(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មានអំពីករណីវិវាទដីធ្លី រវាងឈ្មោះ ពិន នង ជាមួយឈ្មោះ ជូ ពុន និងឈ្មោះ អ៊ូ ប៊ុនណារិទ្ធ ស្ថិតនៅភូមិគីឡូម៉ែត្រលេខ៤ ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ បច្ចុប្បន្នភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

តាមរយៈសេចក្ដីប្រកាសនោះបានឱ្យដឹងថា ក្រសួង ដ.ន.ស. គណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានស្រាវជ្រាវ និងពិនិត្យឃើញថា៖

ទី១៖ ឈ្មោះ ពិន នង មានបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុចំនួន ពាបណ្ណ មានលេខ Com 0417, Cνι 0419 និងលេខ Cvm 0422 ដែលបានចុះបញ្ជីនៅឆ្នាំ១៩៩៨ ស្ថិតភូមិគីឡូម៉ែត្រលេខ៤ ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានសំណុំឯកសារតម្កល់នៅរដ្ឋបាលសុរិយោដី។ ក្រោយមក ទីតាំងដីនេះ មានការកាន់កាប់ និងទិញលក់របស់ ឈ្មោះ ជូ ពុន និងឈ្មោះ អ៊ូ ប៊ុនណារិទ្ធិ។

ទី២៖ តាមការផ្តុំកំណត់ហេតុអង្កេតដីនៃបណ្ណទាំង៣ខាងលើ និងផ្នែកតាមផែនទីឋានលេខាជាផែនទីគោល ឃើញថា ទីតាំងដីខាងលើ បានវាស់ចេញពីបង្គោលគីឡូម៉ែត្រលេខ៧ តាមបណ្តោយផ្លូវជាតិលេខ៥ ប្រវែង ៧១៩ម៉ែត្រ និងវាស់ចេញទៅទិសខាងជើងប្រវែង ៣០០ម៉ែត្រ។

ទី៣៖ ចំពោះការអះអាងថា ទីតាំងដីរបស់ឈ្មោះ ពិន នង ស្ថិតនៅទីតាំងផ្សេងគ្នា មិនត្រួតជាន់ជាមួយទីតាំងដីរបស់ ឈ្មោះ ជូ ពុន និងឈ្មោះ អ៊ូ ប៊ុនណារិទ្ធ ដោយសំអាងលើការវាស់វែងយកតាមបង្គោលគីឡូម៉ែត្រលេខ៧ និង ការប្តូរឈ្មោះពីភូមិគីឡូម៉ែត្រលេខ៤ ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ មកជាភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នោះ ក្រសួង ដ.ន.ស. គណៈកម្មការសុរីយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី យល់ថា ពុំសមស្របទេ។

ទី៤៖ ករណីវិវាទនេះ តាមរយៈសាលក្រមនិងសាលដីការបស់តុលាការ សម្រេចច្រានចោលបណ្តឹងសាទុក្ខ ឧទ្ធរណ៍ របស់មេធាវីតំណាងដោយអាណត្តិឱ្យឈ្មោះ ជូ ពុន និងឈ្មោះ អ៊ូ ប៊ុនណារិទ្ធ ចោលជាអសារបង់ និងបង្គាប់ ឱ្យឈ្មោះ ជូ ពុន និងឈ្មោះ អ៊ូ ប៊ុនណារិទ្ធ ប្រគល់ដីទៅឱ្យឈ្មោះ ពិន នង វិញ។

ជាថ្មីម្ដងទៀត ក្រសួង ដ.ន.ស. គណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ពុំទទួលពិនិត្យដោះស្រាយករណីនេះទៀតទេ៕