(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីភាពបិទវគ្គមគ្គុទ្ទេសក៍វិមានឈ្នះឈ្នះ និងប្រវត្តិសាស្រ្តយោធា ជំនាន់ទី៤ ក្រោមទិសស្លោក «លើកកម្ពស់ការយល់ដឹង គឺលើកកម្ពស់ភាពទូលំទូលាយនៃការផ្សព្វផ្សាយគុណតម្លៃនៃសន្តិភាព» ដើម្បីផ្តល់ជាពុទ្ធិសំខាន់ៗ សម្រាប់ជាឧត្តមានុវត្តន៍ និងនវានុវត្តន៍ ជួយតម្រង់ទិសសម្រាប់ការបណ្តុះបណ្តាលមគ្គុទ្ទេសក៍វិមានឈ្នះឈ្នះ និងប្រវត្តិសាស្រ្តយោធា។

ពិធីនេះបានធ្វើឡើងនៅវិមានឈ្នះឈ្នះ នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ម្សិលមិញ វគ្គនេះបានធ្វើឡើងដោយអង្គភាពសេនាតេជោ សហការជាមួយវិទ្យាស្ថានប្រវត្តិសាស្រ្តយោធា ដោយមានការចូលពីសំណាក់នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាប្រធានក្រុមការងារសិក្សាស្រាវជ្រាវសាងសង់វិមានឈ្នះឈ្នះ ព្រមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ និងសិក្ខាកាមជាច្រើនរូបទៀត។

នាឱកាសនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គភាពសេនាតេជោ ដែលបានសហការជាមួយវិទ្យាស្ថានប្រវត្តិសាស្រ្តយោធា ដែលបានខិតខំប្រឹងប្រែងរៀបចំវគ្គមគ្គុទ្ទេសក៍វិមានឈ្នះឈ្នះ និងប្រវត្តិសាស្រ្តយោធារហូតដល់៤ជំនាន់ ដើម្បីទុកជាភស្តុតាងប្រវត្តិសាស្ត្រ នៃការតស៊ូរំដោះជាតិ ពីបាតដៃទទេរហូត មានសន្តិភាពពេញលេញ ដូចសព្វថ្ងៃនេះ ដូច្នេះយើងចេះថែរក្សាឱ្យ បានដាច់ខាត ត្រូវទប់ស្កាត់រាល់ការប៉ុនប៉ងបំផ្លិចបំផ្លាញសន្តិភាព ដែលបានដោយលំបាកនេះ ឱ្យខានតែបានជាដាច់ខាត ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបានក្នុងរយៈពេលពេញមួយថ្ងៃនេះ ប្រកបដោយលទ្ធផលផ្លែផ្កា។ តាមរយៈសិក្ខាសាលានេះមន្រ្តីតាមក្រសួង ស្ថាប័ន នាយទាហាន និងពលទាហានក្នុងកងយោធពលខេមរភូមិន្ទនឹងបន្តខិតខំសិក្សាស្រាវជ្រាវតឹកតាង ទីតាំង និងប្រើប្រាស់ពេលវេលាសម្រាប់ចងក្រងឯកសារប្រវត្តិសាស្រ្តឱ្យត្រឹមត្រូវសម្រាប់ប្រទេសជាតិ និងមនុស្សជាតិ និងឱ្យក្លាយជាឯកសារសច្ចភាពប្រវត្តិសាស្រ្ត សម្រាប់ធ្វើជាមេរៀនត្រីវិស័យតម្រង់ទិសសិក្សារៀនសូត្រនាពេលខាងមុខ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា សមិទ្ធផលដែលសម្រេចបាននាពេលកន្លងមក បានចង្អុលប្រាប់យ៉ាងជាក់ច្បាស់ថា នយោបាយឈ្នះឈ្នះ គឺជាមាគ៌ាដ៏ត្រឹមត្រូវតែមួយគត់ ដែលបានសម្រេចជ្រើសរើសយកមកប្រតិបត្តិដោយឥតងាករេ និងម៉ឺងម៉ាត់ក្លៀវក្លា ស្របតាមការដឹកនាំប្រកបដោយគតិបណ្ឌិត បញ្ញាញ្ញាណវាងវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងកំពុងបន្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ទន្ទឹមនឹងនេះដែរ សម្តេចពិជ័យសេនា បានបន្ថែមថា វគ្គមគ្គុទ្ទេសក៍វិមានឈ្នះ ឈ្នះ និងប្រវត្តិសាស្ត្រយោធា ជំនានទី៤ បានបង្កើតជាវេទិកាដ៏មានសារៈសំខាន់ និងគួរឱ្យចាប់អារម្មណ៍ បានចូលរួមពិគ្រោះពិភាក្សា ផ្លាស់ប្តូរមតិយោបល់ ចែករំលែកឱ្យគ្នាទៅវិញទៅមកនូវពុទ្ធិ សំដៅស្វែងយល់ឱ្យកាន់តែច្បាស់លាស់ និងស៊ីជម្រៅនូវធាតុស្នូលនៃនយោបាយឈ្នះឈ្នះ និមិត្តរូបសន្តិភាពតាំងបង្ហាញដោយវិមានឈ្នះឈ្នះ និងការរៀបចំតំបន់ប្រវត្តិសាស្ត្រយោធា តាមយោធភូមិភាគទី៣ ទី៤ និងទី៥ ព្រមទាំងយោធភូមិភាគដទៃទៀត។ ការអនុវត្តបណ្តុះបណ្តាល ត្រូវតែធានាបាននូវការផ្តល់មូលដ្ឋានចំណេះដឹងរឹងមាំនៃប្រវត្តិសាស្ត្រកម្ពុជា និងប្រវត្តិសាស្ត្រយោធា សម្រាប់ធ្វើបច្ចុប្បន្នភាពក្នុងពេល បំពេញភារកិច្ច និងការដាក់ចេញការសម្រេចចិត្តប្រកបដោយភាពត្រឹមត្រូវ ព្រមទាំងអាចចាប់យកបទពិសោធន៍ល្អៗ ដើម្បីបំពេញការងារឱ្យកាន់តែប្រសើរ កាន់តែមានការទទួលខុសត្រូវ កាន់តែមានប្រសិទ្ធភាព និងប្រកបដោយ មនសិការវិជ្ជាជីវៈ។ បែបនេះ នឹងសម្រេចបានគោលដៅផ្សព្វផ្សាយខ្លឹមសារនយោបាយឈ្នះឈ្នះ ជ្រួតជ្រាបគ្រប់ មជ្ឈដ្ឋានកងទ័ព និងសង្គមជាតិ។ ធ្វើបានដូច្នោះ ទាមទារនូវអ្នកនាំសារ ឬអ្នកមគ្គុទ្ទេសក៍ប្រកបដោយវិជ្ជាជីវៈ ដែលបានបណ្តុះបណ្តាលនាថ្ងៃនេះ។

បន្ថែមពីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា នយោបាយឈ្នះឈ្នះ បានប្រែក្លាយកម្ពុជាពីអតីតកាល ពីវាលពិឃាត តំបន់អសន្តិសុខ ចម្ការមីន ដែលមនុស្សគ្រប់គ្នាភ័យខ្លាច ក្លាយទៅជាប្រទេសមានសន្តិភាព មានការឯកភាពជាតិពេញលេញ ដោយបានប្រែក្លាយកម្ពុជា ជាតំបន់ទេសចរណ៍ដ៏ទាក់ទាឍញនៅក្នុងតំបន់អាស៉ីអាគ្នេយ៍។ សមិទ្ធផលនៃនយោបាយឈ្នះឈ្នះ បានផ្តល់នូវកាលានុវត្តន៍ភាពជាច្រើនសម្រាប់ប្រជាជនកម្ពុជាគ្រប់ៗរូប ខណៈសង្គម សេដ្ឋកិច្ចរបស់កម្ពុជា មានការរីកចម្រើនជាលំដាប់៕