(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី៤-៥ ខែធ្នូ ឆ្នាំ២០២៤ លោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងជាប្រធានក្រុមការងារត្រួតពិនិត្យចល័តចម្រុះ ព្រមទាំងអនុប្រធាន សមាជិកក្រុមការងារចល័តចម្រុះ និងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។
ក្នុងប្រតិបត្រិការនេះទទួលបានលទ្ធផល ដូចជា៖
ទី១៖ ផ្លូវជាតិលេខ១៣ ចំណុច គ.មលេខ៤ ស្រុកស្វាយរៀង ខេត្តស្វាយរៀង ត្រួតពិនិត្យយានយន្តចំនួន ០១គ្រឿង មានបំពាក់ឡូហ្គោ TS ដឹកស្រូវ ផ្ទុកទម្ងន់សរុប ៤៨តោន គិតជាភាគរយគឺលើសចំនួន ២០% នៃច្បាប់អនុញ្ញាត
ទី២៖ ផ្លូវជាតិលេខ២ ចំណុចគ.ម៩៨ ស្រុកទ្រាំង ខេត្តតាកែវ បានត្រួតពិនិត្យយានយន្តចំនួន ០២គ្រឿង មានបំពាក់ឡូហ្គោ HC ដឹកអង្ករ ផ្ទុកទម្ងន់សរុបចន្លោះពី ៨៩តោន ដល់ ៩១តោន គិតជាភាគរយគឺលើសចន្លោះពី ៩៧%ដល់ ១០២% នៃច្បាប់អនុញ្ញាត
ទី៣៖ ផ្លូវជាតិលេខ៣ ចំណុចគ.មលេខ២៣+៨០០ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ត្រួតពិនិត្យយានយន្តចំនួន ០ ១គ្រឿង មានពាក់ឡូហ្គោ O.C.T ដឹកថ្ម ផ្ទុកទម្ងន់សរុប ៣៦តោន គិតជាភាគរយគឺលើសចំនួន ២០% នៃច្បាប់អនុញ្ញាត
ទី៤៖ ផ្លូវលេខ១៥៧០ ឃុំ តាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ត្រួតពិនិត្យយានយន្តចំនួន ១៣គ្រឿង ក្នុងនោះលើសទម្ងន់ចំនួន ០៦គ្រឿង មានបំពាក់ឡូហ្គោ KH, DN, CZ, K, CT, P, ដឹកថ្ម ផ្ទុកទម្ងន់សរុបចន្លោះពី ១២តោន ដល់ ២២តោន គិតជាភាគរយគឺលើសចន្លោះពី ៤៦% ដល់ ៧២% នៃច្បាប់អនុញ្ញាត។
សរុបលទ្ធផលនៅក្នុងយុទ្ធនាការត្រួតពិនិត្យយានយន្តទាំង ០៤ទីតាំងខាងលើ ក្រុមការងារបានត្រួតពិនិត្យយានយន្តចំនួន ១៧គ្រឿង លើសទម្ងន់កម្រិតកំណត់ចំនួន ១០គ្រឿង ផ្ទុកទម្ងន់សរុបចន្លោះពី ៣៦តោន ដល់ ៩១តោន លើសទម្ងន់អនុញ្ញាតចន្លោះពី ០៦តោន ដល់ ៩១តោន គិតជាភាគរយគឺលើសចន្លោះពី ២០% ដល់ ១០២% នៃច្បាប់អនុញ្ញាត ត្រូវបានពិន័យអន្តរការណ៍ជាប្រាក់ និងឃាត់ទុករយៈពេល ០១ឆ្នាំ ចំនួន ០៥គ្រឿង ដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០។
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ដែលប្រកបរបរដឹកជញ្ជូនទំនិញ សូមចូលរួមបញ្ឈប់ការប្រើប្រាស់ឡូហ្គោផ្សេងៗបិទជាប់ឡាន និងសូមកុំដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ ដែលឈានទៅដល់ការឃាត់រថយន្តទុកចំនួន ១ឆ្នាំ នាំឱ្យប៉ះពាល់ដល់ការប្រកបរបរដឹកជញ្ជូន និងជីវភាពរស់នៅប្រចាំថ្ងៃ ។ ការចូលរួមគោរពច្បាប់ ដោយផ្ទុកទម្ងន់ត្រឹមត្រូវតាមច្បាប់កំណត់របស់បងប្អូនប្រជាពលរដ្ឋ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការការពារផ្លូវថ្នល់មិនឲ្យមានការខូចខាតមុនអាយុកាលកំណត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នាំឱ្យខូចខាតដល់ទ្រព្យសម្បត្តិសាធារណៈ និងឯកជន។
ទន្ទឹមនេះ ក្រុមការងារត្រួតពិនិត្យចល័តរបស់ក្រសួង បាននិងកំពុងចុះប្រតិបត្តិការត្រួតពិនិត្យយានយន្តនៅចំណុចគោលដៅសំខាន់ៗ និងទីតាំងផ្សេងៗទៀតទូទាំងប្រទេស ដើម្បី ចាត់វិធានការច្បាប់ចំពោះយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដោយគ្មានការលើកលែង៕