(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) បានឱ្យដឹងថា អតិថិជនគម្រោងភូមិមរតកខេត្តស្វាយរៀង ដែលបង់ប្រាក់គ្រប់ចំនួន ១០០% និងកំពុងបង់ប្រាក់រំលោះប្រចាំខែ ត្រូវមកដាក់ពាក្យស្នើសុំចុះបញ្ជីផ្ទេរកម្មសិទ្ធិនៅមន្ទីររៀបចំដែនដី។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួង ដ.ន.ស កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ដែលបណ្ដាញ Fresh News ទទួលបាន។

បើតាមសេចក្ដីជូនដំណឹងបានបញ្ជាក់ថា ក្រសួងបានដឹកនាំសម្របសម្រួលស្វែងរកដំណោះស្រាយជាបន្តបន្ទាប់ ពាក់ព័ន្ធករណីគម្រោងភូមិមរតក មានទីតាំងស្ថិតនៅភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដោយមានការចូលរួមយ៉ាងសកម្មពីសំណាក់អាជ្ញាធរខេត្តស្វាយរៀង, មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង តំណាងក្រុមហ៊ុនភូមិមរតក និងភាគីពាក់ព័ន្ធ។

ជាលទ្ធផល ក្រសួង ដ.ន.ស. បានដាក់ចេញនូវគោលការណ៍មួយចំនួនដូចខាងក្រោម៖

ទី១៖ អតិថិជនដែលបង់ប្រាក់តាមដំណាក់កាល ឬបង់រំលោះប្រចាំខែ ត្រូវផ្អាកការបង់ប្រាក់ចូលក្រុមហ៊ុន គម្រោង ភូមិមរតក ដែលស្ថិតនៅទីតាំងខាងលើ ជាបណ្តោះអាសន្ន និងរង់ចាំការជូនដំណឹងជាថ្មីពីក្រសួង ដ.ន.ស.។

ទី២៖ អតិថិជនដែលបានបង់ប្រាក់ថ្លៃលក់ទិញដីឡូតិ៍គ្រប់ចំនួន ១០០% និងអតិថិជនដែលកំពុងបង់ប្រាក់ រំលោះប្រចាំខែ នៅក្នុងគម្រោងភូមិមរតក ដែលស្ថិតនៅទីតាំងខាងលើ ត្រូវមកដាក់ពាក្យស្នើសុំចុះបញ្ជីផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នភាពព័ត៌មានពាក់ព័ន្ធនឹងការលក់ទិញ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តស្វាយរៀង តាមបែបបទ និងនីតិវិធីជាធរមាន នៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ដោយភ្ជាប់មកជាមួយនូវឯកសារពាកព័ន្ធដូចក្នុងសេចក្តីជូនដំណឹង៕