(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានពន្យល់អំពីទិដ្ឋភាពច្បាប់ ដើម្បីឆ្លើយតបទៅនឹងការរិះគន់ចំពោះតួនាទីព្រះមហាក្សត្រ នៅក្នុងរដ្ឋធម្មនុញ្ញ។ លោកថ្លែងថា កម្ពុជាប្រកាន់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលព្រះមហាក្សត្រឡាយព្រះហស្ថលេខា ក្រោយសភាអនុម័ត ហើយបើទ្រង់ មិនបានឡាយព្រះហត្ថទេ មានហេតុផលតែ២ប៉ុណ្ណោះ នោះគឺ ទ្រង់មានបេសកកម្មក្រៅប្រទេស និងទ្រង់ប្រឈួន។
ការថ្លែងបែបនេះរបស់លោកបណ្ឌិត សុខ ទូច បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សាតុមូលស្តីពី «ការបង្កើតចលនាតស៊ូនយោបាយក្រៅស្រុក» នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤។
លោកបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងថា «យើងដឹងហើយថា រដ្ឋធម្មនុញ្ញ គឺជាប្រព័ន្ធច្បាប់ដ៏រឹងមាំធំបំផុតសម្រាប់ទ្រទ្រង់នៃប្រទេសជាតិនីមួយៗ ហើយក្នុងមាត្រា១ នៃរដ្ឋធម្មនុញ្ញក៏បានចែងដែរថា ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រ ដែលព្រះមហាក្សត្រ ទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស...»។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជារូបនេះ បានបន្តថា នៅកន្លែងនេះមានអ្នកនយោបាយខ្លះ និងប្រជាជនខ្លះក៏មិនបានដឹងដែរ ដោយសារយើងខ្វះការផ្សព្វផ្សាយ ហើយលើកមតិថា ហេតុអ្វីបានព្រះមហាក្សត្រ ទ្រង់ឡាយព្រះហត្ថលេខាលើឯកសារនោះ? លោកបានបន្ថែមថា ដោយសារយើងមិនយល់ ព្រោះរដ្ឋធម្មនុញ្ញបានចែងហើយថា «រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ» អីចឹងប្រសិនបើសភាអនុម័តហើយ ព្រះអង្គម្ចាស់ ទ្រង់ត្រូវតែលាយព្រះហត្ថលេខា។
លោក បានសង្កត់ធ្ងន់ថា «ហេតុផលដែលទ្រង់មិនអាចលាយព្រះហត្ថលេខា មានតែពីរទេ គឺ ទីមួយ ព្រះអង្គយាងទៅបំពេញព្រះរាជបេសកកម្ម និងទីពីរ គឺព្រះអង្គប្រឈួន...នេះគឺជាហេតុផល ប្រសិនជាមិនមានហេតុផលនេះគឺមិនបាននោះទេ គឺប្រាសចាកនឹងរដ្ឋធម្មនុញ្ញ..»។
ជាមួយគ្នានេះ លោកបណ្ឌិតបានលើកឡើងផងដែរថា នៅក្នុងមាត្រា៥១ នៃរដ្ឋធម្មនុញ្ញ ចង់បញ្ជាក់ថា អំណាចរបស់ប្រជាជននៅក្នុងការចាត់ចែងជោគវាសនា ប៉ុន្តែនៅពេលប្រជាជនផ្ដល់អំណាចឱ្យហើយ ត្រូវយកអំណាចមកអនុវត្តទៅតាមកិច្ចសន្យា និងគោលនយោបាយរបស់ខ្លួន ដែលបានសន្យាជាមួយម្ចាស់ឆ្នោត ប្រសិនមិនគោរពសន្យាទេ ៥ឆ្នាំនឹងទម្លាក់ហើយ៕