(ភ្នំពេញ)៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ចង់ឃើញរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្ដឹងទៅកាន់ប្រទេសដែលទណ្ឌិត សម រង្ស៉ី កំពុងយកមូលដ្ឋានដើម្បីប្រកាសបង្កើតរាជរដ្ឋាភិបាលក្រៅប្រទេស ក្នុងគោលបំណង់ប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា។
ក្នុងកិច្ចពិភាក្សាតុមូលស្ដីពី «ការបង្កើតចលនាតស៊ូនយោបាយក្រៅប្រទេស» ដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤នេះ លោកបណ្ឌិតសភាចារ្យ សុខ ទូច ជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា ប្ដឹងបុគ្គល សម រង្ស៉ី នេះតែម្ដង។
លោកបណ្ឌិត សុខ ទូច បានលើកឡើងយ៉ាងដូច្នេះថា «បើសិនខ្ញុំជាសម្ដេចធិបតីនាយករដ្ឋមន្ដ្រី ខ្ញុំប្ដឹង (សម រង្ស៉ី) ទៅប្រទេសណាដែលកំពុងឈរតែម្ដង ដើម្បីកម្ទេចការបង្កើតចលនាក្រៅប្រទេសនេះ។ ក្នុងរយៈពេល៥ឆ្នាំម្ដង អ្នកមានសិទ្ធិជ្រើសរើស មិនអាចបង្កើតរដ្ឋាភិបាលនៅក្រៅប្រទេសបានទេ»។
បើតាមលោកបណ្ឌិតសភាចារ្យ, នៅលើពិភពលោកនេះគ្មានប្រទេសណាមួយដែលទទួលបានជោគជ័យ តាមរយៈការបង្កើតចលនាបដិវត្តន៍ពណ៌ដើម្បីប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់នោះទេ។ បដិវត្តន៍ពណ៌នេះមិនចំណេញដល់ប្រទេសណាមួយនោះទេ ពោលជាក់ស្ដែងដូចជានៅមជ្ឈឹមបូព៌ា តុយនេស៉ី លីប៊ី អ៊ុយក្រែន ដែលកំពុងក្លាយទៅជាគំនរផេះផង់។
ស្រដៀងគ្នានេះ លោក ប៉ែន បូណា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ការបង្កើតចលនាតស៊ូនៅក្រៅប្រទេសរបស់ ទណ្ឌិត សម រង្ស៉ី ក្នុងកាលៈទេសៈបច្ចុប្បន្ននេះដែលក្រៅប្រព័ន្ធបោះឆ្នោត គឺជាការប៉ុនប៉ងអូសទាញប្រទេសកម្ពុជា ឲ្យធ្លាក់ដើរថយក្រោយរាប់សិបឆ្នាំ។
លោក ប៉ែន បូណា បានគូសបញ្ជាក់ថា អ្វីដែលគួរឲ្យហួសចិត្តថែមទៀតនោះ អ្នកដែលបង្កើតចលនាតស៊ូក្រៅប្រព័ន្ធបោះឆ្នោតបានអួតខ្លួនថា ជាអ្នកប្រជាធិបតេយ្យ។ លោកយល់ថា មិនមានប្រជាធិបតេយ្យឯណាដែលផ្ដួលរលំរាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោតនោះ ព្រោះខុសពីគោលការណ៍ប្រជាធិបតេយ្យ ហើយគ្មានទេក្នុងពិភពលោកនេះ
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះ បានអះអាងទៀតថា នៅក្នុងស្រុកទណ្ឌិត សម រង្ស៉ី ជាអ្នកដែលមានជំនាញដើរញុះញង់ បំផ្ទុះកំហឹង បង្កហិង្សាក្នុងសង្គម ដែលគេហៅបុគ្គលរូបនេះថាជា «ដង្ខៅបាតុកម្ម»។ លោកបន្ថែមថា ទណ្ឌិតរូបនេះ តែងដើរញុះញង់ និងមានគោលបំណងបញ្ឆេះកំហឹង ធ្វើឲ្យមានហិង្សាវឹកវរក្នុងសង្គម និងធ្វើឲ្យមានមនុស្សរបួស បង្ហូរឈាម និងមានមនុស្សស្លាប់ថែមទៀត៕