(រតនគិរី)៖ លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តរតនគិរី និងលោក ញ៉ែម សំអឿន អភិបាលខេត្ត និងលោកស្រី នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញរៀបចំពិធីសែនអាស្រមថ្មីលោកតាប៊ូ ជួង និងលោកតាខាំឡែន (លោកតាបឹងកន្សែង) ស្ថិតនៅកណ្តាលក្រុងបានលុង។
រមណីយដ្ឋានបឹងកន្សែង នឹងក្លាយជាកន្លែងដែលមានបរិស្ថានស្អាត រមណីយដ្ឋានស្អាត សោភណ្ឌភាពស្រស់បំព្រង ប្រកបដោយភាពទាក់ទាញដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរជាតិគ្រប់រដូវកាល។ នេះគឺជាការលើកឡើងរបស់ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ដែលបានថ្លែងក្នុងពិធីសែនអាស្រមថ្មីលោកតា ប៊ូ ជួង និងលោកតាខាំឡែន។
លោកអភិបាលខេត្តបន្តថា បឹងកន្សែងស្ថិតនៅចំកណ្តាល នៃបេះដូងក្រុងបានលុងនៃខេត្តរតនគិរី ដូច្នេះដើម្បីលើកកម្ពស់សោភណ្ឌភាព សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយនៅបរិវេណជុំវិញរមណីយដ្ឋានបឹងកន្សែង ឱ្យសាកសមជារមណីយដ្ឋានប្រវត្តិសាស្រ្ត និងជាទីកន្លែងកម្សាន្តសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាកម្សាន្តខេត្ត លោកបានដាក់ចេញនូវគម្រោងកែលម្អរ ហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានមួយនេះឲ្យរិតតែស្រស់ស្អាត។
ជាក់ស្តែងគម្រោងកែលម្អរ ហេដ្ឋារចនាសម្ព័ន្ធជុំវិញមាត់បឹងកន្សែង មានការពង្រីកផ្លូវដោយធ្វើការចាក់បេតុង ដាក់លូបង្ហូរទឹក រៀបស្នូរបេតុងគែមផ្លូវ រៀបចំការ៉ូឡាចិញ្ចើមផ្លូវ សួនច្បារជុំវិញបឹង និងបំពាក់ភ្លើងបំភ្លឺសាធារណៈជាដើម។
ក្នុងនោះក៏បានសម្អាតទីធ្លានៅជុំវិញបរិវេណមាត់បឹងកន្សែងដើម្បីរៀបចំដាក់សួនច្បារ បង់អង្គុយលេង និងកន្លែងហាត់ប្រាណសម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋ មានការធ្វើរូបសំណាកគ្រួសារដំរី រូបសំណាកសត្វអក ដែលជាសត្វបក្សី រំលេចក្នុងបទចម្រៀងអធិរាជាសម្លេងមាសស៊ិន ស៊ីសាមុត (អកបឹងកន្សែង) និងការសាងសង់បង្គន់អនាម័យសាធារណៈ សាងសង់ខ្សែរ៉ត សម្រាប់ជិះកម្សាន្តពីលើផ្ទៃបឹងជាដើម និយាយរួមធ្វើយ៉ាងណាបន្ទាប់ពីការកែលម្អររួច បឹងកន្សែងនឹងក្លាយជាកន្លែងដែលមានបរិស្ថានស្អាត រមណីយដ្ឋានស្អាតសោភណ្ឌភាពស្រស់បំព្រង ប្រកបដោយភាពទាក់ទាញ។
ប្រជាពលរដ្ឋ និងមន្ត្រីរាជការក្នុងខេត្តរតនគិរី ពិតជាមានមោទនៈភាពជាខ្លាំងចំពោះការដឹកនាំរបស់លោក ញ៉ែម សំអឿន ដែលមានចក្ខុវិស័យក្នុងការកសាង និងអភិវឌ្ឍន៍ខេត្តភាគឦសាន្តមួយនេះជាពិសេសការងារអនាម័យបរិស្ថាន និងការកែលម្អរសោភ័ណក្រុងបានលុងឲ្យមានស្រស់ស្អាតមិនចាញ់បណ្តាខេត្តនានានោះឡើយ។
សូមបញ្ជាក់ថា អាស្រមថ្មីលោកតាជួង និងលោកតាខាំឡែន បានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់ថ្មី កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ មានទំហំ៥ម៉ែត្រ គុណ ៧ម៉ែត្រ៕