(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ស្នើឲ្យចិនជួយជំរុញអ្នកវិនិយោគ ឲ្យបានច្រើន ដើម្បីរៀបចំពិព័រណ៌ត្រីទន្លេសាប រួមទាំងកន្លែងកម្សាន្ដផ្សេងៗទៀត ក្នុងការបំពេញនូវតម្រូវការ របស់ភ្ញៀវទេសចរ បានស្នាក់នៅយូរថ្ងៃក្នុងខេត្តសៀមរាប បន្ទាប់ពីបានទស្សនាប្រាង្គប្រាសាទ និងរមណីដ្ឋានធម្មជាតិ។
ការជំរុញបែបនេះ របស់លោកអភិបាលខេត្ត ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦នេះ ក្នុងជំនួបពិភាក្សាការងារវិនិយោគ ជាមួយប្រតិភូក្រុមហ៊ុនវិនិយោគ ខេត្តជាំងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន នៅការិយាល័យផ្ទាល់របស់លោកអភិបាលខេត្ត ដើម្បីពិភាក្សាលើវិស័យទេសចរណ៍ កសិកម្ម និងវិស័យវិនិយោគផ្សេងៗ នៅខេត្តសៀមរាប ដែលជាខេត្តមានសក្តានុពលយ៉ាងខ្លាំង លើវិស័យទាំងនោះ។
លោក ឃឹម ប៊ុនសុង ក៏បានលើកឡើងពីសក្តានុពល និងការងារសន្តិសុខ សុវត្ថិភាព របស់ខេត្ត បានរក្សាបានល្អជូនដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត នៅតាមតំបន់រមណីយដ្ឋានវប្បធម៌ និងធម្មជាតិ ហើយក្រៅពីវិស័យទេសចរណ៍ ខេត្តសៀមរាបមានផ្ទៃដីកសិកម្មច្រើន ដែលនឹងបំពេញតម្រូវការជូនដល់អ្នកវិនិយោគ ហើយជាសំខាន់នោះ តម្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងចាំបាច់នោះ គឺបច្ចេកទេសកសិកម្ម ដើមី្បធានា បាននូវគុណភាពដីបង្កបង្កើនផល ព្រមទាំងម៉ាស៊ីនសម្ងួតស្រូវទៀតផង។ បន្ថែមពីនេះ លោកអភិបាលខេត្ត បានសំណូមពរ ដល់គណៈប្រតិភូ ក្នុងការជំរុញអ្នកវិនិយោគ ដើមី្បធ្វើការរៀបចំទីតាំងពិពណ៌ត្រីទន្លេសាប រួមទាំងទីកន្លែងកម្សាន្ត ផេ្សងៗទៀត ក្នុងការបំពេញនូវតម្រូវការរបស់ភ្ញៀវទេសចរ បានស្នាក់នៅយូថ្ងៃនៅខេត្តសៀមរាប បន្ទាប់ពីបានទៅ ទស្សនាតាមប្រាង្គប្រាសាទ និងរមណីយដ្ឋានធម្មជាតិ ហើយបានបញ្ជាក់ពីតម្រូវការរបស់ខេត្ត ក្នុងការពង្រីកនូវក្រុងរណប ដើម្បីបំពេញតម្រូវការភ្ញៀវទេសចរ សម្រាប់ពេលអនាគត ដែលកំណើនភ្ញៀវទេសចរ កើនឡើងផងដែរ។
ជាងនេះទៅទៀត លោក ឃឹម ប៊ុនសុង អភិបាលខេត្ត បានជំរុញបន្ថែមដល់ប្រតិភូ នូវទីផ្សារក្រពើនៅកម្ពុជា សំខាន់ខេត្តសៀមរាប ដែលជាខេត្តសម្បូរកសិដ្ឋានចិញ្ចឹមក្រពើ ដោយបច្ចុប្បន្នទីផ្សារក្រពើត្រូវ បានកំណត់ថ្លៃដោយឈ្មួញកណ្តាល ហើយលោកក៏បាន លើកឡើងអំពីគម្រោងការពង្រីកអេកូទេសចរណ៍ នៅខេត្តសៀមរាប ក្រោមកិច្ចសហការជា មួយក្រសួងទេសចរណ៍ អាជ្ញាធរជាតិអប្សរា ក្នុងគោលដៅបង្កើននូវប្រាក់ចំណូលជូនប្រជាពលរដ្ឋ តាមមូលដ្ឋាន៕