(ភ្នំពេញ)៖ លទ្ធផលនៃការសិក្សាស្រាវជ្រាវតាមដានជីវៈចម្រុះដោយម៉ាស៊ីនថតស្វ័យ ប្រវត្តិនៅដែនជម្រកសត្វព្រៃលំផាត់ចេញផ្សាយ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ បានបញ្ជាក់ថា ដែនជម្រកសត្វព្រៃលំផាត់ នៅតែជាជម្រកដ៏សំខាន់សម្រាប់សត្វព្រៃធំៗ និងប្រភេទសត្វកម្រដូចជាទន្សោង ខ្ទីង និងស្វាកន្ទុយស ជិតផុតពូជបំផុតដែលពួកវាមានតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ីនៅក្នុងព្រៃ។
ការសិក្សានេះ ត្រូវបានអនុវត្តដោយអង្គការជីវិតធម្មជាតិនៅកម្ពុជា និងក្រសួងបរិស្ថាន ក្រោមមូលនិធិរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈសកម្មភាព USAID មរតកបៃតង ចាប់ពីខែសីហា ឆ្នាំ ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៤។ គោលបំណង គឺដើម្បីវាស់ស្ទង់ទិន្នន័យ ពីប្រភេទថនិក សត្វដ៏មានតម្លៃ និងផ្តល់បច្ចុប្បន្នភាពសម្រាប់ធ្វើការអភិរក្ស ក្រោមគម្រោងរេដបូកលំផាត់។
លទ្ធផលនៃការសិក្សានេះ កាមេរ៉ាស្វ័យប្រវត្តិបានថតសត្វព្រៃបានចំនួន២៨ប្រភេទដែលមានទំហំផ្សេងៗគ្នារាប់ចាប់តាំងពីសត្វខ្ទីង ដែលជាប្រភេទអំបូរសត្វពាហនៈ មានមាឌធំជាងគេនៅលើពិភពលោក រហូតដល់ប្រភេទសត្វក្តាន់ញ៉ែង ដែលជាប្រភេទអំបូរក្តាន់តូចជាងគេបំផុតទីពីរ នៅលើពិភពលោកផងដែរ។ ហើយក៏មានប្រភេទសត្វព្រៃជាច្រើនទៀត ត្រូវបានចាត់ថ្នាក់ក្នុងប្រភេទកំពុងរងគ្រោះខ្ពស់ក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN Red List) ដែលក្នុងនោះមានសត្វពីរប្រភេទស្ថិតក្នុងស្ថានភាពជិតផុតពូជបំផុត គឺសត្វស្វាកន្ទុយស និងសត្វទន្សោង ជាចំណាត់ថ្នាក់ដែលងាយ នឹងឈានដល់ការផុតពូជបើសិនជាមិនមានការការពារទេនោះ។
លោក ប៊ូ វរសក្ស នាយកអង្គការជីវិតធម្មជាតិនៅកម្ពុជា បាថ្លែងថា៖ «ការសិក្សានេះបញ្ជាក់ថា ដែនជម្រកសត្វព្រៃលំផាត់ដែលជាទីតាំងកំពុងអនុវត្តគម្រោងរេដបូកនេះពិតជាមានសារៈសំខាន់ជាសកល។ វត្តមាននៃប្រភេទសត្វដ៏អស្ចារ្យដូចជា៖ ខ្ទីង និងទន្សោង បានបង្ហាញពីតម្រូវការកិច្ច ខិតខំប្រឹងប្រែងអភិរក្សរួម គ្នាដើម្បីការពារជម្រកព្រៃឈើដ៏សំខាន់ដែលនៅសេសសល់នេះ។ ក្រៅពីនេះដែនជម្រកសត្វព្រៃលំផាត់បាននឹងកំពុងផ្តល់ទីជម្រកដល់សត្វស្លាបតំណាងជាតិរបស់កម្ពុជា គឺសត្វត្រយងយក្ស រួមជាមួយនឹងប្រភេទសត្វជិតផុតពូជបំផុតផ្សេងៗទៀតដូចជាសត្វត្រយងចង្កំកស និងសត្វត្មាតភ្លើងផងដែរ។ អង្គការជីវិតធម្មជាតិនៅកម្ពុជា សូមអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមជាមួយក្រសួងបរិស្ថាន ដើម្បីការពារតំបន់ទេសភាពដ៏វិសេសនេះសម្រាប់កូនចៅជំនាន់ក្រោយរបស់យើង»។
លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា៖ «ជម្រកសត្វព្រៃលំផាត់ គឺជាតំបន់ការពារធម្មជាតិមួយ ក្នុងចំណោមតំបន់គម្រោងរេដបូកនៅក្នុងប្រទេសកម្ពុជា កំពុងរៀបចំនិងអនុវត្តគម្រោងរេដបូកសម្រាប់ឥណទានកាបូន (REDD+) បានល្អ ដូចនៅតំបន់នានាផ្សេងទៀត នៅក្នុងប្រទេសកម្ពុជា។ កន្លងមកក្រសួងបរិស្ថានបានដាក់ចេញនូវវិធានការ៤ចំណុច ដើម្បីធានាបាននូវការការពារ និងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព តំបន់ការពារធម្មជាតិដែលសម្បូរដោយព្រៃឈើ សត្វព្រៃ និងជីវៈចម្រុះផ្សេងៗជាច្រើនទៀត។
លទ្ធផលនៃការសិក្សារួមគ្នាកន្លងមកនេះ បានបញ្ជាក់សារជាថ្មីនូវការយកចិត្តទុកដាក់របស់កម្ពុជា ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ និងបានលើកកម្ពស់ជីវភាពប្រជាសហគមន៍កាន់តែប្រសើរនៅក្នុងតំបន់ទាំងនោះ ស្របតាមយុទ្ធសាស្រ្ត និងគោលនយោបាយជាតិរបស់រាជរដ្ឋាភិបាល ក្នុងនោះក្រសួងបរិស្ថាន បានដាក់ចេញនូវ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅធានាសម្រេចគោលដៅកម្ពុជា មានគម្របព្រៃឈើកើនឡើងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។
អ្នកស្រី Kerry Pelzman នាយិកាបេសកកម្មនៃទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការ អភិវឌ្ឍ អន្តរជាតិ (USAID) បានលើកឡើងថា៖ «កិច្ចសហការរបស់ USAID ជាមួយក្រសួងបរិស្ថាន និងអង្គការជីវិតធម្មជាតិនៅកម្ពុជាឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើង ចំពោះការអភិរក្សជីវៈចម្រុះ នៅកម្ពុជានិងទទួលស្គាល់ពីតួនាទីដ៏សំខាន់របស់ប្រព័ន្ធធម្មជាតិ ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព និងកាត់បន្ថយការបំភាយឧស្ម័នកាបូនឱ្យនៅត្រឹមសូន្យ។ USAID ពិតជាមានមោទនភាពក្នុងការគាំទ្រកម្មវិធីដែលពង្រឹងភាពក្លាហានដល់សហគមន៍ជនជាតិដើមភាគតិច ក្នុងការលើកកម្ពស់ជីវភាពរបស់ពួកគេ ស្របពេលជាមួយគ្នានៃការចូលរួមការពារធនធានធម្មជាតិ និងប្រភេទសត្វជិតផុពូជរបស់កម្ពុជាផងដែរ»។
ដែនជម្រកសត្វព្រៃលំផាត់ គឺជាតំបន់ការពារមួយក្នុងចំណោមតំបន់ការពារដ៏ធំបំផុតរបស់ប្រទេសកម្ពុជា និងមានប្រភេទជីវៈចម្រុះដែលមិនអាចជំនួសបានផ្សារភ្ជាប់ជាមួយទីជម្រកសត្វព្រៃផ្សេងៗគ្នាជាច្រើន។ ដែនជម្រកនេះក៏ទ្រទ្រង់ជីវិតសត្វ ជិតផុតពូជបំផុតជាច្រើនប្រភេទដូចជាត្មាតភ្លើង ត្រយងយក្ស និងត្រយង ចង្កំកស ក៏ដូចជាប្រភេទសត្វស្លាបកម្រដ៏អស្ចារ្យដូចជា៖ ក្រៀល និងក្ងោកផងដែរ។ តំបន់ទេសភាពនេះក៏បានទ្រទ្រង់ជីវភាពរបស់សហគមន៍ និងជនជាតិដើមភាគតិចដែលរស់នៅក្នុង និងជុំវិញតំបន់ព្រៃឈើនេះផងដែរ។ ពួកគាត់ភាគច្រើនរស់នៅពឹងផ្អែកយ៉ាងខ្លាំងលើអនុផល និងសេវាកម្មដែលផ្តល់ដោយប្រព័ន្ធអេកូឡូស៊ីនៅក្នុងដែនជម្រកសត្វព្រៃសម្រាប់ចិញ្ចឹមជីវិត។
