ្ជាក់ទៀតថា យោធិនទាំងអស់ ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់រៀនសូត្រឲ្យអស់ពីសមត្ថភាពដើម្បីគ្រួសារសាច់ញាតិ បងប្អូន សង្គមជាតិ និងធ្វើជាយោធិនដែលមានវិន័យល្អ។

លោកបន្តថា ទោះបីជាប្រទេសកម្ពុជាមានសន្តិភាព ស្ថេរភាពល្អយ៉ាងណាក៏ដោយ ប៉ុន្តែការហ្វឹកហាត់នៅតែជាភារកិច្ចស្នូល របស់កងកម្លាំងជាចាំបាច់ ដើម្បីបន្តថែរក្សានូវសុខសន្តិភាព និងស្ថេរភាពរបស់ប្រទេសយើងឱ្យ បានគង់វង្សយូរអង្វែង។

ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានឲ្យដឹងថា ចំពោះបេក្ខជនគ្រប់លក្ខណៈសម្បត្តិ ត្រូវបានក្រសួងការពារជាតិ ចេញប្រកាសបញ្ចូលក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ បំពេញឱ្យក្របខ័ណ្ឌកងរាជអាវុធហត្ថ ក្លាយជាយោធិន នៃកងរាជអាវុធហត្ថជាផ្លូវការ និងបានប្រមូលផ្តុំហ្វឹកហ្វឺនសណ្តាប់ធ្នាប់ ជួរទ័ពចាប់ពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ និងបានរៀបចំពិធី សំណេះសំណាលជូនដំណើរទៅហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ «ភ្នំជុំសែនរីករាយ» នាពេលនេះ។

លោកបន្តថា ចំពោះបេក្ខជនត្រៀមបម្រុងទាំង៤នាក់ ត្រូវបានអនុគណៈកម្មការជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថសម្រេចស្នើសុំក្រសួងការពារជាតិ ដើម្បីបញ្ចូលក្របខ័ណ្ឌជាកងរាជអាវុធហត្ថ បំពេញឲ្យក្រុងកំពង់សោម ដែលទើបបង្កើតថ្មី ហើយក្រសួងការពារជាតិក៏បានចេញ ប្រកាសលេខ០៣២/១១២៤ ០.៩ ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីបញ្ចូលក្របខ័ណ្ឌរួចហើយទើបនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឲ្យប្រមូលអ្នកទាំង៤នាក់នេះ ចូលរួមពិធីសំណេះសំណាល និងជូនដំណើរទៅហ្វឹកហ្វឺនជាមួយអ្នក៥៥នាក់មុនដែរ ទើបធ្វើឲ្យការជ្រើសរើសថ្មីពី៥៥នាក់ មក៥៩នាក់មានមុខនៅទីនេះទាំងអស់៕