(ព្រះសីហនុ)៖ ក្រុមហ៊ុនTNT Vietnam Forestry Company Limited បានបើករោងចក្រផលិតក្តារបន្ទះនៅកម្ពុជា ដើម្បីនាំចេញទៅផ្គត់ផ្គង់ទីផ្សារបរទេស។ រោងចក្រមានទីតាំងនៅខេត្តព្រះសីហនុ ត្រូវបានសម្ពោធកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។
ពិធីនេះបានធ្វើឡើងដោយមានការអញ្ជើញចូលរួមពី Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា, លោល កឹម ស៊ីថន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាCDC, លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ, ឧកញ៉ា ឡេង រិទ្ធី ប្រធានសមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា និងលោក Vu Minh Quang អគ្គនាយក ក្រុមហ៊ុនTNT Vietnam Forestry Company Limited។
នៅក្នុងឱកាសនោះលោក Vu Minh Quang អគ្គនាយក ក្រុមហ៊ុនTNT Vietnam Forestry Company Limited បានលើកឡើងថា រោងចក្រផលិតកម្ទេចឈើរបស់ក្រុមហ៊ុននៅខេត្តព្រះសីហនុ ដែលបានសម្ពោធនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយបង្ហាញពីការចាប់ផ្តើមនៃដំណើរនៃការផលិត និងនាំចេញទៅកាន់ទីផ្សារបរទេសដូចជា ប្រទេសវៀតណាម ជប៉ុន កូរ៉េ ចិន ម៉ាឡេស៊ី បណ្តាប្រទេសនៅអឺរ៉ុប ។ល។ ជាមួយនឹងអនុភាព ៥០០,០០០តោននៃកម្ទេចឈើស្ងួតក្នុងមួយឆ្នាំ។
លោកអគ្គនាយកបន្តថា នៅពេលរោងចក្រដំណើរការនឹងរួមចំណែកបង្កើតការងារផ្ទាល់សម្រាប់កម្មករកម្ពុជាប្រមាណ ៥០នាក់នៅក្នុងរោងចក្រ និងមិនផ្ទាល់ជាង ៣០០០នាក់នៅតាមមូលដ្ឋាន។
ដើម្បីបម្រើដល់ច្រវាក់ផលិតកម្ម ក្រុមហ៊ុនគ្រោងដាំឈើលើផ្ទៃដីប្រមាណផ្ទៃប្រមាណ ១៥០០០ហិកតា ក្នុងរយៈពេល៥ឆ្នាំនិងដាំកូនឈើប្រមាណ ២០លានដើមក្នុងមួយឆ្នាំ។
តាមការរំពឹងទុក ដល់ឆ្នាំ២០៣០ ក្រុមហ៊ុននឹងដាក់ឱ្យដំណើរការរោងចក្រផលិតកម្ទេចឈើចំនួន៥ រោងចក្រកែច្នៃឈើចំនួន២ ដាំដើមឈើឱ្យបានចំនួន១៥០០០ហិកតា បង្កើតការងារដោយផ្ទាល់ និងដោយប្រយោលប្រមាណ២ម៉ឺននាក់។
លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បានលើកឡើងថា ការវិនិយោគរបស់ក្រុមហ៊ុន TNT Vietnam គឺជាចំណុចល្អនៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា និងវៀតណាម។ វាបង្ហាញពីក្តីសង្ឃឹម និងសេដ្ឋកិច្ចដែលពង្រឹងស្ថិរភាពក្នុងតំបន់។
ក្នុងឱកាសនៃការអញ្ជើញចូលរួមក្នុងពិធីខាងលើនេះ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា
រោងចក្រនេះ ជាគំរូនៃការប្រើប្រាស់ធនធានយ៉ាងមានប្រសិទ្ធភាព។ វាបង្ហាញពីទស្សនៈវិនិយោគរបស់កម្ពុជា ដែលផ្តោតលើបរិស្ថាន, ការងារ និងការរីកចម្រើនប្រកបដោយនិរន្តរភាព។
លោក ជា វុទ្ធី បានគូសបញ្ជាក់ថា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ គម្រោងវិនិយោគក្នុងវិស័យកែច្នៃឈើ និងការផលិតគ្រឿងសង្ហារឹម មានចំនួន៦៨ ជាមួយទុនវិនិយោគប្រមាណ ៥៧៥លានដុល្លារអាម៉េរិក។ លោក ជា វុទ្ធី សង្ឃឹម យ៉ាងមុតមាំថា ក្រុមហ៊ុន TNTVN Forestry នឹងចូលរួមជាមួយក្រុមហ៊ុនកែច្នៃឈើ និងផលិតគ្រឿងសង្ហារឹមផ្សេងៗទៀត ដែលកំពុងប្រតិបត្តិការនៅកម្ពុជា ប្រកបដោយភាពជោគជ័យ។
លោក កឹម ស៊ីថន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានថ្លែងថា ការវិនិយោគរបស់ក្រុមហ៊ុន គឺជាការលើកសម្ព័ន្ធភាពសេដ្ឋកិច្ចរវាងប្រទេសទាំងពីរផងដែរ។ លោកបន្តថាTNT បានជួយលើកស្ទួយវិស័យពាណិជ្ជកម្មក្នុងការបង្កើនការនាំចេញផលិតផលទៅក្រៅប្រទេសផងដែរ៕