ក៏ប៉ុន្តែក្នុងរយៈពេលពីរទស្សវត្សរ៍ចុងក្រោយនេះ តំបន់ទេសភាពលំផាត់ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសកម្មភាពមនុស្សលក្ខណៈទ្រង់ទ្រាយធំដែលនាំទៅដល់ការបាត់បង់ព្រៃឈើ ការរិចរិលព្រៃឈើ និងការបាត់បង់ជីវៈចម្រុះ។ កត្តាចម្បងនៃការបាត់បង់ព្រៃឈើ និងជីវៈចម្រុះរួមមានការទន្ទ្រានព្រៃឈើ សម្រាប់ការពង្រីកកសិកម្ម ការកាប់ឈើខុសច្បាប់ និងការបរបាញ់សត្វព្រៃខុសច្បាប់ជាដើម។
ក្រសួងបរិស្ថាន និងអង្គការជីវិតធម្មជាតិនៅកម្ពុជា បាននឹងកំពុងធ្វើការការពារព្រៃឈើ និងសត្វព្រៃ នៅក្នុងតំបន់នេះ តាមរយៈគំនិតផ្តួចផ្តើមអភិរក្សផ្សេងៗជាច្រើនឆ្នាំមកហើយ ហើយកិច្ចខិតខំប្រឹងប្រែងទាំងនេះសង្ឃឹមថានឹងត្រូវបានជំរុញឱ្យកាន់តែខ្លាំងតាមរយៈការអនុវត្តគម្រោងរេដបូកលំផាត់ ដែលទទួលបានការគាំទ្រ និងថវិកាពី USAID មរតកបៃតង។ គម្រោងរេដបូកនេះផងដែរ នឹងជួយការពារព្រៃឈើសម្រាប់ស្តុកទុកកាបូនបង្កើនឱកាសវិនិយោគពង្រីកសកម្មភាពអភិរក្សជីវៈចម្រុះ និងការលើកកម្ពស់ជីវភាពសហគមន៍។ សកម្មភាពទាំងនេះរួមមានការស្តារទីជម្រកនៅតំបន់ព្រៃដីសើម ការពង្រឹងការចូលរួមរបស់សហគមន៍មូលដ្ឋានក្នុងការល្បាត និងរួមគ្នាគ្រប់គ្រងធនធានធម្មជាតិរបស់ពួកគេការលើកកម្ពស់កម្មវិធីដាំស្រូវសរីរាង្គ មិត្តភាពសង្រ្គោះសត្វព្រៃ (អាយ ប៊ីសរ៉ាយស៍) កម្មវិធីស្វាយចន្ទីគ្មានការកាប់បំផ្លាញព្រៃឈើ និងការពង្រឹងភាពអង់អាចដល់យុវជនក្នុងការអភិរក្សជាដើម។
គោលដៅសំខាន់មួយនៃគម្រោងរេដបូកគឺការផ្តល់អត្ថប្រយោជន៍បន្ថែមក្នុងការ ការពារ ព្រៃឈើ និងជីវៈចម្រុះ។ អង្គការជីវិតធម្មជាតិនៅកម្ពុជា ដែលពីមុនគឺជាកម្មវិធីរបស់ប្រចាំកម្ពុជារបស់ BirdLife International និងក្រសួងបរិស្ថានមានទិន្នន័យលម្អិតអំពីប្រភេទសត្វស្លាប ដែលមានអាទិភាពខ្ពស់រយៈពេលជាង ដប់ឆ្នាំមកហើយ ក៏ប៉ុន្តែ នេះគឺជាការវាស់ស្ទង់ទិន្នន័យ តាមម៉ាស៊ីនថតស្វ័យប្រវត្តិទ្រង់ទ្រាយធំលើកដំបូង ដែលផ្តោតលើប្រភេទថនិកសត្វ។ ហេតុដូច្នេះហើយ ការសិក្សាស្រាវជ្រាវតាមដានជីវៈចម្រុះនេះត្រូវបានធ្វើឡើងជាលក្ខណៈប្រព័ន្ធដែលគ្របដណ្តប់លើផ្ទៃដី ១,២៧២គីឡូម៉ែត្រការ៉េ នៃតំបន់គម្រោងរេដបូក។
ជាមួយនឹងកាមេរ៉ាចំនួន ៤០ត្រូវបានដាក់ក្នុងរយៈពេល ៧៤២៨ថ្ងៃសម្រាប់ថតយករូបភាពការសិក្សានេះបានបង្ហាញថាលំផាត់ នៅតែជាជម្រកដ៏សំខាន់ និងជាកន្លែងដ៏រឹងមាំសម្រាប់ប្រភេទសត្វដែលងាយរងគ្រោះជាច្រើនរួមទាំងថនិកសត្វ ជាច្រើនប្រភេទដែលពេលនេះត្រូវបានបាត់បង់យ៉ាងគួរឱ្យសោកស្តាយពីកន្លែងភាគច្រើននៅភូមិភាគអាស៊ី អាគ្នេយ៍។ លទ្ធផលនៃការស្រាវជ្រាវនេះក៏ផ្តល់នូវព័ត៌មានមូលដ្ឋានដ៏រឹងមាំមួយ សម្រាប់ការបន្តតាមដានពីប្រសិទ្ធភាពនៃ សកម្មភាពអភិរក្សក្រោមគម្រោងរេដបូក ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ទៅមុខទៀតផងដែរ៕